ភ្នំពេញ ៖ សមាជិករដ្ឋសភា បានសំណូមពរដល់រាជរដ្ឋាភិបាលគិតគូរអំពីប្រាក់សោធនរបស់មន្ត្រី ដែលចូលនិវត្តន៍ចាស់ និងមន្ត្រីចូលនិវត្តន៍ក្រោយ ធ្វើយ៉ាងម៉េចបង្រួមគម្លាតប្រាក់សោធនឲ្យបានកៀកគ្នា ព្រោះមន្ត្រីចូលនិវត្តន៍មុនបានឈានចូលវ័យចាស់ជួបការលំបាក ធ្វើយ៉ាងម៉េចឲ្យពួកគាត់រស់នៅក្នុងសេចក្ដីថ្លៃថ្នូរ។
ការសំណូមពរនេះ បានធ្វើឡើងនៅក្នុងសម័យប្រជុំពេញអង្គរបស់រដ្ឋសភាលើកទី១ នីតិកាលទី៦ ពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ ស្ដីពីហិរញ្ញវត្ថុឆ្នាំ២០១៩ ព្រឹកថ្ងៃទី១៥វិច្ឆិកានេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជានៅវិមានរដ្ឋសភា។
លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភាបានលើកឡើងថា បើគិតទៅមន្ត្រីដែលចូលនិវត្តន៍ចាស់លោកបានខិតខំណាស់តាំងពីប្រទេសជាតិរបស់យើងនៅបាតដៃទទេ ខិតខំជួយកសាងប្រទេសពីគំនរផេះផង់ រហូតមានអ្វីៗក្នុងថ្ងៃនេះ តែនៅពេលចូលនិវត្តន៍ទៅគម្លាតប្រាក់ចូលនិវត្តន៍ ដោយសារប្រាក់ខែឡើងមិនទាន់ប្រាក់សោធន ស្ថិតនៅក្នុងកម្រិតទាប លោកមានអារម្មណ៍មិនសូវល្អ។
អញ្ចឹងក្នុងថ្ងៃនេះ សូមឲ្យបងប្អូនទាំងអស់ដែលចូលនិវត្តន៍ចាស់ រីករាយសប្បាយចិត្ត ថារាជរដ្ឋាភិបាលកំពុងតែបានគិតគូរអំពីបញ្ហានេះ ដើម្បីបង្រួមគម្លាត នៃប្រាក់សោធននិវត្តន៍ចាស់ និងថ្មីនេះ ហើយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងគណៈកម្មការទី៨ នៃរដ្ឋសភា នឹងរួមគ្នា ដើម្បីធ្វើច្បាប់សោធននិវត្តន៍តែមួយ ព្រោះពីមុនក្រសួងមហាផ្ទៃមាននីតិវិធីផ្សេងទៅ ក្រសួងការងារមាននីតិវិធីការងារផ្សេងទៅ ចំណែកមន្ត្រីសាធារណៈផ្សេងទៅ។
លោកជំទាវ ក៏សូមគាំទ្រចំពោះអង្គសភា ដែលបានលើកយកសេចក្ដីព្រាងច្បាប់ ស្ដីពីហិរញ្ញវត្ថុឆ្នាំ២០១៩ មកពិភាក្សា និងអនុម័តនាក្នុងថ្ងៃនេះ។
ឯកឧត្ដមបណ្ឌិតសភាចារ្យអូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភាបានបញ្ចប់បេសកកម្មជាប្រវត្តិសាស្ត្ររបស់ខ្លួន ប្រកបដោយភាពជោគជ័យដ៏ត្រចះត្រចង់ និងសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនជូនប្រទេសជាតិ និងប្រជាជន។
ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៀត សម្រាប់រយៈពេល៥ឆ្នាំខាងមុខ កម្ពុជាត្រូវបន្តរក្សាឲ្យបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងអត្រាប្រមាណ ៧%ក្នុងមួយឆ្នាំ ដើម្បីបង្កើតការងារប្រកបដោយគុណភាពសម្រាប់យុវជនផង និងឆ្លើយបានប្រកបដោយប្រសិទ្ធភាព ចំពោះក្តីរំពឹងទុករបស់ប្រជាជន ដែលបន្តកើនឡើងជាលំដាប់ផង។
ថវិកាជាតិឆ្នាំ២០១៩ ក៏ផ្ដោតពិសេស ១-ការបន្តតំឡើងប្រាក់បៀវត្សរ៍ជូនដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដើម្បីបង្កើនកម្រិតជីវភាពរបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធឲ្យកាន់តែល្អប្រសើរផង និងដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈផង។
២-ការវិនិយោគលើធនធានមនុស្ស និងការជំរុញអនុវត្តក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៧-២០២៥ របស់រាជរដ្ឋាភិបាល មានជាអាទិ៍ ៖ ការថែទាំសុខភាពមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន របបថែទាំសុខភាព សម្រាប់កម្មការ និងរបបឧបត្ថម្ភមោឃភាពសម្រាប់កម្មការិនី របបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ។ ល ។
៣-ការកែទម្រង់សំដៅលើកកម្ពស់ និងកែលំអប្រសិទ្ធភាព និងគុណភាពសេវាសាធារណៈលើគ្រប់វិស័យ ដើម្បីឆ្លើយតបទៅនឹងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាជន។
៤-ការផ្តល់អាទិភាពលើការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាពិសេសផ្លូវថ្នល់ អគ្គិសនី និងប្រព័ន្ធធារាស្ត្រស្រោចស្រព និងការជួសជុលថែទាំហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ និងជំនន់ទឹកភ្លៀងក្នុងឆ្នាំ២០១៨នេះ ដែលមានសារៈសំខាន់ សម្រាប់បន្តជួយទ្រង់សម្រាប់កំណើនសេដ្ឋកិច្ច ទាំងក្នុងរយៈពេលខ្លី មធ្យម និងវែង ក៏ដូចជាសម្រាប់ការដោះស្រាយតម្រូវការជីវភាពប្រចាំថ្ងៃរបស់ប្រជាជន៕
Source: Kampuchea Thmey Daily
0 Comments