Ad Code

ក្រសួង​អប់រំ​ បន្ត​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ ដើម្បី​ពង្រឹង​វិស័យ​អប់រំ​សម្រាប់​រយៈ​៤​ឆ្នាំ​ បន្ត​ទៀត



ភ្នំពេញ ​៖​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ប្រកាស​ចាប់ផ្ដើម​អនុវត្ត​ដំណាក់កាល​ថ្មី និង​ជា​ដំណាក់​កាល​ចុងក្រោយ នៃ​កម្មវិធី​ភាពជា​ដៃគូ​សម្រាប់​អភិវឌ្ឍ​សមត្ថភាព​វិស័យ​អប់រំ​ដែល​អនុវត្ត​រួមគ្នា​ដោយ​ស្ថាប័ន​ជាច្រើន​ក្នុង​គោលបំណង ​ដើម្បី​ពង្រឹង​វិស័យ​អប់រំ​ក្នុង​ប្រទេស​កម្ពុជា ​ចាប់ពី​ឆ្នាំ​២០១៨​ ដល់​២០២១​ខាងមុខ​។​

កម្មវិធី​នេះ​បាន​ចាប់ផ្ដើម​អនុវត្ត​នៅ​ក្នុង​ឆ្នាំ​២០១១​ ហើយ​បាន​ឈានដល់​ដំណាក់កាល​ទី​បី​ ក្នុង​ឆ្នាំ​២០១៨ នេះ ដោយមាន​ថវិកា​សរុប​ចំនួន​២៧​លាន​ដុល្លារ សម្រាប់​អនុវត្ត​ក្នុង​រយៈពេល​បួន​ឆ្នាំ​ខាងមុខ​ដោយមាន​ការចូលរួម​ពី​មូលនិធិ​ភាពជា​ដៃគូ​សម្រាប់​អភិវឌ្ឍ​សមត្ថភាព​វិស័យ​អប់រំ (CDPF)​ ដែល​មាន​សមាសភាព​ម​ក​ពី​ភាគី​រាជរដ្ឋាភិបាល​កម្ពុជា សហភាព​អឺរ៉ុប ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អភិវឌ្ឍន៍​អន្តរជាតិ​ស៊ុយអែត (SIDA) និង​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ (USAID) ភាពជា​ដៃគូ​សកល​សម្រាប់​ការអប់រំ (GPE) និង​យូ​នី​សេ​ហ្វ​។​

លោក​បណ្ឌិត ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​បាន​មានប្រសាសន៍ថា »​យើង​សូម​ស្វាគមន៍​ភាពជា​ដៃគូ​សកល​សម្រាប់​ការអប់រំ និង USAID ក្នុង​ការ​ចូលរួម​ជា​ដៃគូ​ក្នុង​កម្មវិធី CDPF ហើយ​រំពឹង​ថា​ នឹង​បន្ត​នូវ​កិច្ច​សហការ​គ្នា​យ៉ាង​ជិតស្និទ្ធ​រវាង​គ្រប់​ដៃគូ​ទាំងអស់​នៅ​ក្នុង​ដំណាក់​កាល​ចុងក្រោយ​ នៃ​កម្មវិធី​នេះ​»​។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ​សកម្មភាព​ដែល​យើង​អនុវត្ត​ក្រោម​កម្មវិធី CDPF គឺ​ផ្ដោត​លើ​ការ​បង្កើន​សមត្ថភាព​របស់​ក្រសួង ក្នុង​ការ​ផ្ដល់​សេវា​អប់រំ​ប្រកបដោយ​បរិយាបន្ន និង​សមធម៌​ដល់​កុមារ​គ្រប់រូប និង​ធានា​ប្រសិទ្ធភាព​ នៃ​ការដឹកនាំ និង​ការគ្រប់គ្រង​បុគ្គលិក​អប់រំ​នៅ​គ្រប់​ជាន់ថ្នាក់​ និង​បន្ត​ពង្រឹង​សមត្ថភាព​អ្នក​ជំនាញ​អប់រំ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ឲ្យ​កុមារ​គ្រប់រូប​ក្នុង​ប្រទេស​នេះ អាច​ទទួល​បាន​ការ​អប់រំ​ប្រកបដោយ​បរិ​យាប​ន្ន និង​គុណភាព​។​

លោក George Edgar ឯកអគ្គរាជទូត​សហភាព​អឺរ៉ុប បាន​មានប្រសាសន៍ថា «​យើង​ជឿជាក់​យ៉ាង​មុតមាំ​លើ​វិធីសាស្ត្រ ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ដៃគូ​អភិវឌ្ឍន៍ សម្រេច​ប្រើប្រាស់​ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព​ ព្រោះថា​CDPF ផ្ដល់​លទ្ធភាព​ឲ្យ​មាន​ការរៀបចំ​យុទ្ធសាស្ត្រ​ ដែល​មាន​រចនាសម្ព័ន្ធ និង​ការ​សម្របសម្រួល​ល្អ និង​មាន​ភាព​ស៊ីសង្វាក់​គ្នា ដោយ​ផ្ដោត​លើ​ការ​អភិវឌ្ឍ​សមត្ថភាព និង​ការអនុវត្ត​កំណែទម្រង់​នានា ដែល​នឹង​ផ្ដល់​អត្ថប្រយោជន៍​ដល់​មន្ត្រី​គ្រប់​ជាន់ថ្នាក់​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា រាប់បញ្ចូល​ទាំង​សាលារៀន​ផង​ដែរ​»​។​

លោក​បាន​បន្ត​ថា ការ​បញ្ចូល​ថវិកា​រួមចំណែក​ពី GPE និង USAID ក្នុង​ដំណាក់កាល​ថ្មី​នេះ គឺជា​សញ្ញា​ដែល​បង្ហាញ​ពី​ការ​បំពេញ​ការងារ​យ៉ាង​ល្អ​របស់​កម្មវិធី CDPF និង​ការ​ទទួល​ស្គាល់​ពី​ភាព​ប្រើប្រាស់​បាន​ នៃ​ប្រព័ន្ធ​របស់​ប្រទេស​កម្ពុជា ដើម្បី​សម្រេច​លទ្ធផល និង​បង្កើន​កិច្ចសហការ​រួមគ្នា និង​ការ​ធ្វើ​សុខ​ដុម​នីយកម្ម​សកម្មភាព​នានា ឲ្យ​មាន​ទិសដៅ​ស្របគ្នា​ក្នុង​វិស័យ​អប់រំ​។

លើសពីនេះ កម្មវិធី​នេះ ថែមទាំង​បន្ថែម​នូវ​គុណ​តម្លៃ ដល់​ទស្សនាទាន​ស្ដីពី​ភាពជា​ដៃគូ ដែល​ជា​មូលដ្ឋានគ្រឹះ​ នៃ​កម្មវិធី CDPF ផង​ដែរ​។​

ចំណែក​លោកស្រី Natascha Paddison ប្រធាន​ស្តីទី​របស់​យូ​នី​សេ​ហ្វ ​ប្រចាំ​ប្រទេស​កម្ពុជា បាន​មា​ន​ប្រសាសន៍​ថា ​ប្រទេស​កម្ពុជា​ធ្លាប់​ឆ្លងកាត់​នូវ​ប្រវត្តិសាស្ត្រ​មួយ​លំបាក ដូច្នេះ​ការ​កែប្រែ​មុខមាត់ ​នៃ​ប្រព័ន្ធ​អប់រំ​របស់​ប្រទេស​នេះ គឺជា​សមិទ្ធផល​មួយ​ដ៏​វិសេសវិសាល​។ ទោះជា​យ៉ាង​នេះ​ក៏ដោយ យើង​ត្រូវ​បន្ត​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​នៅ​សេសសល់ ជាពិសេស​បញ្ហា​ប្រឈម​របស់​សិស្ស​ក្នុង​សហគមន៍​ងាយ​រងគ្រោះ និង​ជួប​ការ​លំបាក​។

លោកស្រី​បាន​បន្តថា ​កម្មវិធី CDPF មាន​សារៈសំខាន់ ព្រោះ​វា​ជំរុញ​ឲ្យ​មាន​ការចូលរួម​ពី​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំង​អស់ នៃ​សង្គម​កម្ពុជា ក្នុង​កំណែទម្រង់​ការអប់រំ ចាប់ពី​មន្ត្រី​រដ្ឋាភិបាល រហូតដល់​នាយក​សាលា គ្រូបង្រៀន មាតាបិតា​សិស្ស​។

យើង​សង្ឃឹមថា កម្មវិធី​នេះ​ នឹង​អាច​ផ្ដល់​ភាព​អង់អាច​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ដើម្បី​វិនិយោគ​លើ​ការ​អប់រំ សម្រាប់​កូនៗ​របស់​ពួកគេ​អាច​ទទួល​បាន​ប្រយោជន៍​ក្នុង​រយៈពេល​វែង​។​

គួរ​បញ្ជាក់​ថា​ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ អន្តរាគមន៍​ដែល​គាំទ្រ​ដោយ CDPF ក្នុង​កំណែ​ទម្រង់​វិស័យ​អប់រំ បានសម្រេច​នូវ​លទ្ធផល​ជា​វិជ្ជមាន​សម្រាប់​កុមារ និង​អ្នក​ជំនាញ​អប់រំ​ក្នុង​ប្រទេស​កម្ពុជា​។​

ក្នុងនោះ ​ក្រសួង​អប់រំ ​ដាក់​អាទិភាព​ប្រកបដោយ​ប្រសិទ្ធភាព​លើ​អន្តរាគមន៍​នានា ដែល​ផ្តោត​លើ​សមធម៌ និង​ពន្លឿន​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​ផ្ដល់​សេវា​ដល់​កុមារ​ដែល​ងាយ​រងគ្រោះ​ជាងគេ និង​ដែល​ពុំ​មាន​ឱកាស​ចូលរួម​ក្នុងការ​អប់រំ តាមរយៈ​អន្តរាគមន៍​នានា ដែល​ទទួលបាន​ការគាំទ្រ​ពី​កម្មវិធី CDPF ដូចជា​ការផ្តល់​អាហារូបករណ៍​ដល់​កុមារ​ជួប​ការលំបាក និង​ការផ្តល់​ការអប់រំ​ប្រកបដោយ​បរិ​យាប​ន្ន​ដល់​កុមារ​ពិការ​ជាដើម​។​

ចំណែក​អ្នកជំនាញ​អប់រំ​កាន់​តែ​ច្រើន​ អាច​គ្រប់គ្រង​សាលារៀន​របស់​ពួកគេ ប្រកបដោយ​ប្រសិទ្ធភាព ដោយសារ​ទទួលបាន​ឱកាស​រៀន​សូត្រ​វិជ្ជាជីវៈ ដែល​មាន​គោលបំណង​បង្កើន​សមត្ថភាព និង​គុណវុឌ្ឍិ​មន្ត្រី​សំខាន់ៗ ដែល​កំពុង​កាន់​តួនាទី​ជា​អ្នកដឹកនាំ និង​គ្រប់គ្រង​វិស័យ​អប់រំ​។​

រីឯ​សមាជិក​សហគមន៍ កាន់តែ​ច្រើនជាង​មុន ចូលរួម​ក្នុង​សកម្មភាព​កំណែទម្រង់​វិស័យ​អប់រំ ដោយ​សារ​អន្តរាគមន៍​គាំទ្រ​ពី CDPF ជាពិសេស​តាមរយៈ​គណៈកម្មការ​ទ្រទ្រង់​សាលារៀន ដែល​មាន​ការ​ចូលរួម​ពី​មាតាបិតា អ្នកដឹកនាំ សហគមន៍​មូលដ្ឋាន គ្រូបង្រៀន និង​នាយក​សាលា​។​

ជាមួយគ្នានេះដែរ ភាពជា​ដៃគូ​ជាមួយនឹង​អង្គការ​មិនមែន​រដ្ឋាភិបាល បាន​រួម​ចំណែក​ពង្រីក​វិសាល​ភាព​ នៃ​សកម្មភាព​របស់​កម្មវិធី CDPF ដល់​តំបន់​ជនបទ និង​ដាច់ស្រយាល តាមរយៈ​ការ​ហ្វឹកហ្វឺន និង​ការណែនាំ​នៅ​កន្លែងធ្វើការ​ផ្ទាល់​ក្នុង​រយៈពេល​វែង ដល់​មន្ត្រី​មកពី​ខេត្ត និង​ស្រុក​ដែល​ជួប​ការ​លំបាក៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu