គុនមីង ៖ លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមពិព័រណ៍ "កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០១៨ (2018 Lancang-Mekong Cooperation Exposition" នៅទីក្រុងគុនមីង ប្រទេសចិន ចាប់ពីថ្ងៃទី២៣ ដល់ ២៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
ពិព័រណ៍នេះ ត្រូវបានសម្ពោធបើកនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក ជិន ហាវ (Chen Hao) អភិបាលខេត្តយូណាន ក្នុងគោលបំណងជំរុញការនាំចេញនាំចូល និងដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងប្រទេសអនុតំបន់ទន្លេមេគង្គដូចជា កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។
នៅក្នុងឱកាសនោះ លោក ឈួន ដារ៉ា បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក។លោករដ្ឋលេខាធិការ បានបន្ថែមទៀតថា នៅក្រោមក្របខណ្ឌខ្សែក្រវាត់ និងផ្លូវ បានរួមចំណែកបង្កើតគំរូល្អ ក្នុងការកសាងរចនាសម្ព័ន្ធថ្មី សម្រាប់សហគមន៍អន្តរជាតិ ដោយធ្វើការសម្របសម្រួល និងបង្កើតវេទិកាថ្មី សម្រាប់ពង្រឹងសហប្រតិបត្តិការ និងពន្លឿនការអភិវឌ្ឍពាណិជ្ជកម្ម តាមរយៈពាណិជ្ជកម្មអេឡិចត្រូនិក (E-commerce)។
ទន្ទឹមគ្នានោះដែរ លោក ឈួន ដារ៉ា ក៏បានដឹកគណប្រតិភូកម្ពុជា ចូលរួមវេទិកា Dianchi ដែលប្រព្រឹត្តិទៅក្រោមប្រធានបទ “ដើម្បីពន្លឿនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងកាត់ព្រំដែន (To accelerate interconnection-border economic cooperation) ដែលជាផ្នែកមួយនៃពិព័រណ៍កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ នៅក្នុងវេទិកានោះ អង្គប្រជុំបានពិភាក្សាអំពីការធ្វើសមាហរណកម្ម និងការដាក់ចេញនូវយុទ្ធសាស្ត្រជាតិ ជាពិសេសទិសដៅផែនការសកម្មភាព ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ Lancang-Mekong នៅតាមប្រទេសអនុតំបន់ទន្លេមេគង្គ។
បន្ថែមលើសនោះទៀត លោក ឈួន ដារ៉ា និងគណៈប្រតិភូ បានអញ្ជើញទស្សនាស្តង់ពិព័រណ៍កម្ពុជា ដែលមានក្រុមហ៊ុនចូលរួមចំនួន១៤ និងមានស្តង់ចំនួន ១៥ ដើម្បីដាក់បង្ហាញផលិតផលប្រើប្រាស់ប្រចាំថ្ងៃ គ្រឿងចម្លាក់ គ្រឿងអលង្ការ សូត្រប្រណិត និងក្រណាត់ ជាដើម៕
Source: Kampuchea Thmey Daily
0 Comments