Ad Code

កម្លាំង​មាន​សមត្ថកិច្ច​ នឹង​ដាក់​ពង្រាយ​កម្លាំង​ចំនួន​ជាង​១​ម៉ឺន​នាក់ ដើម្បី​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​ ​ក្នុង​ឱកាស​បុណ្យ​អុំទូក​ឆ្នាំនេះ



ភ្នំពេញ ​៖​ ដើម្បី​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​ឲ្យ​បាន​ល្អ​ប្រសើរ​ក្នុង​ឱកាស​បុណ្យ​អុំទូក អកអំបុក បណ្ដែតប្រទីប និង​សំពះ ព្រះ​ខែ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាងមុខនេះ កម្លាំង​មាន​សមត្ថកិច្ច​នឹង​ដាក់​ពង្រាយ​កម្លាំង​រហូតដល់​ជាង​១​ម៉ឺន​នាក់ នៅតាម​តំបន់​A B និង​C ក្នុងនោះ​កម្លាំង​របស់​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ មាន​រហូតដល់​ជាង​៨​ពាន់​នាក់។

នេះ​បើ​យោងតាម​ផែនការ ការពារ​ដែល​លើក​ឡើង​ដោយ លោក មាន​ចាន់ យ៉ា​ដា​ អភិបាលរង​រាជ​ធានី​ភ្នំពេញ នៅ​ក្នុង​កិច្ចប្រជុំ​មួយ​កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨​ នៅ​សាលា​រាជធានី​ភ្នំពេញ ​ក្រោម​អធិបតីភាព​ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ លោក ស ថេត ស្នងការ​រាជ​ធានី​ភ្នំពេញ អភិបាលខណ្ឌ​ទាំង​១២​ និង​មានការ​ចូលរួម​ពី​មន្ត្រី​ពាក់ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់​មួយ​ចំនួន​ទៀត។​

លោក​ ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ក្រោយ​កិច្ចប្រជុំ​នេះ​ថា លោក មាន​ចាន់ យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​នោះ​បាន​លើកឡើង​ថា បុណ្យ​អុំទូក​ឆ្នាំនេះ​និង​ប្រើ​កម្លាំង​សរុប​ចំនួន​១២៧៥៤​នាក់ ដើម្បី​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ ក្នុង​នោះ​សម្រាប់​កម្លាំង​របស់​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ មាន​រហូតដល់​៨៦២៥​នាក់ ដោយ​ឈរ​ជើង​នៅ​តាម​តំបន់​សំខាន់ៗ​ចំនួន ៣​គឺ តំបន់​A,B,C និង​ចែកជា​គោលដៅ​តូចៗ​ផងដែរ។​

លោក​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា ស្ថានភាព​ទឹកទន្លេ​នៅ​ឆ្នាំនេះ​ ទៀប​ជាង​ឆ្នាំទៅ​រហូតដល់​១​ម៉ែត្រ ហើយ​ល្បឿន​ទឹក​ក៏​ហូរ​យឺត​ជាង​ឆ្នាំទៅ​ផង​ដែរ​។

ដោយឡែក ​សម្រាប់​ទូកង ដែល​ត្រូវ​ចូលរួម​ប្រកួត​នៅ​ឆ្នាំនេះ​មាន​ចំនួន​២៩៨​ទូក ខណៈ​ដែល​ឆ្នាំ​២០១៧​មាន​ទូក ង​ត្រឹមតែ​២៧០​ទូក និង មា​ន​កីឡាករ​ជិត​២​ម៉ឺន​នាក់​។ សម្រាប់​ប្រទីប​ឆ្នាំនេះ​មាន​ចំនួន​១៥ លើសពី​ឆ្នាំទៅ​ផងដែរ​។​

