ភ្នំពេញ ៖ ដោយមើលឃើញពីក្តីអាណិតអាសូរ និងទទួលបានដំណឹង នៃការធ្លាក់ខ្លួនឈឺរបស់វីរសិល្បករ-សិល្បការិនីជើងចាស់ចំនួនពីររូប គឺអតីតតារាកំប្លែង នាយ ក្តឹប និងអ្នកគ្រូ គង់ ណារី នោះភ្លាមៗនេះដែរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឲ្យតំណាងនាំយកអំណោយ រួមនឹងថវិកាមួយចំនួន ឧបត្ថម្ភជួយដល់អ្នកសិល្បៈទាំងពីររូបខាងលើ។
បើតាមការបញ្ជាក់ពីសំណាក់តារាសម្ដែង លោក អ៊ឹម ជីវ៉ា បានលើកឡើងថា មាតាមនុស្សធម៌ចុះមកជួយហើយ តារាកំប្លែងនាយ ក្តឹប និងអ្នកគ្រូ គង់ ណារី បានទទួលការយកចិត្តទុកដាក់ និងឧបត្ថម្ភពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។
ប្រភពដដែលបានបន្តថា កាលពីរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ លោកជំទាវ ម៉ែន នារីសោភ័គ្រ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយធ្វើការផ្ដាំផ្ញើនូវការសួរសុខទុក្ខចំពោះសិល្បករជើងចាស់ទាំងពីរនាក់ ដែលធ្លាប់មានទេពកោសល្យ និងបន្សល់ទុកស្នាដៃសិល្បៈជាច្រើនសម្រាប់មនុស្សជំនាន់ក្រោយ។
ប្រភពពីតារាសម្ដែងប្រុសរូបសង្ហា លោក អ៊ឹម ជីវ៉ា បានលើកឡើងបន្ថែមទៀតថា ជាមួយគ្នានេះ លោកជំទាវក៏បានផ្ដាំផ្ញើឲ្យតារាសិល្បៈជើងចាស់ទាំងពីររូបខាងលើ ខិតខំបំប៉នសុខភាពឲ្យបានល្អនិងអនុវត្តន៍តាមការណែនាំរបស់គ្រូពេទ្យ ព្រមទាំងជូនពរឆាប់បានជាសះស្បើយឡើងវិញ។
សូមបញ្ជាក់ដែរថា ក្រៅពីកាកបាទក្រហមកម្ពុជារយៈពេលដែលសិល្បករទាំងពីរឈឺ ក៏មានការចូលរួមឧបត្ថម្ភពីសប្បុរសជនជាច្រើនដូចជា ៖ អ្នកឧកញ៉ា អ៊ូ ឆាយ និងលោកជំទាវ សុខ វាសនា , លោក ហែម ដារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងសិល្បករជាច្រើនរូបទៀតផង៕
Source: Kampuchea Thmey Daily
0 Comments