បាត់ដំបង ៖ ស្ត្រីវ័យចំណាស់ម្នាក់ ដែលគ្រាន់តែជាអ្នករួមដំណើរខាងក្រោយម៉ូតូ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្នុងថ្លុកឈាមគួរឲ្យសង្វេគ បន្ទាប់ពីបានជួបនឹងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូរបស់ខ្លួន ជាមួយនឹងរថយន្តរួចមក។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង០០នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិអូរដារលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដែលបង្កឡើងដោយរថយន្តម៉ាក ហ៊ីយិនដាយ (ដឹកដី) ពណ៌ស លឿង ពាក់ស្លាកលេខ ភ្នំពេញ 3C.1483 បានបុកម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខៀវ គ្មានស្លាកលេខ បណ្ដាលឲ្យស្លាប់អ្នករួមដំណើរម្នាក់។
បើតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេមិនបានដឹងថារថយន្តបានរេចង្កូតបែបណានោះទេ បានជាទៅដល់ត្រង់ចំណុចខាងលើ បានបុកជាមួយម៉ូតូដែលមានជិះគ្នា២នាក់ គឺអ្នកបើកបរមាន ឈ្មោះ ជា យូហូវ ភេទប្រុស អាយុ៦៧ឆ្នាំ រស់នៅចំណុចខាងលើ បណ្តាលឲ្យរងរបួសស្រាល ដោយឡែកអ្នករួមដំណើរជាមួយឈ្មោះ ច្រឹប លឹមសៀង ភេទស្រី អាយុ៦៥ឆ្នាំ បានស្លាប់នៅកន្លែងកើតហេតុតែម្ដង។
ក្រោយពេលកើតហេតុ មុនពេលដែលសមត្ថកិច្ចចុះទៅដល់ គឺអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ទៅហើយ ដោយបច្ចុប្បន្នរថយន្ត និងម៉ូតូ ត្រូវបានកម្លាំងសមត្ថកិច្ចនាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំរៀងជាបណ្ដោះអាសន្ន រីឯសពក៏បានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យហើយដែរ៕
Source: Kampuchea Thmey Daily
0 Comments