ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃដែលសម្លាប់មនុស្សច្រើនបំផុតក្នុងប្រវត្តិសាស្ត្រនាពេលថ្មីៗនេះរបស់រដ្ឋកាលីហ្វនីញ៉ា បានកើនឡើងដល់៥៩នាក់ហើយកាលពីថ្ងៃពុធ ខណៈអាជ្ញាធរបានបញ្ចេញបញ្ជីមនុស្ស១៣០នាក់ដែលនៅតែកំពុងបាត់ខ្លួន។
ភាគច្រើននៃអ្នកដែលបាត់ខ្លួនគឺមកពីទីប្រជុំជន Butte County នៃទីក្រុង Paradise នៅក្នុងរដ្ឋកាលីហ្វ័រនីញ៉ាភាគខាងជើងដែលត្រូវបានលុបចោលស្ទើរតែទាំងអស់ចេញពីផែនទីដោយភ្លើងឆេះព្រៃ “Camp Fire” ដែលបានផ្ទុះឡើងកាលពីសប្តាហ៍មុន។
តម្រួតតំបន់ Butte County លោក Kory Honea បានប្រាប់អ្នកកាសែតកាលពីល្ងាចថ្ងៃពុធថា បុគ្គលិកសង្គ្រោះនិងស្វែងរកចំនួន៤៦១នាក់និងសត្វសុនខរុករកចំនួន២២ក្បាលបានចូលរួមនៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីរកអ្នកបាត់ខ្លួនហើយការធ្វើតេស្ត DNA កំពុងបង្កើនល្បឿនដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះ។
លោក Honea បានថ្លែងថា “ចាប់ពីថ្ងៃព្រហស្បតិ៍ទៅ អ្នកដែលជឿថា សមាជិកគ្រួសារម្នាក់បានស្លាប់គឺអាចផ្តល់គំរូ DNA ទៅឲ្យការិយាល័យតម្រួត”។
Paradise ដែលជាទីក្រុងមួយមានប្រជាជនប្រមាណ២៦,០០០នាក់នៅតាមជួរភ្នំ Sierra Nevada គឺសម្បូរទៅដោយអ្នកចូលនិវត្តន៍ហើយភាគច្រើននៃអ្នកដែលត្រូវបានរាយការណ៍ថាបាត់ខ្លួនដោយការិយាល័យតម្រួតគឺជាមនុស្សចាស់ស្ថិតក្នុងវ័យ៧០ឆ្នាំ, ៨០ឆ្នាំនិង៩០ឆ្នាំ។
រហូតមកដល់ពេលនេះ មនុស្សយ៉ាងតិច៥៩នាក់ត្រូវបានគេរាយការណ៍ស្លាប់ដោយសារភ្លើងឆេះព្រៃហើយក្រុមស្វែងរកសាកសពកំពុងរកមើលពីផ្ទះមួយទៅផ្ទះជាមួយសត្វសុនខក្នុងទីក្រុង Paradise កាលពីថ្ងៃពុធ។
អាជ្ញាធរបាននិយាយថា ម្ចាស់សត្វចិញ្ចឹមត្រូវបានគេអនុញ្ញាតឲ្យចូលតំបន់ហាមឃាត់ក្នុងរយៈពេលខ្លីដើម្បីផ្តល់ចំណីដល់សត្វរបស់ពួកគេប៉ុន្តែវាមិនច្បាស់ទេថានៅពេលណាទើបដែលប្រជាជនត្រូវបានគេអនុញ្ញាតឲ្យចូលទៅក្នុង។
ខណៈពេលដែលមូលហេតុនៃភ្លើងឆេះព្រៃ “Camp Fire” កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនោះ ពាក្យបណ្តឹងមួយត្រូវបានដាក់ប្តឹងលើក្រុមហ៊ុនអគ្គិសនី PG&E ដោយជនរងគ្រោះនៃអគ្គិភ័យនេះដែលបានអះអាងថា មានការធ្វេសប្រហែសដោយសេវាកម្មសាធារណៈ។
ពាក្យបណ្តឹងបានចោទប្រកាន់ថា អគ្គិភ័យនេះបានចាប់ផ្តើមនៅថ្ងៃទី៨ខែវិច្ឆិកានៅពេលដែលខ្សែបញ្ជូនតង់ស្យុងខ្ពស់មានបញ្ហាហើយបង្កឲ្យមានភ្លើង៕ AFP
Source: Kampuchea Thmey Daily
0 Comments