បន្ទាយមានជ័យ ៖ មិនដឹងខ្សែធំប៉ុណ្ណា? ទោះបីជាមានការព្រមានជាច្រើនលើកមកហើយ ពីសំណាក់អាជ្ញាធរក្រុងសិរីសោភ័ណ ទៅលើយានដ្ឋានកែច្នៃរថយន្តធំមួយកន្លែង ដែលយកផ្លូវសាធារណៈធ្វើអាជីវកម្ម កែច្នៃរថយន្ត តែហាក់គ្មានប្រសិទ្ធភាព ដោយអាជីវកម្មនេះនៅតែដំណើរការបានយ៉ាងរលូនដដែល។
ជាក់ស្ដែង និងជាថ្មីម្តងទៀត កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ រដ្ឋបាលក្រុងសិរីសោភ័ណ ដឹកនាំដោយលោក នាង ហាវ អភិបាលរងក្រុង បានដឹកនាំក្រុមការងារចុះពិនិត្យ ព្រមាន និងចុះកិច្ចសន្យា នៅនឹងទីតាំងយានដ្ឋានផ្ទាល់ ស្ថិតនៅតាមបណ្ដោយផ្លូវចុះក្រុមហ៊ុនទឹកស្អាត ក្រុងសិរីសោភ័ណ ក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
តាមការឲ្យដឹងពីប្រជាពលរដ្ឋមានមូលដ្ឋានក្បែរយានដ្ឋានខាងលើ បានលើកឡើងថា ជារៀងរាល់ថ្ងៃ ពួកគាត់ត្រូវរស់នៅជាមួយសំឡេងរំខានដែលផ្តើមចេញពីតាំងយានដ្ឋាននេះ។ តែអ្វីដែលសំខាន់ ជាងនេះទៀត គឺ យានដ្ឋានបានយកផ្លូវសាធារណៈមកធ្វើអាជីវកម្ម ដោយឈប់ ចត រថយន្តធនធំ លើផ្លូវពាសវាលពាសកាល ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ផ្សេងៗ ដល់អ្នកធ្វើដំណើរតាមផ្លូវ ពិសេសក្មេងៗ សិស្សសាលា ដែលតែងធ្វើដំណើរតាមផ្លូវជាយថាហេតុ ដូចដែលកន្លងមកធ្លាប់មានករណី រថយន្តធន់ធំដែលមកជួសជុលនៅទីតាំងខាងលើ បើកដាច់ហ្វ្រាំងបុករះ បង្គោលភ្លើង និងមាត់លូ តែមិនបង្កគ្រោះថ្នាក់ដល់មនុស្ស។ តាមរយៈ បញ្ហាទាំងនេះ ធ្វើឲ្យពួកគាតមិនអាចទទួលយកបានទេ ពោលគឺ ពួកគាត់សូមសំណូមពរឲ្យខាងយានដ្ឋានធ្វើការប្ដូរទីតាំងចេញពីទីប្រជុំជន ទៅរកទីតាំងថ្មីដែលមិនរំខាន និងបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។
លោក នាង ហាវ អភិបាលរងក្រុងសិរីសោភ័ណបានឲ្យដឹងថា ចំពោះអាជីវកម្មយានដ្ឋានកែច្នៃយានយន្តធុនធំដែលមានម្ចាស់ឈ្មោះ ឆាយ ឈាន គឺពិតជារំលោភបំពានលើផ្លូវសាធារណៈ និងរំខានដល់ការរស់នៅរបស់អ្នកជិតខាង។
រដ្ឋបាលក្រុង ធ្លាប់បានចុះត្រួតពិនិត្យ និងណែនាំ បីលើកមកហើយ ដោយឲ្យម្ចាស់យានដ្ឋាន កែប្រែពេលវេលាធ្វើការ កុំជួសជុលក្នុងម៉ោងដែលបងប្អូនសម្រាកថ្ងៃ និងសុំឲ្យរកទីតាំងសមរម្យថ្មីដែលមិនប៉ះពាល់អ្នកជិតខាង ហើយបញ្ឈប់ការចត និងឈប់យានយន្តធំៗលើផ្លូវសាធារណៈទៀត ព្រោះការចត និងឈប់រថយន្តលើផ្លូវពិតជាងាយបង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។ ហើយអាជ្ញាធរក្រុង នឹងមានវិធានការក្ដៅ ប្រសិនជាយានដ្ឋាននេះនៅតែបន្តផ្គើននឹងការណែនាំនេះ៕
Source: Kampuchea Thmey Daily
0 Comments