លោក ​ម៉េ​ត មាស​ភក្តី ​បន្តថា ចំណែក​លោក ឃួ​ង ស្រេង ដែល​ជា​ប្រធាន​អង្គប្រជុំ បាន​មាន​ប្រសាសន៍​លើកឡើងថា បញ្ហា​សន្តិសុខ សណ្ដាប់ធ្នាប់​ជា​បញ្ហា​ចម្បង ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ត្រូវតែ​យកចិត្តទុកដាក់ ដូច្នេះ​លោក​ជំរុញ​ឲ្យ​អភិបាលខណ្ឌ​ដូនពេញ​ និង​ខណ្ឌ​ចំការមន ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ខ្ពស់។

លោក​អភិបាល​បន្តថា បញ្ហា​សណ្ដាប់ធ្នាប់​នេះ បើ​មនុស្ស​១០០​នាក់ ធ្វើឲ្យ​ប៉ះពាល់​ផលប្រយោជន៍ មនុស្ស​១​លាន​នាក់ យើង​ត្រូវ​ធ្វើ​ដើម្បី​ប្រយោជន៍​មនុស្ស​១​លាន​នាក់​នោះ​ហើយ​។

​ចំណែក ការគ្រប់គ្រង​អ្នកលក់ដូរ និង​ការ​បើក​កន្លែង​ផ្ញើ​ម៉ូតូ លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​ជំរុញ​ឲ្យ​មាន​ការពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់​ផង​ដែរ មិន​អាច​ឲ្យ​មាន​ការ​ដំឡើងថ្លៃ​ស្រេច​តែ​ចិត្ត​នោះ​ទេ​។​

ក្នុង​កិច្ចប្រជុំ​នោះ​ដែរ លោក​អភិបាល​រាជធានី​ភ្នំពេញ​ក៏បាន​ធ្វើការ​ណែនាំ​ឲ្យ​លោកស្នងការ​នគរបាល​រាជ​ធានី​ភ្នំពេញ ​ត្រូវ​ធ្វើ​សន្និសីទកាសែត​មួយ ដើម្បីឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹង ពី​ការ​ពង្វាង​ចរាចរណ៍ ក៏ដូចជា​ការ​ចត​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ នៃ​ព្រះរាជពិធី​នេះ។

​ក្រៅពីនេះ លោក​អភិបាល​រាជធានី​ ក៏បាន​ធ្វើការ​ណែនាំ​ឲ្យ​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ត្រូវ​បំពេញ​ការងារ​រ​បស់​ខ្លួន​ឲ្យ​បាន​ល្អ ពិសេស​លើ​ការ​ដាក់​ស្លាក​សញ្ញា​ការពារ​សួនច្បារ ការ​ដាក់​ស្លាក​សញ្ញា​បង្ហាញ​ពី​ទីតាំង​បង្គន់​អនាម័យ​ជាដើម​។

ចំណែក​មន្ទីរ​កសិកម្ម​ ក៏មាន​ការងារ​ត្រូវអនុវត្ត​ផងដែរ នោះ​គឺ​ការងារ​ចាប់​ប្រមូល​កំប្លោក​នៅ​ក្នុង​ទន្លេ​កុំ​ឲ្យ​រំខាន​ក្នុង​ព្រះ​រាជពិធី​។

លោក​ ម៉េ​ត មាស​ភក្តី បាន​បន្តថា បើតាម​ការប៉ាន់ប្រមាណ ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ​ នឹងមាន​ប្រជាពលរដ្ឋ​រាប់ម៉ឺន​នាក់មក​ដើរលេង​កម្សាន្ត​នៅ​ភ្នំពេញ ដូច្នេះ​លោក ​ឃួ​ង ស្រេង ក៏បាន​ជំរុញ​ឲ្យ​មន្ទីរ​សុខា​រាជធានី​ ត្រូវ​ត្រៀមលក្ខណៈ​លើ​ការសង្គ្រោះ​បន្ទាន់ឲ្យ​បាន​ល្អ​ប្រសើរ ពោល​គឺ​ត្រូវតែ​ល្អ​ប្រសើរ​ទាំង​នៅ​ក្នុង​តំបន់​ពិធី​ និង​ក្រៅ​តំបន់​ពិធី​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu