Ad Code

សូត្រ ប៊ុន​ធី និង Phat Thana នរណា​ជា​ម្ចាស់​ខ្សែក្រវាត់​Carabao​ ទម្ងន់​៦០​គ​.​ក្រ?



ព្រឹត្តិការណ៍​ដណ្ដើម​ខ្សែក្រវាត់ ​Carabao ទម្ងន់​៦០​គីឡូក្រាម នៅ​លើ​សង្វៀន​SEA -TV បាន​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ នា​ល្ងាច​ថ្ងៃ​សៅរ៍​ ទី​១៧ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​នេះ រវាង ​សូត្រ ប៊ុន​ធី អ្នក​ប្រដាល់​ក្លិប​បក្សី​ស្លាប​ដែក និង អ្នក​ប្រដាល់​ថៃ Phat Thana។​

សូត្រ ប៊ុន​ធី​ និង Phat Thana ពួកគេ​ពីរ​នាក់​នេះ ត្រូវ​បាន​គេ​ទស្សន៍ទាយ​មុន​ថា សូត្រ ប៊ុន​ធី​ នឹង​ក្លាយ​ជា​ម្ចាស់​ជើងឯក​ខ្សែ​Carabao​នេះ ព្រោះថា Phat Thana ធ្លាប់​ចាញ់​ សូត្រ ប៊ុន​ធី ១​លើក​ហើយ ក្នុង​ការ​ជួប​ប្រកួត​គ្នា​ក្នុង​វគ្គ​ជម្រុះ​កន្លងមក ដោយ​ ប៊ុន​ធី ឈ្នះ Phat Thana ដោយ​ពិន្ទុ។

Phat Thana នេះ គេ​ជា​អ្នក​ខ្លាំង​ជាងគេ​នៅ​ក្នុង​ពូ​ល​កីឡាករ​ថៃ។ Phat Thana ក្នុងការ​ប្រកួត​ជម្រុះ​ក្នុង​ពូ​ល​ថៃ ដែល​៤​រូបនោះ គេ​វាយ​ឈ្នះ​បាន​៣​ប្រកួត និង​ចាញ់​១​ប្រកួត គឺ​បាន​១០​ពិន្ទុ។ អ្នក​ប្រដាល់​ថៃ​រូប​នេះ មាន​កំណត់​ត្រា​ប្រកួត​ចំនួន​៧៣​លើក ឈ្នះ​៦០​លើក​ និង​ចាញ់​១២​លើក ​និង​ស្មើ​០១​លើក។

សូត្រ ប៊ុន​ធី ជា​អ្នក​ប្រដាល់​ដែល​មាន​កាយសម្បទា​ល្អ ខ្ពស់ ដៃជើង​វែង ដែល​អំណោយផល​ដល់​ការ​ប្រកួត។ ជាមួយគ្នានេះ ប៊ុន​ធី ​មានចិត្ត​ប្រដាល់​ធំ មាន​ស្នៀត​គុន​ល្អ និង​វាយ​ខ្លាំង​ជាង បើ​ប្រៀប​ជា​មួយ Phat Thana នោះ​។ សូត្រ ប៊ុន​ធី មាន​កំណត់​ត្រា​ប្រកួត​គេ​មាន​កំណត់ត្រា​ប្រកួត​១១៦​លើក ឈ្នះ​៩២​លើក ចាញ់​២០​លើក និង​ស្មើ​០៤​លើក​។

ប៉ុន្តែ​យ៉ាងណា សូត្រ ប៊ុន​ធី មិន​ប្រាកដថា​ ឈ្នះ​មួយ​រយ​ភាគរយ​នោះ​ទេ ព្រោះថា​ការប្រកួត​មិន​ទៀង​ទាត់ ហើយ​ម្យ៉ាងទៀត អ្នក​ប្រដាល់​ថៃ Phat Thana នេះ គេ​ក៏​ខ្លាំង​ដែរ។​

