Ad Code

ជើង​ខ្លាំង​ទម្ងន់​៦៣,៥០០​គ​.​ក្រ ជួប​គ្នា​ដណ្ដើម​ពាន​រង្វាន់​ប្រាក់​លាន​បាយ័ន​



អ្នក​ប្រដាល់​ទម្ងន់​៦៣,៥០០​គីឡូក្រាម ​៤​រូប នឹង​ត្រូវ​ជួប​ប្រកួត​គ្នា​ដណ្ដើម​ពានរង្វាន់​ប្រាក់​លាន​របស់​ទូរទស្សន៍​បាយ័ន នា​ល្ងាច​ថ្ងៃ​សៅរ៍ ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​ខាងមុខនេះ នៅ​លើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ។​

អ្នក​ប្រដាល់​ទាំង​៤​រូបនោះ គឺ នូវ ដា​រ៉ូ ក្លិប​អាណាចក្រ​គុន​ខ្មែរ , សេក គឹម​រួន ក្លិប​អង្គរ​មានជ័យ​ខេត្ត​សៀមរាប , សុខ សុវណ្ណ អ្នក​ប្រដាល់​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ , និង យ៉ុ​ន ដា​រ័ត្ន អ្នក​ប្រដាល់​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ។ ពួកគេ​ទាំង​៤ ត្រូវ​ប្រកួត​គ្នា​តាម​រូបមន្ត​ម៉ា​រ៉ា​តុង គឺ​ចាញ់​ហាលអាវ ឈ្នះ​ត្រូវ​បន្ត​ការប្រកួត​ទៀត រហូត​រកឃើញ​អ្នក​ជាប់​លេខ​១ ​ជា​ម្ចាស់​ពានរង្វាន់។​
​ ​
សម្រាប់​ការជួបគ្នា​រវាង​អ្នក​ប្រដាល់​ជើង​ខ្លាំង​ទាំង​៤​រូបនេះ គឺ នូវ ដា​រ៉ូ នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ ​សេក គឹម​រួន ពួកគេ​ទាំងពីរ​មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក។ រវាង​ពីរ​នាក់​នេះ បើតាម​កម្រិត​សមត្ថភាព​បច្ចេក​ទេស និង​កាយសម្បទា​របស់​ពួកគេ​ទាំងពីរ​នេះ ឃើញថា ​សេក គឹម​រួន ខ្លាំង​ជាង តែ​ស្នៀតគុន ​គឺ​ចាញ់​ នូវ ដា​រ៉ូ ទេ។ ទោះជា​យ៉ាងណា សម្រាប់​ការជួបគ្នា​លើក​នេះ មិន​អាច​ទស្សន៍ទាយ​មុន​បាន​ថា អ្នកណា​ហាលអាវ អ្នកណា​ឡើង​ទៅ​ផ្ដាច់ព្រ័ត្រ​នោះ​ឡើយ។​
​ ​
ចំពោះ​អ្នក​ប្រដាល់​ជើងចាស់ ​សុខ សុវណ្ណ គេ​នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ ​យ៉ុ​ន ដា​រ័ត្ន។ ពួកគេ​ទាំងពីរ​នេះ ធ្លាប់​ជួប​គ្នា​ម្ដង​ហើយ​កន្លងមក ដោយ​ សុវណ្ណ​ វាយ​ចាញ់​ ដា​រ័ត្ន​ ដោយ​ពិន្ទុ។ ពួកគេ​ទាំងពីរ​នាក់​នេះ មាន​ថ្វីដៃ​ល្អ ហើយ​ខ្លាំង​ និង​កម្លាំង​ស៊ុ​ហ្វ​រឹងមាំ​ដូចគ្នា។ យ៉ាង​ណា ប៉ះគ្នា​លើក​នេះ គឺ​មាន​លក្ខណៈ​តឹងតែង​ហើយ។

ប៉ុន្តែ​ទោះជា​យ៉ាងណា រវាង​អ្នក​ប្រដាល់​ជើង​ខ្លាំង​ទាំង​៤​រូបនេះ ទោះបីជា​មិនដឹងថា​អ្នកណា​ជ្រុះ​ធ្លាក់ អ្នកណា​នឹង​បាន​ឡើង​ទៅដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ហើយ​អ្នកណា​នឹង​ក្លាយជា​ម្ចាស់​ពានរង្វាន់​នេះ​ក្ដី ក៏​គេ​មើល​ឃើញ​មុន​ថា សេក គឹម​រួន និង សុខ សុវណ្ណ អាច​នឹង​ជួបគ្នា​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ដើម្បី​ប្រជែង​គ្នា​យក​ពាន​រង្វាន់​នេះ។​

សូមបញ្ជាក់ថា ការប្រកួត​ចែកចេញជា​ពីរ​ដំណាក់កាល ដែល​ដំណាក់កាល​ទី​១ ​ប្រកួត​ជម្រុះ ដើម្បី​ជម្រុះ​ចោល​ពីរ​នាក់​ដែល​ចាញ់ៗ ហើយ​ពីរ​នាក់​ដែល​ឈ្នះ​នោះ ត្រូវ​ឡើង​ទៅ​ជួបគ្នា​ក្នុងដំណាក់កាល​ទី​២ ដែលជា​ការប្រកួត​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ពាន​អនុស្សាវរីយ៍​របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន។​
​ ​
ការប្រកួត​ក្នុងដំណាក់កាល​ទី​១ គឺ​ប្រកួត​តែ​៣​ទឹក​ប៉ុណ្ណោះ ​ដោយ​ក្នុង​មួយ​ទឹក​មាន​៣​នាទី និង​ការ​ប្រកួត​ក្នុងដំណាក់កាល​ផ្ដាច់ព្រ័ត្រ គឺ​វាយ​៥​ទឹក តែមួយ​ទឹក​វាយ​តែ​២​នាទី​ទេ។​

ក្រៅពី​គូ​ដណ្ដើម​ពានរង្វាន់​នេះ នី​ម នន អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ នឹង​ជួប​ប្រកួត​ជាមួយ ​អេ​រ៉ា​វ៉ាន់ ចាន់​រាជ អ្នក​ប្រដាល់​ក្លិប​កុសល​កីឡា។​ ពួកគេ​ទាំងពីរ នឹង​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម។​

ពីរ​នាក់​នេះ មិនដែល​ប៉ះគ្នា​ទេ​កន្លងមក។ សម្រាប់​ការជួប​ប្រកួត​គ្នា​លើកដំបូង​នេះ មិនដឹងថា អេ​រ៉ា​វ៉ាន់ ចាន់​រាជ គេ​អាច​វាយ​ឈ្នះ​ នី​ម នន ឬ​អត់​នោះទេ​? ព្រោះ​ អេ​រ៉ា​វ៉ាន់ ចាន់​រាជ ជា​អ្នក​ប្រដាល់​ជើង​ថ្មី ។ ប៉ុន្តែ​យ៉ាងណា អេ​រ៉ា​វ៉ាន់ ចាន់​រាជ គេ​ក៏​មាន​ស្នៀត​ប្រដាល់​ល្អ​ និង​ខ្លាំង​គួរសម​ដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu