ភ្នំពេញ ៖ ស៊ីម៉ងត៍ម៉ាកCAMEL រាប់រយ បានរងការខូចខាតសើមជោក ដោយសាររថយន្តកុងតឺន័រ ដែលដឹកផ្ទុកលើសទម្ងន់ច្រើនពេក ទើបបើកផុងដីក្រឡាប់ធ្លាក់ចូលទៅក្នុងប្រឡាយទឹក ជះស៊ីម៉ងត៍ចូលទឹកខូចខាតអស់ តែសំណាងដែរ ព្រោះមិនបង្កគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅផ្លូវលំចូលភូមិស្រែរាជ្ជះ កែងផ្លូវទំនប់កប់ស្រូវ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
រថយន្តកុងតឺន័រដឹកស៊ីម៉ងត៍ក្រឡាប់នេះ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 3B-8777 ដឹកស៊ីម៉ងត៍CAMEL ពេញរថយន្ត។
តាមពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ រថយន្តបើកតាមបណ្ដោយផ្លូវទំនប់កប់ស្រូវ ពីត្បូងទៅជើង លើផ្លូវបញ្ច្រាសទិសចរាចរណ៍ លុះដល់ចំណុចខាងលើ រថយន្តបានបត់ឆ្វេងចូលតាមផ្លូវលំ ភូមិស្រែរាជ្ជះ ដោយសាររថយន្តដឹកធ្ងន់ពេក ហើយម្យ៉ាងទៀតដោយសារមេឃភ្លៀង ដីសើម មានសភាពទន់ជ្រាយ ទើបផុងក្រឡាប់ធ្លាក់ចូលទឹកប្រឡាយមួយកំណាត់ក្រោយ ខូចអស់ស៊ីម៉ងត៍រាប់រយបាវ តែសំណាងដែរ ដោយសារគ្មានអ្នករងរបួសក្នុងហេតុការណ៍នេះទេ។
ក្រោយកើតហេតុ រថយន្តខាងលើ ត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យជាក់ស្ដែង ឃើញថា គ្រោះថ្នាក់ដោយខ្លួនឯង មិនបង្កដល់អ្នកដទៃ ទើបសមត្ថកិច្ចឲ្យម្ចាស់រករថយន្តស្ទូចមកលើក ឡើងគោកយកទៅជួសជុលដោយខ្លួនឯង៕
Source: Kampuchea Thmey Daily
0 Comments