ខេមរសហព័ន្ធកីឡាយូដូ បានប្រកាសពីកាលបរិច្ឆេទ នៃការប្រកួតជើងឯកជាតិ ឆ្នាំ២០១៨ហើយដែលនោះ ជាការប្រកួតដោយប្រើប្រាស់ទាំងស្រុង នូវថវិការបស់ក្រសួងអប់រំយុវជន និងកីឡា ។
លោក ណាំង រ៉ាវុធ អគ្គលេខាធិការខេមរសហព័ន្ធកីឡាយូដូ បានប្រាប់ឲ្យដឹងថា ការប្រកួតនឹងធ្វើក្នុងអគារដំបូលទូកចាស់ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។ ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី១៥ ដល់១៨វិច្ឆិកា ឆ្នាំ២០១៨។ មកទល់ពេលនេះមានសមាគម-ក្លិបចំនួន១០ មកពីទូទាំងប្រទេសបានដាក់ពាក្យចូលរួមប្រកួត។
កីឡាករ-កីឡាការិនី មានចំនួន៨៦រូប ដែលមាន១១ប្រភេទទម្ងន់។ ក្នុង១១ប្រភេទទម្ងន់នោះសម្រាប់កីឡាការិនីមាន៥ប្រភេទទម្ងន់ គឺទម្ងន់ក្រោម៤៤គីឡូក្រាម ទម្ងន់ក្រោម៤៨គីឡូក្រាម ទម្ងន់ក្រោម៥២គីឡូក្រាម ទម្ងន់ក្រោម៥៧គីឡូក្រាម និង ទម្ងន់ចាប់ពី៦៣គីឡូក្រាមឡើងទៅ។
ចំពោះកីឡាករ មាន៦ប្រភេទទម្ងន់ គឺទម្ងន់ក្រោម៥០គីឡូក្រាម ទម្ងន់ក្រោម៥៥គីឡូក្រាម ទម្ងន់ក្រោម៦០គីឡូក្រាម ទម្ងន់ក្រោម៦៦គីឡូក្រាម ទម្ងន់ក្រោម៧៣គីឡូក្រាម និងទម្ងន់ក្រោម៨១គីឡូក្រាម៕
Source: Kampuchea Thmey Daily
0 Comments