Ad Code

ទូត​ថ្មី​ នៃ​ប្រទេស​ឡាវ​ ប្រចាំ​កម្ពុជា សរសើរ​ពី​ការ​រីកចម្រើន​របស់​ប្រទេស​កម្ពុជា​



ភ្នំពេញ ​៖ ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ថ្មី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ប្រចាំ​កម្ពុជា លោក Amphay KINDAVONG បាន​កោតសរសើរ​ពី​ការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​លើ​គ្រប់​វិស័យ​របស់​ប្រទេស​កម្ពុជា ក្រោម​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រមុខ​ដឹកនាំ​។​
​ ​
នៅ​ក្នុង​ជំនួប​សម្ដែង​ការគួរសម សម្ដេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ព្រឹក​ថ្ងៃទី​២៧​វិច្ឆិកា​នេះ នៅ​វិមាន​ព្រឹទ្ធសភា លោក Amphay KINDAVONG ឯកអគ្គរដ្ឋទូត​ថ្មី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ ប្រចាំ​កម្ពុជា បាន​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​ប្រធាន​ព្រឹទ្ធសភា ដែល​បាន​អនុញ្ញាត​ឲ្យ​ចូលជួប និង​បាន​កោតសរសើរ​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​លើ​គ្រប់​វិស័យ​របស់​ប្រទេស​កម្ពុជា ដោយសារ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក​ឯកអគ្គរដ្ឋទូត​សង្ឃឹម​ថា ប្រទេស​ទាំងពីរ​ នឹងមាន​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ល្អ​លើ​វិស័យ​ទេសចរណ៍ និង​វិនិយោគ ក្នុងនាម​ជា​ប្រទេស​ភូមិ​ផង​របង​ជាប់​គ្នា​។

លោក​ឯកអគ្គរដ្ឋទូត​បាន​បញ្ជាក់ថា ចំពោះ​វិស័យ​ពាណិជ្ជកម្ម​ នៃ​ប្រទេស​ទាំងពីរ មាន​ភាព​ប្រហាក់​ប្រហែល​គ្នា ប៉ុន្តែ​ប្រទេស​កម្ពុជា​មានការ​នាំចេញ​ច្រើនជាង​ប្រទេស​ឡាវ ហេតុដូចនេះ​ ឯកឧត្ដម​មាន​បំណង​ចង់​ស្វែងយល់​អំពី​ការនាំចេញ​របស់​ប្រទេស​កម្ពុជា ដើម្បី​យកទៅ​ផ្សព្វផ្សាយ​នៅ​ប្រទេស​ឡាវ​។

លោក​ឯកអគ្គរដ្ឋទូត​បានបញ្ជាក់​ជូន​សម្ដេច​ប្រធាន​ព្រឹទ្ធសភា​ថា លោក​បាន​ត្រៀមលក្ខណៈ​រួច​ជា​ស្រេច ដើម្បី​ត្រៀម​រៀបចំ​ទទួល​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នៅ​ដើមខែ​ធ្នូ​ខាងមុខនេះ​។ តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ លោក​សង្ឃឹមថា នឹង​មាន​កិច្ច​សហ​ប្រតិបត្តិការ​រ​វាង​រដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​។​

ក្នុង​ជំនួប​នេះ​ដែរ​ សម្ដេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​សម្ដែង​នូវ​ការ​អបអរសាទរ និង​ស្វាគមន៍​ចំពោះ​ លោក Amphay KINDAVONG ដែល​ត្រូវបាន​រដ្ឋាភិបាល​ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ តែងតាំង ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។

សម្ដេច​ប្រធាន​ព្រឹទ្ធសភា មាន​ជំនឿ​ជាក់​ថា លោក​ឯកអគ្គរដ្ឋទូត នឹង​ខិតខំ​រួមចំណែក​ពង្រឹង​ពង្រីក​ទំនាក់ទំនង មិត្តភាព និង​កិច្ច​សហ​ប្រតិបត្តិការ​រ​វាង​ប្រជាជន និង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ថែមទៀត ដើម្បី​នាំមក​នូវ​ផលប្រយោជន៍​ទៅវិញទៅមក​សម្រាប់​ប្រជាជន និង​ប្រទេស​ទាំងពីរ​។

សម្ដេច​ប្រធាន​ព្រឹទ្ធសភា បាន​ជម្រាបជូន​អំពី​ការរីកចម្រើន និង​ការទទួលបាន​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​ក្នុងពេល​កន្លងទៅនេះ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង សាមគ្គីភាព មិត្តភាព និង​កិច្ច​សហ​ប្រតិបត្តិការ​លើ​គ្រប់​វិស័យ​បាន​យ៉ាង​ល្អ វាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​ឡាវ​។

ជាមួយគ្នានេះដែរ ក្នុង​ក្របខ័ណ្ឌ​ស្ថាប័ន​នីតិប្បញ្ញត្តិ​កម្ពុជា​-​ឡាវ ក៏មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​គួរ​ជា​ទី​មោទនៈ ដោយ​បាន​ធ្វើការ​ផ្លាស់ប្ដូរ​ទស្សនកិច្ច​ទៅវិញទៅមក​ជា​ញឹកញាប់ ការចូលរួម​ប្រជុំ​ទៀង​ទាត់​ រវាង​សភា​ប្រទេស​ទាំង​៣ (​កម្ពុជា ឡាវ និង​វៀតណាម CLV) ព្រមទាំង​គាំទ្រ​គ្នា​លើ​កិច្ចសហ​ប្រតិបត្តិការ​អន្តរជាតិ ក្នុង​ក្របខ័ណ្ឌ AIPA IPU និង APPF​។

សម្ដេច​ប្រធាន​ព្រឹទ្ធសភា បាន​គូស​បញ្ជាក់​ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន ជាតិ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រៀមខ្លួន​ជានិច្ច ដើម្បី​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ​ជាមួយនឹង​ឯកឧត្ដម ឯកអគ្គរដ្ឋទូត ក៏ដូចជា​ស្ថានទូត​ឡាវ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​លើកកម្ពស់​ទំនាក់​ទំនង កិច្ចសហប្រតិបត្តិការ និង​នាំ​ផលប្រយោជន៍​ដ៏​ធំធេង​សម្រាប់​ប្រជាជន និង​ប្រទេស​ទាំងពីរ​៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu