ភ្នំពេញ ៖ អ្នកជំនាញអាកាសចរណ៍ស៊ីវិល មកពីបីប្រទេសរួមមាន កម្ពុជា ឡាវ និងភូមា បានចាប់ផ្ដើមពិភាក្សាគ្នាទៅលើការកែលំអឧស្សាហកម្មអាកាសចរឲ្យកាន់តែល្អប្រសើរ ដើម្បីបង្កើនជើងហោះហើរទៅកាន់ប្រទេសចិនឲ្យបានច្រើនថែមទៀត។
លោក ម៉ឹង សត្យា ប្រធាននាយកដ្ឋានផែនការយុទ្ធសាស្ត្រ និងគោលនយោបាយ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានមានប្រសាសន៍ថា អ្នកជំនាញអាកាសចរណ៍ស៊ីវិលមកពីបីប្រទេស នឹងធ្វើការពិភាក្សាគ្នាទៅលើយុទ្ធសាស្ត្រគន្លឹះៗសំខាន់ៗនានាដូចជា ការបង្កើនការផ្តល់សេវាកម្ម និងពង្រីកហេដ្ឋារចនាសម្ព័ន្ធបន្ថែមនៅតាមអាកាសយានដ្ឋានឲ្យបានល្អជាងមុន អភិវឌ្ឍន៍ធនធានមនុស្ស សម្រួលក្នុងការធ្វើវីសាទៅវិញទៅមក និងការបំពេញបែបបទអន្តោប្រវេសន្តជាដើម ដើម្បីទាក់ទាញភ្ញៀវទេសចរចិន មកកម្សាន្តនៅប្រទេសទាំងបីបានកាន់តែច្រើន។
ថ្លែងក្រោយសិក្ខាសាលា ស្ដីពីការតភ្ជាប់ការហោះហើរជាមួយមន្ត្រីអាកាសចរកម្ពុជា ឡាវ និងភូមានៅព្រឹកថ្ងៃទី១៥វិច្ឆិកា នៅសណ្ឋាគារកាំបីឌីយ៉ាណា លោក ម៉ឹង សត្យាបានបន្តថា ការកែលំអឧស្សាហកម្មអាកាសចរនេះ គឺធ្វើឡើងតាមរយៈគម្រោងសិក្សាលើកកម្ពស់ការតភ្ជាប់ផ្លូវអាកាសរបស់ប្រទេសទាំងបីក្រោម ក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការមេគង្គ ឡានឆាង នៃប្រទេសចិនដែលមានរយៈពេល១ឆ្នាំកន្លះ ដោយអនុវត្តចាប់ពីខែមេសា ឆ្នាំ២០១៨ រហូតដល់ខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះ។
លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានមានប្រសាសន៍ថា គម្រោងនេះ នឹងជួយបង្កើនចំនួនការហោះហើរពីកម្ពុជាទៅកាន់ប្រទេសចិនកាន់តែច្រើនថែមទៀត ខណៈបច្ចុប្បន្ននេះមានជើងហោះហើរទៅកាន់ប្រទេសចិនមានចំនួន៣៤៣ជើងក្នុងមួយសប្ដាហ៍ តាមក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន៦ និងអាកាសចរណ៍អន្តរជាតិចំនួន១០ក្នុងនោះនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបមាន២៨គោលដៅ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ១៦គោលដៅ និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ១២គោលដៅ។
លោកសង្ឃឹមថា ការកើនឡើងការហោះហើរត្រង់ទៅកាន់គោលដៅប្រទេសចិន នឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរកម្ពុជា-ចិន ដូចជា ម៉ោងហោះហើរខ្លីជាងមុន តម្លៃថោកជាងមុន និងទទួលបានការពេញចិត្តច្រើនពីអតិថិជនជាងមុន។
យោងតាមការព្យាករណ៍របស់ក្រសួងទេសចរណ៍បានឲ្យដឹងថា ប្រទេសកម្ពុជា នឹងទទួលភ្ញៀវទេសចរប្រទេសចិនចំនួន១លាន ៧សែននាក់ នៅឆ្នាំ២០១៨នេះ ហើយនឹងកើនឡើងដល់២លាន៥សែននាក់ នៅឆ្នាំ២០២០ខាងមុខនេះ ដោយសារតែប្រជាជនចិនចូលចិត្តចំណាយពេលវេលាក្នុងការដើរទៅកម្សាន្តនៅតាមបណ្ដាប្រទេសនានា នៅលើពិភពលោកពិសេសនៅតំបន់អាស៊ាន៕
Source: Kampuchea Thmey Daily
0 Comments