កំពង់ចាម ៖ មានលុយខ្លួនឯង សុខៗឲ្យគេខ្ចី ពេលទៅទារ ត្រូវកូនបំណុលវាយ បានក្លាយជាជនរងគ្រោះបែកក្បាលរបួសជាទម្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ។
ប៉ូលិសបានឲ្យដឹងថា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ម៉ោង២០និង១០នាទី នគរបាលប៉ុស្តិ៍បឹងណាយ បានទទួលបណ្តឹងពីឈ្មោះអៀម សុខធា ភេទស្រី អាយុ36ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរនៅភូមិទួលខ្វាវ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលបានប្តឹង ពីឈ្មោះនួន អ៊ី ពីបទ ហិង្សាដោយចេតនា។
ដើមបណ្តឹងបាន បញ្ជាក់ថា នៅថ្ងៃទី27 ខែវិច្ឆិកា ឆ្នាំ២០១៨ ម៉ោង 16 និង20នាទី ប្តីអ្នកស្រី បានទៅទារលុយ ពីឈ្មោះ នួន អ៊ី នៅចំណុចមុខផ្ទះឈ្មោះនួន ឈួន ភេទស្រី អាយុ67ឆ្នាំ នៅភូមិ ទួលខ្វាវ ឃុំបឹងណាយស្រុកព្រៃឈរខេត្តកំពង់ចាម ស្រាប់តែត្រូវ ឈ្មោះ នួន អ៊ី ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ នៅភូមិអំពិលទ្វារ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម យកថ្មចំណាំង មួយដុំ វាយ និងដាល់ទៅលើប្តីរបស់ខ្លួនឈ្មោះ ង៉ែត ឌីណាភេទប្រុស អាយុ43ឆ្នាំ នៅ ភូមិ ឃុំហេតុខាងលើ ត្រូវចំក្បាលបែកមួយកន្លែង និងត្រូវចំក្រោមភ្នែកខាងឆ្វេងមួយកន្លែង ហើមប៉ោងជាំខៀវ។
ជនរងគ្រោះ ង៉េត ឌីណា បានបញ្ជាក់ថា មុនកើតហេតុ ខ្លួនបាន ទៅទារលុយដែលឈ្មោះនួន អ៊ី ជំពាក់ ចំនួន 50.000រៀល តែ នួន អ៊ី មិនសង ក៏ប៉ះពាក្យសំដីគ្នា ហើយជនសង្ស័យ ខឹងនឹងខ្លួនរឿងទារលុយជំពាក់ចំនួន 50.000រៀល ក៏ដាល់និងយកដុំថ្មវាយខ្លួនជាជនរងគ្រោះរហូតរបួសជាទម្ងន់។
ប៉ូលិសបានឲ្យដឹងថា បន្ទាប់ពីទទួលបណ្តឹងរួចភ្លាម កម្លាំងប៉ុស្តិ៍សហការជាមួយ ជំនាញព្រហ្មទណ្ឌស្រុកនឹងសហការជាមួយកម្លាំងប៉ុស្តិ៍ សំពងជ័យតាមស្រាវជ្រាវរកជនសង្ស័យដល់លំនៅដ្ឋានហើយឃាត់ខ្លួនយកមក អធិការដ្ឋាននគរបាលស្រុកព្រៃឈរដើម្បីសាកសួរកសាងសំណុំរឿងតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments