ព្រៃវែង ៖ ក្រុមអាជីវករលក់សាច់ជ្រូក នៅក្នុងផ្សារព្រៃព្នៅចាស់ ដែលស្ថិតក្នុងភូមិព្រៃព្នៅ ឃុំព្រៃព្នៅស្រុកពារាំង ខេត្តព្រៃវែង បាននាំគ្នាសម្ដែងការសប្បាយរីករាយយ៉ាងខ្លាំងចំពោះ ឯកឧត្ដម ជា សុមេធី អភិបាល នៃអភិបាលខេត្តព្រៃវែង និងឯកឧត្ដម សួន សុម៉ាលីន អភិបាលរងខេត្ត ដែលបានជួយសម្របសម្រួលដោះស្រាយអន្តរាគមន៍ស៊ីញេបន្តលិខិតអាជីវកម្មលក់សាច់ជ្រូក ឲ្យពួកគាត់ បានលក់បន្ត ខណៈដែលពួកគាត់ត្រូវបានមន្ត្រីពេទ្យសត្វ ស្រុក ខេត្ត ចេញលិខិតអនុញ្ញាតឲ្យហើយតែបែរជាអាជ្ញាធរឃុំព្រៃព្នៅ មិនព្រមស៊ីញេទទួលស្គាល់ទៅវិញ។
ក្រុមអាជីវករផ្សារព្រៃព្នៅចាស់បានលើកឡើងថា ពួកគាត់ជាប្រជាពលរដ្ឋរស់នៅភូមិ,ឃុំខាងលើនេះគឺមានមុខរបរលក់សាច់ជ្រូកបន្តិចបន្តួច គ្រាន់ចិញ្ចឹមជីវិតរយៈពេល៣ឆ្នាំមកហើយ គឺមានលិខិតអនុញ្ញាតអាជីវកម្មពីមន្ត្រីពេទ្យសត្វ និងមានការទទួលស្គាល់ពីអាជ្ញាធរឃុំ និងបានបង់ថវិកាចូលរដ្ឋត្រឹមត្រូវ! មិនដែលមានបញ្ហាអ្វីឡើយ។
ទើបតែឆ្នាំ២០១៨នេះ ពួកគាត់នាំគ្នាបន្តលិខិតអាជីវកម្មលក់សាច់ជ្រូក ក្នុងឆ្នាំ២០១៩ បន្តដោយពួកគាត់បាន សូមច្បាប់តាំងពីមន្ត្រីពេទ្យសត្វ ឃុំ ស្រុក រហូតដល់មន្ត្រីពេទ្យសត្វខេត្តបានចេញលិខិតអនុញ្ញាតឲ្យពួកគាត់ទៀត តែបែរជាអាជ្ញាធរឃុំមិនព្រមស៊ីញេទទួលស្គាល់ឲ្យពួកគាត់ជាអាជីវករទិញវិញ ដោយដាក់គំនាប ថាបើអាជីវកណាមិនព្រមទៅលក់នៅផ្សារឯកជនព្រៃព្នៅថ្មីទេដាច់ខាតអាជ្ញាធរឃុំមិនស៊ីញេឲ្យនោះទេ។
មិនតែប៉ុណ្ណោះ អាជ្ញាធរឃុំមួយនេះ ថែមទាំងរកលេសភូតកុហកប្រជាពលរដ្ឋជាបន្តបន្ទាប់ អស់រយៈពេលជិតកន្លះខែមកហើយ រហូតដល់មន្ត្រីពេទ្យសត្វស្រុកទូរស័ព្ទមកគំរាមពួកគាត់ថាផុតកំណត់ហើយ បើសិននៅលក់ទៀតប្រយ័ត្នគេចាប់។
ដោយភាពភ័យខ្លាច ទើបពួកគាត់កាន់លិខិតនេះទៅសាលាខេត្ត ដើម្បីដាក់សំណើ សូមឲ្យលោកអភិបាលខេត្តជួយអន្តរាគមន៍ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ មុនពិធីបុណ្យអុំទូករាជធានីភ្នំពេញមួយថ្ងៃ។
លុះដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ទើបឯកឧត្ដម សួន សុម៉ាលីន ហៅពួកគាត់ដែលជាអាជីវករចូលប្រជុំនៅសាលាខេត្ត ក៏ជួយសម្របសម្រួលទូរស័ព្ទបញ្ជាមកអាជ្ញាធរឃុំឲ្យស៊ីញេឲ្យពួកគាត់ទើបអាជ្ញាធរឃុំ ព្រមស៊ីញេទាំងបង្ខំចិត្ត។
ដូច្នេះពួកគាត់ជាអាជីវករ ក៏ដូចជាប្រជាពលរដ្ឋក្នុងភូមិព្រៃព្នៅទាំងអស់ សូមកោតសរសើរចំពោះឯកឧត្ដម ជា សុមេធី អភិបាលខេត្ត និងឯកឧត្ដម សួន សុម៉ាលីន អភិបាលរងខេត្ត ដែលតែងតែយកចិត្តទុកដាក់គិតគូរពីទុក្ខលំបាករបស់ពលរដ្ឋជាប្រចាំ។ ជាពិសេសពលរដ្ឋអាជីវករនៅផ្សារព្នៅចាស់តែងតែរងសំពាធពីសំណាក់អាជ្ញាធរឃុំដែលបានឃុបឃិតគ្នាជាមួយអ្នកមានលុយធ្វើការគាបសង្កត់មកលើពលរដ្ឋស្លូតត្រង់ជាញឹកញាប់។ តែពលរដ្ឋតែងតែទទួលបានការអន្តរាគមន៍ពីសំណាក់អាជ្ញាធរខេត្តជាប្រចាំ។
ពលរដ្ឋក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្ដម ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោក សួន ម៉ាលិន អភិបាលរងខេត្តដែលតែងតែជួយដោះស្រាយនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋស្លូតត្រង់ជាបន្តបន្ទាប់រហូតមក៕
Source: Kampuchea Thmey Daily
0 Comments