យ៉ាម ខេមរា អ្នកប្រដាល់ក្លិបរស្មីកុមារកំព្រា ត្រូវគេផ្គូឲ្យជួបប្រកួតសាកកណ្ដាប់ដៃជាមួយអ្នកប្រដាល់ ឈួន រិទ្ធី សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨នេះ នៅលើសង្វៀនបាយ័នស្ទឹងមានជ័យ។
យ៉ាម ខេមរា ជាអ្នកប្រដាល់ស្រករក្រោយ ប៉ុន្តែគេមានស្នៀតប្រដាល់ល្អ ចិត្តធំ ដែលធ្វើឲ្យការប្រកួតរបស់គេ តែទទួលបានជ័យជម្នះជានិច្ច ក្នុងការឡើងប្រកួតប្រមាណ៥ប្រកួតចុងក្រោយនេះ។
ចំណែក ឈួន រិទ្ធី អតីតអ្នកប្រដាល់វាយក្នុងទ្រុង គេវាយខ្លាំងជាង យ៉ាម ខេមរា ទៅទៀត។ អ្នកប្រដាល់រូបនេះ វាយកាច តែមានចិត្តប្រដាល់មិនសូវធំប៉ុន្មានទេ បើសិនជាជួបគូប្រកួតអន់ជាងខ្លួន រិទ្ធី វាយរឹតតែកាច និងហ៊ានមែនទែន តែបើសិនជួបជើងខ្លាំង ឬជើងចាស់វិញ គេឆាប់បាក់ទឹកចិត្តណាស់។ ឈួន រិទ្ធី ប្រកួតមិនសូវទៀងទាត់ឡើយ ឈ្នះក៏ងាយ ចាញ់ក៏ងាយ។ តែយ៉ាងណា រិទ្ធី ជាអ្នកប្រដាល់ម្នាក់ដែលមានថ្វីដៃល្អ វាយខ្លាំង ពិសេសកណ្ដាប់ដៃ និងកែងរបស់គេ។
ទោះជាយ៉ាងណា ជួបប្រកួតជាមួយយ៉ាម ខេមរា លើកនេះ ឈួន រិទ្ធី គឺមានការពិបាកហើយ ព្រោះថាខេមរា ជាអ្នកប្រដាល់ដែលស៊ូបំផុត។ ការប្រកួតចុងក្រោយរបស់ យ៉ាម ខេមរា (១១វិច្ឆិកា២០១៨) គឺវាយឈ្នះជើងចាស់ ធី តុងហ៊ី ដោយពិន្ទុ។
សម្រាប់ការជួបគ្នារវាង ឈួន រិទ្ធី និង យ៉ាម ខេមរា នេះ គេមិនហ៊ានទាយថានរណាឈ្នះ នរណាចាញ់នោះឡើយ?។ ពួកគេពីរនាក់នេះ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម។ ឈួន រិទ្ធ ប្រកួតចុងក្រោយនេះ គេវាយឈ្នះ គិន សំបូរ ក្លិបថ្មគោលពោធិសែនជ័យ ក្នុងទឹកទី១។
ជុន សាវុធ អ្នកប្រដាល់ជើងចាស់នៃក្លិបកងពលដឹកជញ្ជូនលេខ៩០ នឹងជួបជម្រះបញ្ជីជាមួយជើងចាស់ ម៉ន ភីរម្យ អ្នកប្រដាល់ក្លិបការិយាល័យទី៥ កងទ័ពជើងគោក ដោយប្រកួតក្នុងទម្ងន់៥៤គីឡូក្រាម។ ពីរនាក់នេះ ធ្លាប់ជួបគ្នាពីរលើកហើយកន្លងមក ដោយ ជុន សាវុធ បានត្រឹមស្មើ និងចាញ់ម៉ន ភីរម្យ ប៉ុណ្ណោះ។
អ្នកប្រដាល់ ជុន សាវុធ នេះ ជាអ្នកប្រដាល់ដែលមានស្នៀតប្រដាល់ និងល្បិចកលច្រើន កណ្ដាប់ដៃវាយចេញល្អ និងមានចិត្តស៊ូចំពោះការប្រកួតថែមទៀត តែកម្លាំងស៊ុហ្វរបស់គេមិនសូវរឹងមាំប៉ុន្មានឡើយ។ គេប្រកួតចុងក្រោយនេះ វាយចាញ់ ធន់ អៀងឡៃ អ្នកប្រដាល់ស្រករក្រោយក្លិបមជ្ឈមណ្ឌលកីឡា ខ.ភ.ម ដោយពិន្ទុ។
ទោះជាយ៉ាងណា ជួបជាមួយ ម៉ន ភីរម្យ ដែលជាអ្នកប្រដាល់សំបូរល្បិចនោះ ជុន សាវុធ រាងយ៉ាប់ហើយ។ ប៉ុន្តែ ម៉ន ភីរម្យ ក៏មិនសូវទៀងទាត់ប៉ុន្មានដែរ ដែលការប្រកួតរបស់គេ ជួនល្អ ជួនអន់។ ភីរម្យ ប្រកួតចុងក្រោយ ក៏វាយចាញ់ ធន់ អៀងឡៃ អ្នកប្រដាល់ស្រករក្រោយក្លិបមជ្ឈមណ្ឌលកីឡា ខ.ភ.មដែរ ដោយចាញ់ក្នុងទឹកទី៤។ ចាំមើល ជុន សាវុធ អាចយកឈ្នះ ម៉ន ភីរម្យ បាន ឬអត់លើកនេះ?។
អូន ចាន់ឡឹង អ្នកប្រដាល់ក្លិបកុសលកីឡា ត្រូវគេផ្គូឲ្យជួបប្រកួតជាមួយ សៀន វិបុល អ្នកប្រដាល់ក្លិបរាជសីហ៍ខេត្តរតនគិរី ដោយប្រកួតក្នុងទម្ងន់៦៧គីឡូក្រាម។ អ្នកប្រដាល់ពីរនាក់នេះ ធ្លាប់ប៉ះគ្នាម្ដងហើយពីមុនមក ដោយ អូន ចាន់ឡឹង ឈ្នះ សៀន វិបុល ក្នុងទឹកទី២។ ចាន់ឡឹង ជាអ្នកប្រដាល់ស្រករក្រោយដែរ ប៉ុន្តែគេមានក្បាច់គុនល្អ តិចនិកប្រកួតច្រើន។ ការប្រកួតចុងក្រោយនេះ ចាន់ឡឹង វាយឈ្នះ ធិន សុវណ្ណ ក្លិបកងពលតូចលេខ៧០ក្នុងទឹកទី១ កាលពីថ្ងៃទី០២វិច្ឆិកាកន្លងមកនេះ។
ចំណែក ប៉ិល សារុន អ្នកប្រដាល់ក្លិបអាណាចក្រគុនខ្មែរ នឹងត្រូវជួបប្រកួតជាមួយ អ៊ួន អូន អ្នកប្រដាល់ក្លិបយុវវាលស្បូវខណ្ឌច្បារអំពៅ ដោយជួបគ្នាក្នុងទម្ងន់៦០គីឡូក្រាម។ ពួកគេទាំងពីរនេះ ជាអ្នកប្រដាល់ស្រករក្រោយដូចគ្នា។ ដូច្នេះសម្រាប់ការជួបគ្នានេះ មិនដឹងថានរណាឈ្នះនោះទេ?៕
Source: Kampuchea Thmey Daily
0 Comments