ភ្នំពេញ ៖ របាយការណ៍ថ្មីៗអំពីកម្មវិធី «Smashed Project» ដែលបានឧបត្ថម្ភដោយអង្គការ APIWSA បានបង្ហាញពីភាពជោគជ័យដ៏ល្អប្រសើរ ដោយបានជួយពង្រឹងស្មារី និងអប់រំសិស្សានុសិស្សឲ្យយល់ដឹងកាន់តែច្បាស់អំពីផលប៉ះពាល់អវិជ្ជមាននៃការពិសាគ្រឿងស្រវឹង។
ដោយបានឧបត្ថម្ភដោយអង្គការ Asia Pacific International Wine and Spirits Alliance (APIWSA) ដែលជាផ្នែកមួយនៃយុទ្ធនាការ DrinkSafe4KH ការដាក់ផ្សាយនេះត្រូវបានអនុវត្តដោយគម្រោង «Smashed Project» នៅក្នុងប្រទេសកម្ពុជា ដែលជាកម្មវិធីល្ខោនអប់រំក្នុងគោលបំណងដាស់តឿនដល់យុវជនអំពីគ្រោះថ្នាក់នៃការពិសាគ្រឿងស្រវឹងដោយមិនទាន់គ្រប់អាយុ និងខ្វះទំនួលខុសត្រូវ។
កម្មវិធីអប់រំដែលមានដើមកំណើតនៅចក្រភពអង់គ្លេសមួយនេះ ឥឡូវនេះកំពុងត្រូវបានអនុវត្តនៅក្នុង ១៥ប្រទេស ដោយប្រើប្រាស់វិធីសាស្ត្រវាយតម្លៃបន្ទាប់ពីសិក្ខាសាលាអន្តរកម្មនីមួយៗ ដើម្បីកំណត់ពីប្រសិទ្ធភាពនៃគម្រោង «Smashed Project» នៅតាមតំបន់ណាមួយ។ យោងតាមការស្ទង់មតិដ៏ធំមួយដែលបានធ្វើឡើងក្នុងចំណោមសិស្សានុសិស្សកម្ពុជាដែលបានមើលការសម្តែង និងបានចូលរួមក្នុងកម្មវិធីនេះ គម្រោង «Smashed Project» ដែលបានចាប់ផ្តើមនៅក្នុង ខែមេសា ឆ្នាំ២០១៨ និងបានដាក់ទស្សនាជូនសិស្សចំនួន ៦.០២១ នាក់រហូតដល់សព្វថ្ងៃនេះ បានបង្ហាញរួចទៅហើយថា មានប្រសិទ្ធភាពក្នុងការអប់រំ និងដាស់តឿនសិស្សានុសិស្សខ្មែរគ្រប់រូបឲ្យយល់ដឹងអំពីឥរិយាបថអវិជ្ជមាននៃការពិសាគ្រឿងស្រវឹងដោយខ្វះការទំនួលខុសត្រូវ។ បន្ទាប់ពីបានចូលរួមក្នុងកម្មវិធីផ្សាយផ្ទាល់នៃគម្រោង Smashed មានចំនួនសិស្សដល់ទៅ ៣៣% បាននិយាយដោយមានភាពជឿជាក់ថា ពួកគេបានយល់ដឹងយ៉ាងច្រើនអំពីគ្រោះថ្នាក់នៃពិសាគ្រឿងស្រវឹងនៅវ័យក្មេងហើយ ១៥% ទៀតបាននិយាយថា ពួកគេមានទំនុកចិត្តថា ពួកគេនឹងបង្កើនភាពប្រុងប្រយ័ត្នអំពីការពិសាគ្រឿងស្រវឹង។
យុទ្ធនាការ DrinkSafe4KH របស់អង្គការ APIWSA ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ មានគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹងលើការបើកបរ គាំទ្រដល់កម្មវិធីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការខិតខំដើម្បីបង្កើនសុវត្ថិភាពចរាចរណ៍ជូនប្រជាពលរដ្ឋកម្ពុជា៕
Source: Kampuchea Thmey Daily
0 Comments