ប្រទេសកូរ៉េខាងត្បូងបានទម្លាក់កម្រិតសំឡេងនៅថ្ងៃព្រហស្បតិ៍ ខណៈសិស្សរាប់សែននាក់បានធ្វើការប្រឡងចូលសាកលវិទ្យាល័យថ្នាក់ជាតិដ៏សំខាន់ស្របពេលដែលអាជ្ញាធរបានចាត់វិធានមិនធម្មតាដើម្បីកាត់បន្ថយការរំខានដែលអាចកើតមានឡើង។
ការធ្វើតេស្តចូលរៀននៅមហាវិទ្យាល័យគឺជាចំណុចសំខាន់បំផុតនៃប្រព័ន្ធសាលារៀនដែលមានតម្រូវការខ្ពស់របស់កូរ៉េខាងត្បូងហើយនៅក្នុងសង្គមដែលមានលក្ខណៈប្រកួតប្រជែងខ្លាំងមួយ, វាបានដើរតួយ៉ាងសំខាន់ក្នុងការកំណត់ជីវិតពេញវ័យរបស់សាលារៀន កាន់កូនសោរនៃសាកលវិទ្យាល័យកំពូលៗ ឋានៈសង្គមខ្ពស់ ការងារល្អនិងសូម្បីតែអនាគតអាពាហ៍ពិពាហ៍។
យោងតាមក្រសួងអប់រំបានឲ្យដឹងថា នៅឆ្នាំនេះ សិស្សជិត៥៩៥,០០០នាក់បានចូលរួមក្នុងការប្រឡងដែលមានរយៈពេលជាង៩ម៉ោង។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in ដែលកំពុងស្ថិតនៅក្នុងប្រទេសសិង្ហបុរីសម្រាប់កិច្ចប្រជុំកំពូលថ្នាក់តំបន់បានបង្ហោះសារជូនពរដល់សិស្សនៅលើទំព័រ Facebook របស់គាត់។
វិធានការវិសាមញ្ញត្រូវបានធ្វើឡើងទៅទូទាំងប្រទេសដើម្បីលុបបំបាត់នូវអ្វីដែលអាចរំខានដល់អ្នកធ្វើតេស្ត។
ការិយាល័យសាធារណៈ អាជីវកម្មធំៗនិងផ្សារហ៊ុនបានបើកទ្វារយឺតជាងធម្មតាមួយម៉ោងដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍និងធានាថា សិស្សបានទៅដល់ទាន់ពេលសម្រាប់ការប្រឡងដែលបានចាប់ផ្តើមទូទាំងប្រទេសនៅម៉ោង៨:៤០ព្រឹក។
សិស្សានុសិស្សដែលស្ទះចរាចរណ៍អាចជិះឡានប៉ូលិសនិងម៉ូតូដើម្បីប្រញាប់ប្រញាល់ទៅមណ្ឌលប្រឡង។
រាល់ការហោះឡើងនិងចុះចតទាំងអស់នៅព្រលានយន្តហោះកូរ៉េខាងត្បូងត្រូវបានផ្អាករយៈពេល២៥នាទីដើម្បីស្របជាមួយនឹងការធ្វើតេស្តស្តាប់ភាសាអង់គ្លេសហើយយន្តហោះទាំងអស់ត្រូវរក្សាកម្ពស់ខ្ពស់ជាង៣,០០០ម៉ែត្រ។
ក្រសួងដឹកជញ្ជូនបាននិយាយថា ជើងហោះហើរចំនួន១៣៤ត្រូវបានពន្យារពេលដោយសារតែការប្រឡងនេះ។
ឧបករណ៍អេឡិចត្រូនិចត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងហើយសិស្សមិនអាចចាកចេញពីបរិវេណសាលារៀនបានទេរហូតដល់ការធ្វើតេស្តបញ្ចប់ដើម្បីកាត់បន្ថយឱកាសនៃការលួចមើលឯកសារ៕ AFP
Source: Kampuchea Thmey Daily
0 Comments