សូម​បញ្ជាក់​ថា ការប្រកួត​ជើងឯក​ខា​រ៉ា​បាវ​រដូវ​កាល​ទី​៧ ទម្ងន់​៦០​គីឡូក្រាម​លើក​នេះ មាន​អ្នក​ប្រដាល់​ខ្លាំងៗ​ចំនួន​៨​រូប ចូលរួម​ប្រកួត គឺ​ខ្មែរ​៤​នាក់ ថៃ​៤​នាក់។​ តែ​លក្ខខណ្ឌ​ប្រកួត តម្រូវ​យក​តែ​មួយ​នាក់​ក្នុង​មួយ​ពូ​ល​ប៉ុណ្ណោះ ព្រោះ​ការប្រកួត​ដណ្ដើម​ខ្សែក្រវាត់​Carabao​នេះ មាន​ចំណាត់ថ្នាក់​តែ​លេខ​១ និង លេខ​២ ប៉ុណ្ណោះ។

ចំពោះ​គូ​ដែល​ប្រកួត​អម​គូ​ខ្សែក្រវាត់​នេះ ជា​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ ដែល​មាន​១​គូ នោះ គឺ​ ម៉ន សា​ម៉េ​ត អ្នក​ប្រដាល់​ក្លិ​ការិយាល័យ​ទី​៥​កងទ័ពជើងគោក នឹង​ត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី ឈ្មោះ Ty Sa។ ​ពួកគេ​ទាំងពីរ ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គ​.​ក្រ។ Ty Sa នេះ គេ​ជា​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី មិន​ធ្លាប់​មក​ប្រកួត​នៅ​សង្វៀន​SEA-TV​នេះ​ទេ​កន្លងមក។

ដូច្នេះ Ty Sa មិនដឹងថា គេ​ល្អ​ និង​ខ្លាំង​ប៉ុណ្ណា​នោះ​ទេ ហើយក៏​មិន​អាច​ឲ្យ ម៉ន សា​ម៉េ​ត មើលស្រាល​បាន​ដែរ។​ ចាំមើល ម៉ន សា​ម៉េ​ត គេ​អាច​យកឈ្នះ​អ្នក​ប្រដាល់​ថៃ​នេះ​បាន ​ឬ​អត់?។​

ម៉ន សា​ម៉េ​ត គេ​បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​ច្រើន​នាក់​ជាប់ៗ​គ្នា ដែល​ការប្រកួត​លើក​ចុង​ក្រោយ​នោះ គេ​វាយ​ឈ្នះ អ្នក​ប្រដាល់​ថៃ​Yorth Savich ក្នុង​ទឹក​ទី​៤។​

ម៉ន សា​ម៉េ​ត មាន​កំណត់​ត្រា​ប្រកួត​ចំនួន​១៣៩​លើក ក្នុង​នោះ​វាយ​ឈ្នះ​១០២​លើក ចាញ់​៣២​លើក និង​ស្មើ​០៥​លើក​។

កណ្ដាប់ដៃ កែង និង​ជើង​ទាត់​របស់​ សា​ម៉េ​ត វាយ​ចេញ​ខ្លាំង ​និង​មាន​ទម្ងន់​ធ្ងន់​គួរសម​ដែរ។ ជា​អ្នក​ប្រដាល់​ដែល​មិន​ចេះ​វាយ​បន្ធូរ​ដៃ​នោះ​ទេ ឲ្យ​តែ​គេ​យល់ថា​ដៃគូ​អាច​បង្ក្រាប​បាន គឺ​គេ​មិន​ប្រោះ​ទុក​យូរ​ទេ គេ​ផ្ដួល​យកឈ្នះ​តែម្ដង។ និយាយ​ពី​បច្ចេកទេស និង​កលល្បិច​នោះ សា​ម៉េ​ត ​គេ​មាន​ពេញ​ខ្លួន ៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu