Ad Code

អ្នក​ខេត្ត​ព្រះវិហារ​បង្ហាញ​ពី​ប្រវត្តិ​សង្ខេប អ្នក​សច្ចំ​ភ្នំ​ត្បែង​(​លោកតា សួង​) និង​ការសាងសង់​បុស្បុក​សម្រាប់​តម្កល់​រូបសំណាក



ព្រះវិហារ ​៖​ ការ​តម្កល់​រូបសំណាក ​និង​បុស្បុក លោក ឪ​សួង (​អ្នក​សច្ចំ​ភ្នំ​ត្បែង​) នៅ​រង្វង់​មូល​ស្រុក​គូលែន អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ និង​ម្យ៉ាងទៀត​គឺ​ដើម្បី​អោយ​វិញ្ញាណក្ខន្ធ​លោកតា​មក​សណ្ឋិត​នៅ​ ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប ដើម្បី​រស់នៅ​ជា​ខ្មែរ​តែមួយ ក្រោម​ម្លប់​សន្តិភាព វឌ្ឍនភាព ដូច​សម័យ​មហានគរ។

កន្លង​មក​នេះ មានការ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុក ​និង​យូធូប​មួយ​ចំនួន​ ដោយ​បាន​លើក​ពី​ប្រវត្តិ​របស់​លោក​ឪ​សួង តែ​ហាក់​ដូច​ជា​មិន​ត្រឹមត្រូវ​នោះ​ទេ។ ប៉ុន្តែ​ក្រោយពី​អ្នក​ខេត្ត​ព្រះវិហារ​ផ្ទាល់​ចងក្រង​ និង​ស្រាវជ្រាវ​យ៉ាង​ម៉ត់ចត់ ទើប​ប្រវត្តិ​របស់​លោក​ ឪ​សួង​ ត្រូវ​បាន​លាតត្រដាង​យ៉ាង​ច្បាស់ ​និង​ត្រឹមត្រូវ ​ថា​តើ លោក ឪ​សួង ឬ​អ្នក​សច្ចំ​ភ្នំ​ត្បែង មាន​ប្រវត្តិ​ និង​ភាព​ល្បី​ល្បាយ​បែប​ណា​នោះ លោក​សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ បាន​អោយ​ដឹង​នៅ​ថ្ងៃ​ទី​១៣/១១/២០១៨​នេះ​ថា​ លោកតា សួង ព្រះនាម​ដើម ជុក សួង កើត​ថ្ងៃ​អង្គារ ១៥​កើត ខែ​កត្តិក ឆ្នាំជូត ឆស័ក ព​.​ស​. ២៤៦៨ ត្រូវ​នឹង​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា គ​.​ស​.១៩២៤ ក្នុង​ត្រកូល​កសិករ នៅ​ភូមិ​គូលែន​ជើង ឃុំ​គូលែន​ជើង ស្រុក​គូលែន ខេត្ត​ព្រះវិហារ។ ឪពុក​ឈ្មោះ ពួត ជុក ម្ដាយ​ឈ្មោះ អ៊ិន ផាន់ មាន​បងប្អូន​៨​នាក់។

-​គ​.​ស​.១៩៤០ ឪពុក​ម្ដាយ​បាន​បញ្ជូន​លោក​ឱ្យ​ទៅ​ស្នាក់នៅ​រៀន​សូត្រ​ក្នុង​វត្ត​គូលែន​ជើង។ អាយុ​១៨​ឆ្នាំ បាន​បួល​ជា​សាមណេរ និង​បាន​បំពេញ​ជា​ព្រះ​ភិក្ខុ​ក្នុង​ព្រះជន្ម ២០​ព្រះវស្សា​។ គ​.​ស​.១៩៤៥ លោក​បាន លាចាក​សិក្ខាបទ​មក​ប្រកប​រប​ស្រែ​ចំការ​ជាមួយ​គ្រួសារ​មួយ​រយៈ ក៏​ថ្វាយបង្គំ​លា​ឪពុក​ម្ដាយ​ទៅ​បួស​រៀន ជា​អ្នក​សច្ចំ​នៅ​លើ​ខ្នងភ្នំ​ត្បែង ចេះ​នូវ​ក្បួន​ហោរាសាស្ត្រ ក្បួន​វេជ្ជសាស្ត្រ​បុរាណ និង​មន្តអាគម​គាថា ដ៏​ពូកែ​ស័ក្ដិសិទ្ធិ។

-​គ​.​ស​.១៩៧០ លោកតា សួង បាន​និមន្ត​ចុះ​ពី​ភ្នំ​ត្បែង មក​ផ្សព្វផ្សាយ​ព្រះធម៌ អប់រំ​អ្នកស្រុក​ឱ្យ​ធ្វើ អំពើ​ល្អ កតញ្ញូ​ចំពោះ​អ្នកមានគុណ ជួយសង្គ្រោះ​អ្នកមាន​ទុក្ខ​ភ័យ និង​ជួយ​ព្យាបាល​អ្នកមាន​ជំងឺ​។ តាំងពី ពេលនោះ គុណធម៌​អ្នក​សច្ចំ​ភ្នំ​ត្បែង បាន​ល្បី​សុះសាយ​គ្រប់ទិសទី រហូតដល់​ព្រះរាជាណាចក្រ​ថៃ។

-​លោកតា សួង សុគត​នៅ​ថ្ងៃ​សុក្រ ១០​កើត ខែភទ្របទ ឆ្នាំរោង ទោស័ក ព​.​ស​. ២៥៤៤ ត្រូវ​នឹង ថ្ងៃទី​០៨ ខែកញ្ញា គ​.​ស​.២០០០ នៅ​វត្ត​ព្រៃ​ផា​ថា​ណា ស្រុក​ភូ​សិញ ខេត្ត​ស៊ីសាកេត (​ព្រះរាជាណាចក្រ ថៃ​) ក្នុង​ព្រះជន្ម ៧៦​ព្រះវស្សា​។​

ការ​បាត់បង់​អ្នក​សច្ចំ​ភ្នំ​ត្បែង មហាជន​ប្រុស​ស្រី​មានការ​សោកស្ដាយ​ជាទីបំផុត​។ ឯ​ការ​កសាង​បដិមា លោកតា សួង នៅ​ទី​នេះ គឺ​ដើម្បី​ឧទ្ទិស​ដល់​បុណ្យ​បារមី​របស់​អ្នក​សច្ចំ​ដទៃ​ទៀត ដែល​លោក​តែងតែ​ជួយ អប់រំ និង​ជួយសង្គ្រោះ​មនុស្ស​ទូទៅ ជា​បុព្វហេតុ​នាំមក​នូវ​សុខ​សន្តិភាព​យូរអង្វែង​ដល់​សង្គមជាតិ​កម្ពុជា។

-​ការសាងសង់​បុស្បុក និង​រូបសំណាក លោកតា សួង នេះ​ឡើងជា​គំនិត​ផ្ដួចផ្ដើម​របស់​លក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ​។ រីឯ​ការសាងសង់​លោក បាន​ប្រគល់​ជូន លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ ដឹកនាំ​ការសាងសង់​ដោយ​ផ្ទាល់។ ចំពោះ​ថវិកា​នៃ​ការសាងសង់​គឺ បាន​មកពី​ជំនួយ​របស់​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត សប្បុរសជន​នានា​នៅ​ក្នុង​ខេត្ត និង​នៅ​ជិត​ឆ្ងាយ​ផង​ដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu