Ad Code

វី​ង បានឈ្នះ​ពានរង្វាន់ "​សហគ្រាស​សង្គម ដែលមាន​និរន្ត​ភាព​"និង "​សហគ្រាស​ខ្នាតតូច​ និង​មធ្យម ដែលមាន​ការរីកចម្រើន​" នៅក្នុង​កម្មវិធី​ពានរង្វាន់​ធុរកិច្ច​អាស៊ាន ប្រចាំឆ្នាំ ២០១៨



ភ្នំពេញ ​៖ ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត បាន​ទទួល​ពានរង្វាន់​ចំនួន​២ នៅក្នុង​កម្មវិធី​ពានរង្វាន់​ធុរកិច្ច​អាស៊ាន ប្រចាំឆ្នាំ​២០១៨ កាលពី​រាត្រី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​កន្លងទៅនេះ នៅ​សណ្ឋាគារ Ritz-Carlton ក្នុងប្រទេស​សិង្ហ​បុរី​។



ពានរង្វាន់​ទាំង ២ នេះ​រួមមាន ពាន "​សហគ្រាស​សង្គម ដែលមាន​និរន្ត​ភាព​" និង "​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម ដែលមាន​ការរីកចម្រើន​"។​

​នេះ​គឺជា​ឆ្នាំ​ទី២​ហើយ​ ដែល វី​ង បានទទួល​ពានរង្វាន់ នៅក្នុង​កម្មវិធី​ពានរង្វាន់​ធុរកិច្ច​អាស៊ាន បន្ទាប់​ពី​ធនាគារ​មួយ​នេះ បានទទួល​ពាន "​សហគ្រាស​ជោគជ័យ​បំផុត​ទាំង​៥ ក្នុង​តំបន់​អាស៊ាន​" កាលពី​ឆ្នាំ​២០១៧​។

​គណៈកម្មការ​ផ្តល់រ​ង្វាន់​របស់​កម្មវិធី​ពានរង្វាន់​ធុរកិច្ច​អាស៊ាន (ABA) បាន​និយាយថា វី​ង បានបង្ហាញ​ពី​ភាព​ច្នៃប្រឌិត និង​បានរួម​ចំណែក​យ៉ាងសំខាន់​ដល់​សហគមន៍ ដែល​នេះ​នាំ​ឲ្យ​ធនាគារ​នេះ បាន​ឈ្នះ​ពានរង្វាន់ សម្រាប់​សហគ្រាស​សង្គម ប្រកបដោយ​និរន្ត​ភាព​។​



​លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស អគ្គនាយក ធនាគារ​ឯកទេស វី​ង ដែល​បាន​ចូលរួម​ទទួល​ពានរង្វាន់ នៅក្នុង​ប្រទេស​សិង្ហ​បុរី បាន​និយាយថា លោក​មាន​មោទនភាព​យ៉ាងខ្លាំង ក្នុង​ការទទួល​បានកា​រ​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​បេសកកម្ម​របស់ វី​ង ដើម្បី​ជួយ​បង្កើន​ជីវភាព​របស់​ប្រជាជន​កម្ពុជា​។​

​លោក ​ម៉ា​ឡូ​ឡូ​ស បាន​បន្តទៀតថា "​ក្នុង​រយៈពេល មួយ​ទសវត្សរ៍​កន្លងមកនេះ វី​ង មានការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការជួយ​ឲ្យ​ប្រជាជន​កម្ពុជា​ទទួលបាន​នូវ​ភាពងាយស្រួល និង​សុវត្ថិភាព នៅពេល​និយាយ​អំពី​សេវាកម្ម​ហិរញ្ញវត្ថុ​តាម​ទូរស័ព្ទ​ដៃ​។ ការទទួលស្គាល់ ​វី​ង​ ជា "​សហគ្រាស​សង្គម ដែល​មាន​និរន្ត​ភាព​" ដោយ​គណៈកម្មាធិការ​ពា​ន​រង្វាន់​ធុរកិច្ច​អាស៊ាន គឺជា​ការឆ្លុះបញ្ចាំង នូវ​ការ​ប្ដេជ្ញា​ចិត្ត​របស់ វី​ង ក្នុងការ​ធ្វើ​ឲ្យ​មានការ​ផ្លាស់​ប្រែ​នៅក្នុង​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា ខណៈ​ដែល វី​ង បាន​និង​កំពុង​ធ្វើ​កិច្ចការ ស្របទៅតាម​ចក្ខុវិស័យ​របស់​ខ្លួន ក្នុង​ការ​បង្កើត​សង្គម នៃ​ការ​ទូទាត់​ដោយ​មិន​ប្រើ​ក្រដាសប្រាក់​។​"

​យោងតាម​របាយការណ៍ របស់​ធនាគារជាតិ​ នៃ​កម្ពុជា មាន​ប្រជាជន​កម្ពុជា​ប្រមាណ ៧៥% មិន​ទទួលបាន​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ ដែល​ផ្តល់ជូន​ដោយ​ធនាគារ​ឡើយ​។



កាលពី​អតីតកាល ប្រជាជន​កម្ពុជា ដែល​មិនមាន​គណនី​ធនាគារ ឬ​មិន​ស្ថិតក្នុង​បណ្ដាញ​ធនាគារ បាន​ប្រឈម​នឹង​ឧបសគ្គ និង​ហានិភ័យ ដោយសារតែ​ពួកគាត់​ត្រូវ​ពឹង​ផ្អែកលើ​ភាគី​ទី​បី ដើម្បី​ផ្ញើ​ប្រាក់​ទៅកាន់​គ្រួសារ​របស់​ពួកគេ​។ សេវា​ផ្ទេរ​ប្រាក់​របស់ វី​ង បាន​កែប្រែ​បញ្ហា​ទាំងនេះ ដោយ​ជួយ​ដល់​ប្រជាជន​កម្ពុជា ដែល​ពុំមាន​គណនី​ធនាគារ ក្នុងការ​ផ្ទេរប្រាក់ និង​ទទួល ប្រាក់ ដែល​ងាយស្រួល រហ័ស និង​សុវត្ថិភាព​តាមរយៈ​ទូរស័ព្ទដៃ​របស់​ពួកគេ​។

​សម្រាប់​ពានរង្វាន់​ទី​២ ដែ​លវីង​ទទួលបាន គឺជា ពានរង្វាន់ “​សហគ្រាស​ខ្នាតតូច​ និង​មធ្យម ដែល​មាន​ការ​រីកចម្រើន​” ក្នុងនោះ​គណៈកម្មាធិការ​វិនិច្ឆ័យ បាន​បង្ហាញថា វី​ង បានបង្ហាញ​ពី​គំនិត​ផ្ដួចផ្ដើម​និង​ឆន្ទៈ ក្នុងការ​បណ្ដាក់​ទុន​ថ្មីៗ សម្រាប់​ការ​រីកចម្រើន​ប្រកបដោយ​និរន្ត​ភាព និង​បាន​ទទួល​នូវ​ភាព​ជោគជ័យ ផ្នែក​ពាណិជ្ជកម្ម ដល់​កម្រិត​ដែលមាន​ភាពល្អប្រសើរ សម្រាប់​ទំហំ​ប្រតិបត្តិការ​របស់ខ្លួន​។​



​លោក ម៉ា​ឡូ​ឡូ​ស បាន​អះអាង​ប្រាប់ថា “​ការរីកចម្រើន​នេះ ពិតជា​អស្ចារ្យ​ណាស់​។ ឥឡូវនេះ វី​ង មាន​អតិថិជន​សកម្ម​ចំនួន​៣​លាន​នាក់ រាប់បញ្ចូល​ទាំង​អ្នកមាន​គណនី​វី​ង​ចំនួន​១​លាន​នាក់ និង​មាន​ទំហំ​ប្រតិបត្តិការ​ទឹកប្រាក់​ប្រចាំឆ្នាំ ដែលមាន​តម្លៃ​ប្រមាណ​ជាង១០ពាន់​លាន​ដុល្លារ​។

អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​នោះ គឺ​នៅពេលដែល​សេវា​ហិរញ្ញវត្ថុ​តាម​ទូរស័ព្ទដៃ​មានការ​អភិវឌ្ឍ​ជាខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​កំពុងផ្តល់​ប្រយោជន៍​ក្នុង​រូបភាព​ផ្សេងៗ​គ្នា​ទៅដល់​សង្គម​កម្ពុជា​ទាំងមូល​។ ការដាក់បញ្ចូល នូវ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ចុងក្រោយ​បំផុត បាន​អនុញ្ញាត​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួលបាន​អតិថិជន​កាន់តែច្រើន​, សហគ្រាស​ខ្នាតតូច ​និង​មធ្យម រឹត​តែមាន​ប្រសិទ្ធភាព​ក្នុងការ​អភិវឌ្ឍ អាជីវកម្ម​របស់ខ្លួន​, ពាណិជ្ជកម្ម​អេឡិចត្រូនិក​ថ្មីៗ ត្រូវបាន​បង្កើតឡើង​, ហើយ​ម្ចាស់​អាជីវកម្ម​ទាំងនោះ ក៏​អាច​បើកប្រាក់​ខែ​ឲ្យ​បុគ្គលិក និង​អ្នកផ្គត់ផ្គង់​របស់​ពួកគេ បាន​យ៉ាង​ងាយ​ស្រួល​។​"

​គួរ​រំលឹក​ផងដែរ​ថា ពានរង្វាន់​ធុរកិច្ច​អាស៊ាន ២០១៨ គឺជា​ពាន​ទី ២ ក្នុង​រយៈពេល​៣​ខែ បន្ទាប់ពី វី​ង បានទទួល​ពាន "​ធនាគារ​ដែល​ផ្ដល់​ផលប្រយោជន៍​ល្អ​បំផុត​ដល់​សង្គម នៅ​កម្ពុជា​ឆ្នាំ ២០១៨" កាលពី​ខែកញ្ញា ដោយ​ទស្សនា​វ​ដ្តី​អាជីវកម្ម​អន្តរជាតិ ដ៏​មាន​ឥទ្ធិពល​មួយ​ឈ្មោះថា Capital Finance International៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu