ភ្នំពេញ ៖ កាលពីរាត្រីថ្ងៃទី១៤ ខែវិច្ឆិកា លោក លី ស៊ានឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងលោកស្រី បានប្រារព្ធពិធីលៀងសាយភោជន៍ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ និងជូនប្រមុខរដ្ឋប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន និងប្រទេសជាដៃគូទាំងអស់របស់អាស៊ាន ព្រមទាំងឧត្ដមមន្ត្រីអាស៊ាន និងគណៈប្រតិភូទាំងអស់ដែលមានវត្តមានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានានៅសាធារណរដ្ឋសិង្ហបុរី។
លោកប្រធានមានប្រសាសន៍ថា យើងបានចំណាយពេលវេលាដ៏យូរក្នុងការរួមគ្នាកសាងសហគមន៍អាស៊ានមួយ កាលពីឆ្នាំ២០១៥ ហើយសម្រាប់អនាគតទៅមុខ យើងនឹងខិតខំរួមគ្នាបន្តទៀតក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ដើម្បីអនាគតដ៏រុងរឿងរបស់តំបន់ ពិសេសដើម្បីប្រជាពលរដ្ឋរបស់យើងទាំងអស់គ្នា។
លោកប្រធានមានប្រសាសន៍ដែរថា ក្រោមប្រធានបទការកសាងនវានុវត្តន៍ និងភាពរឹងមាំរបស់អាស៊ាន យើងនឹងបន្តធ្វើការពិភាក្សារបស់យើងឲ្យកាន់តែស៊ីជម្រៅថែមទៀត នៅព្រឹកថ្ងៃទី២៨ មេសា ដើម្បីបម្រើប្រយោជន៍តំបន់ និងប្រជាជន នៃយើងទាំងអស់គ្នា។
លោក លី ស៊ានឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ បានថ្លែងសុន្ទរកថាគន្លឹះទៅកាន់បណ្ដាមេដឹកនាំទាំងអស់ ដែលមានវត្តមានក្នុងពិធីលៀងសាយភោជន៍ជាមហាកិត្តិយសនោះថា លោកពិតជាមានការសប្បាយរីករាយខ្លាំងណាស់ដែលសិង្ហបុរីសម្រេចបាននូវសមិទ្ធផលដ៏ធំធេងក្នុងរយៈពេល១ ឆ្នាំកន្លងមក ក្នុងនាមជាប្រធានអាស៊ានប្ដូរវេន។
លោកក៏បានប្រសិទ្ធពរជ័យបវរមហាប្រសើរជូនបន្តមេដឹកនាំទាំងអស់ទទួលបាននូវភាពជោគជ័យខ្ពង់ខ្ពស់ថែមទៀត ក្នុងបុព្វហេតុ នៃការបម្រើប្រទេស និងប្រជាជនទាំងអស់ ទាំងនៅក្នុងតំបន់ និងក្រៅតំបន់៕
Source: Kampuchea Thmey Daily
0 Comments