Ad Code

ព្រឹក​នេះ កម្ពុជា​ប្រារព្ធ​ពិធី​បំបែក​កំណត់ត្រា ទូក ង វែង​ជាងគេ​នៅលើ​ពិភពលោក​នៅ​ត្រើយ​ខាងកើត​អ្នក​លឿង



​ភ្នំពេញ ​៖ ​គណៈកម្មការ​ផលិត​ទូក ង វែង​ជាងគេ​លើ​ពិភព​ប្រារព្ធ​ពិធី​បំបែក​កំណត់ត្រា ទូកង​វែង​ជាងគេ​នៅលើ​ពិភពលោក​នៅ​ម៉ោង ៨​និង ៣០ នាទី ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ​នៅ​ត្រើយ​ខាងកើត​អ្នក​លឿង​ក្រោម​អធិបតីភាព​សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា តំណាង Guinness World Records និង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​សិស្ស និស្សិត​ព្រមទាំង​ប្រជាពលរដ្ឋ​ជាច្រើន​ទៀត។

លោក ស សុខា អនុប្រធាន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​សស​យក​) និង​ជា​ប្រធាន​គណៈកម្មការ​ផលិត​ទូក ង វែង​ជាងគេ​លើ​ពិភពលោក​បានអោយដឹង​ថា ​​ពិធី​បំបែក​កំណត់ត្រា​ទូកង វែង​ជាងគេ​នៅលើ​ពិភពលោក​នាពេលនេះ​ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​បង្ហាញ​ពី​ការផលិត ទូក ង​និង​ត្រៀមខ្លួន​រៀបចំ​ពិធី​បង្ហាញ វត្តមាន ទូក ង វែង​ជាងគេ​នៅលើ​ពិភពលោក ដើម្បី​បំបែក​កំណត់ត្រា​ពិភពលោក Guiness World records នៅ​ថ្ងៃទី​១២​ខែវិច្ឆិកា​ខាងមុខនេះ​។

នេះ​គឺជា​លើក​ទី​៤​ហើយ​ដែល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បានរៀបចំ​បំបែក កំណត់ត្រា​ពិភពលោក ​បន្ទាប់ពី​លើក​ទី​១ បាន​បំបែក​ការធ្វើ​នំអន្សម​យ​ក្យ ដែល​ធំ​ជា​គេ​លើ​លោក ទី​២ ការ​រាំ​ចង្វាក់​ម៉ា​ឌី​ហ្សូ​ន ដែលមាន​មនុស្ស​រាំ​រហូតដល់​២០១៧​នាក់​និង​ទី​៣ ការ​ត្បាញ​ក្រ​មា​ដែល​វែង​ជា​គេ​នៅលើ​ពិភពលោក​។​

លោក​បាន​បន្តថា ​ការធ្វើ​ទូកង​វែង​ជាងគេ​ដើម្បី​បំបែក​កំណត់ត្រា​ទូក​មួយ​ដែល​វែង​ជាងគេ​នៅលើ​ពិភពលោក​នេះ​ គឺ​ចង់បង្ហាញ​ដល់​ពិភពលោក​ថា​កូន​ខ្មែរ​ពិតជា​រួបរួមសាមគ្គី​គ្នា​ និង​អាចធ្វើ​បាន​និង​បង្ហាញ​អំពី​សក្ដានុពល​ទេសចរណ៍​ជាច្រើន​ផ្សេងទៀត​របស់​កម្ពុជា​នៅលើ​ពិភពលោក​ផងដែរ​។

លោក ស សុខា បាន​បញ្ជាក់ថា គិត​ចាប់តាំងពី​ដំណើរ​ធ្វើ​រហូតមកដល់​លេចចេញ​ជា​រូបរាង​ទូក​ជា​ស្ថាពរ​នេះ គឺមាន​រយៈពេល​ជិត​៧​ខែ​មកហើយ ពោល​គឺមាន​ចំនួន​១៩២​ថ្ងៃ​។ ​បន្ទាប់ពី​ពិធី​បំបែក​កំណត់ត្រា​នៅ​ថ្ងៃទី​១២​ខែវិច្ឆិកា​រួច ទូក ង វែង​ជាងគេ​លើ​ពិភពលោក នឹង​បន្ត​យកមក​កាន់​រាជធានី​ភ្នំពេញ​ដើម្បី​បង្ហាញខ្លួន​នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ដោយ​ដាក់តាំង​បង្ហាញ​ដល់​សាធារណជន បាន​ទស្សនា និង​ថតរូប​ទុកជា​អនុស្សាវរីយ៍ នៅ​វាល​ព្រះមេរុ រយៈ​៧​ថ្ងៃ​ទៅ​១០​ថ្ងៃ​។
លោក​បាន​បន្ថែមថា ​បន្ទា​ប់​ពី​បង្ហាញខ្លួន​នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំ​ទូ​ករួ​ច​ហើយ ទូក ង វែង​ជាងគេ នឹងត្រូវ​យកទៅ​ទុក​នៅ​ខេត្តព្រៃវែង​វិញ ហើយ នឹង​សាងសង់ សារមន្ទីរ នៅក្នុង​ខេត្ត ដើម្បី​តម្កល់ទុក​ទូក ង វែង​ជាងគេ​នេះ ផងដែរ​។​

គួរ​បញ្ជាក់ថា ទូក ង ដែល​កម្ពុជា​ធ្វើ ដើម្បី​បំបែក​ឯតទគ្គកម្ម​ពិភពលោក មាន​បណ្តោយ​ប្រវែង ៨៧,៣ ម៉ែត្រ និង​ទទឹង​១,៩៤​ម៉ែត្រ ជម្រៅ​០,៨​ម៉ែត្រ ផ្ទុក​ចំណុះ​ទូក​ចំនួន​១៧៩​នាក់ ព្រមទាំង​ក្បូរ​ក្បាច់រចនា​ដ៏ ប្រណិត​របស់​ខ្មែរ​សម័យអង្គរ ដោយ​ប្រើប្រាស់​ពេលវេលា​ធ្វើ​រយៈពេល​១៩២​ថ្ងៃ​។​

ទូក ង​វែង​ជាងគេ លើ​ពិភពលោក​នេះ ក៏​ត្រូវបាន​ប្រសិទ្ធ​នាម​ថា “​កម្ពោជិក​បុត្តា​ខេមរា​តរី​” ដែល​មានន័យថា “​ទូកង​របស់​កូន​ខ្មែរ​រស់នៅ​ក្នុង​ដែនដី​កម្ពុជា​”​។ ទូក ង នេះដែរ មានការ​ចូលរួម ឈូសឆាយ ចាំងឈើ និង​គាំទ្រ ពី​សំណាក់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ សិស្ស និស្សិត ស​.​ស​.​យ​.​ក ព្រមទាំង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១៤០០០​នាក់ ទូទាំងប្រទេស​កម្ពុជា​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu