ការប្រកួតជម្រុះដណ្ដើមខ្សែក្រវាត់ជើងឯកលេខ១គូបូតា ទម្ងន់៥៤គីឡូក្រាម នៅសង្វៀនបាយ័នស្ទឹងមានជ័យ នៅយប់ថ្ងៃសុក្រ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដែលជាការប្រកួតជុំចុងក្រោយរបស់ ចាន់ សាន់ និង ប៊ុន សុធា។
សម្រាប់ជំនួបជុំចុងក្រោយនេះ ចាន់ សាន់ អ្នកប្រដាល់ក្លិបនិរោធមានជ័យ ត្រូវជួបជាមួយអ្នកប្រដាល់ឡាវ Seang Suriyak Site Torkah kart ហើយចំពោះ ប៊ុន សុធា អ្នកប្រដាល់សមាគមកីឡាក្រសួងការពារជាតិ ជួបអ្នកប្រដាល់ឡាវដែរ គឺ Wangngeun Rungreankilanakom Phattom។
រវាង ចាន់ សាន់ និង Seang Suriyak មិនដែលប៉ះគ្នាទេកន្លងមក។ តែយ៉ាងណា ចាន់ សាន់ប្រហែលជាមិនមានសំណាងបានឈ្នះនោះទេ ព្រោះអ្នកប្រដាល់ឡាវ Seang Suriyak ជាជើងខ្លាំងមិនទាន់ស្គាល់ចាញ់ម្ដងនៅឡើយទេ ក្នុងការប្រកួតជម្រុះ៣ជុំកន្លងមកនេះ ពោលគឺគេវាយឈ្នះអ្នកប្រដាល់កម្ពុជាទាំងជុំ។
Seang Suriyak នេះ ទើបប្រកួតបាន៣ជុំប៉ុណ្ណោះ មាន៩ពិន្ទុហើយ ឯចាន់ សាន់ អ្នកប្រដាល់កម្ពុជាយើងវិញនោះ គេប្រកួត៤ជុំហើយ ដោយបាន៦ពិន្ទុ គឺឈ្នះ១ ចាញ់៣ប្រកួត។ ដូច្នេះ សម្រាប់ការប្រកួតជុំទី៥ ដែលជាជុំចុងក្រោយរបស់ចាន់សាន់នេះ គេប្រកួតគ្រាន់តែបង្គ្រប់កិច្ចប៉ុណ្ណោះ ព្រោះ ទោះបីការប្រកួតលើកចុងក្រោយនេះ គេមានវាសនាបានឈ្នះក្ដី ក៏នៅតែជ្រុះធ្លាក់ពីការប្រកួតខ្សែក្រវាត់នេះដែរ។
តែទោះជាយ៉ាងណា សម្រាប់ការជួបគ្នារវាង ចាន់ សាន់ និង Seang Suriyak នេះ បើតាមការ សន្និដ្ឋានមុននោះ គឺចាន់ សាន់ មិនអាចឈ្នះ Seang Suriyak នេះបានឡើយ ព្រោះអ្នកប្រដាល់ឡាវ រូបនេះគេខ្លាំង គេបានយកឈ្នះ ខេម ចាន់ ផាន ផាត់យុទ្ធ និងប៊ុនសុធា អស់ហើយ។
ចំពោះ ប៊ុន សុធា អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ដែលត្រូវជួបជាមួយអ្នកប្រដាល់ឡាវ Wangngeun Rungreankilanakom Phattom នោះ ប្រហែលជាមិនពិបាកប៉ុន្មានទេ ដោយសារអ្នកប្រដាល់ឡាវរូបនេះ មិនសូវខ្លាំងប៉ុន្មាន។
រវាង ប៊ុន សុធា និង Wangngeun មិនដែលប៉ះគ្នាទេកន្លងមក។ តែយ៉ាងណា ប៊ុន សុធា សម្រាប់ការប្រកួតលើកនេះ គឺគេត្រូវការឈ្នះជាចាំបាច់ ដើម្បីសន្សំពិន្ទុសម្រាប់ប្រជែងជាមួយ ខេម ចាន់ និងផាន ផាត់យុទ្ធ ក្នុងការឡើងទៅពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះ។
ទោះជាយ៉ាងនេះក្តី សម្រាប់ការជួបគ្នារវាង ប៊ុន សុធា និង Wangngeun នេះ ពុំអាចសន្និដ្ឋានមុនថា អ្នកណាឈ្នះ អ្នកណាចាញ់នោះឡើយ ហើយពីរនាក់នេះ ក៏មិនអាចមានអ្នកណាម្នាក់មើលស្រាលគ្នាបានដែរ។
Wangngeun នេះ ជាអ្នកប្រដាល់ឡាវមិនមានឈ្មោះល្បី នៅស្រុកឡាវនោះទេ។ គេមិនធ្លាប់មកប្រកួតនៅស្រុកខ្មែរទេកន្លងមក។ ក្នុងការប្រកួត៤ប្រកួតកន្លងមកនេះ គេវាយឈ្នះ២ ចាញ់២ប្រកួត មាន៨ពិន្ទុ។
ប៊ុន សុធា អ្នកប្រដាល់វ័យក្មេងកម្ពុជា គេក៏មិនធម្មតានោះដែរ គេមានផ្លែល្អ ពិសេសកែង និងជង្គង់ ដែលក្នុងការ ឆ្លងកាត់៤ប្រកួតដូចគ្នា គេឈ្នះ៣ ចាញ់១ប្រកួត មាន១០ពិន្ទុលើក។
សូមបញ្ជាក់ថា កីឡាករខ្លាំងទាំង១០រូប ដែលចូលរួមប្រកួតដណ្ដើមខ្សែក្រវាត់គូបូតារដូវកាលថ្មីទម្ងន់៥៤គីឡូក្រាមនេះ មានអ្នកប្រដាល់ជើងខ្លាំងកម្ពុជា៥រូប និង អ្នកប្រដាល់ជើងខ្លាំងថៃ-ឡាវ ៥រូប ចូលរួមវាយដណ្ដើមយកខ្សែក្រវាត់នេះ។
អ្នកប្រដាល់ជើងខ្លាំងទាំង៥រូបរបស់កម្ពុជានោះ គឺចាន់ សាន់ ក្លិបនិរោធមានជ័យ-ខេម ចាន់ ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ - ផាន ផាត់យុទ្ធ ក្លិបសាលវ័ន្តកីឡា - ប៊ុន សុធា សមាគមកីឡាក្រសួងការពារជាតិ និង រិទ្ធ អាទិត្យ ក្លិបអាណាចក្រគុនខ្មែរ។ អ្នកប្រដាល់ទាំង៥រូបនេះ សុទ្ធតែចម្រាញ់ចេញពីក្នុងចំណោមកីឡាករ៨រូប ក្នុងការប្រកួតជម្រុះកន្លងមក។
ចំពោះអ្នកប្រដាល់ថៃវិញ មាន Anuntasak Site Phukhorngyus , Kaoreanghom Pctchchinda និង Plangthip Por.Yuthphumi ហើយអ្នកប្រដាល់ឡាវ មាន Wangngeun Rungreankilanakom Phattom និង Seang Suriyak Site Torkah kart។
អ្នកប្រដាល់មួយរូបៗ ទាំងខ្មែរ ទាំងថៃ និងឡាវ គឺត្រូវឆ្លងកាត់ការប្រកួតក្នុងម្នាក់ៗ ចំនួន៤ ប្រកួតម្នាក់ ហើយអ្នកដែលមានពិន្ទុច្រើន២រូបក្នុងមួយពូល ទាំងពូលខ្មែរ និង ពូលថៃ-ឡាវ នឹងត្រូវបានឡើងទៅប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និង ផ្ដាច់ព្រ័ត្រ ៕
Source: Kampuchea Thmey Daily
0 Comments