ការប្រកួតកីឡាកាយសម្ព័ន្ធជើងឯកជាតិ និងដណ្ដើមពានរង្វាន់ លោក ថោង ខុន លើកទី២ ពេលនេះ លើប្រភេទកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិក(Gymnastic Aerobic) ខេត្តកំពង់ឆ្នាំង កំពុងតែដណ្ដើមបានមេដាយច្រើនជាងគេ។
ការប្រកួតបានចាប់ផ្ដើមពីថ្ងៃទី២៤ ដល់២៩វិច្ឆិកា ហើយមកទល់ពេលនេះ កាយសម្ព័ន្ធអាអេរ៉ូប៊ិកបានបញ្ចប់ជាស្ថាពរហើយ។ ចំពោះកាយសម្ព័ន្ធអាកទីស្ទីក(Gymnastic Artistic)វិញ ពេលនេះ កំពុងចាប់ផ្ដើមប្រកួតប៉ុណ្ណោះ។ សម្រាប់កាយសម្ព័ន្ធអាកទីស្ទីកមានតែបុរសប៉ុណ្ណោះ គឺនៅមិនទាន់មាននារីនៅឡើយទេ។
លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ប្រភេទកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិក មាន៥វិញ្ញាសាគឺអាអេរ៉ូប៊ិកឯកត្តជនបុរស-នារីអាអេរ៉ូប៊ិកគូចម្រុះបុរសនារី(Mix Pair)អាអេរ៉ូប៊ិកទ្រីយ៉ូ(Trio)បុរស-នារី និងអាអេរ៉ូប៊ិកក្រុម៥នាក់។
ខេត្តកំពង់ឆ្នាំងដណ្ដើមបានមេដាយច្រើនជាងគេចំនួន៥គ្រឿង ក្នុងនោះមេដាយមាស២គ្រឿង មេដាយប្រាក់២គ្រឿង និងមេដាយសំរឹទ្ធ១គ្រឿង និងក្រសួងមហាផ្ទៃដណ្ដើមមេដាយ៤គ្រឿង ក្នុងនោះមេដាយមាស២គ្រឿង និងមេដាយប្រាក់២គ្រឿង។ ខេត្តក្រចេះដណ្ដើម៥គ្រឿង ក្នុងនោះមេដាយប្រាក់១គ្រឿង និងមេដាយសំរឹទ្ធ៤គ្រឿង និងខេត្តតាកែវ ដណ្តើមបានមេដាយប្រាក់១គ្រឿង៕
Source: Kampuchea Thmey Daily
0 Comments