ក្រុមអ្នកពន្លត់អគ្គិភ័យរាប់ពាន់នាក់បានប្រយុទ្ធតស៊ូជាមួយភ្លើងឆេះព្រៃនៅភាគខាងជើងនិងភាគខាងត្បូងរដ្ឋកាលីហ្វ័រនីញ៉ា កាលពីថ្ងៃអង្គារ ខណៈក្រុមរុករកសាកសពបានស្វែងរកតាមផ្ទះនិងរថយន្តឆេះសម្រាប់ជនរងគ្រោះនៃភ្លើងឆេះព្រៃសម្លាប់មនុស្សច្រើនបំផុតក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។
គិតមកត្រឹមពេលនេះ អ្នកស្លាប់យ៉ាងតិច៥០នាក់ត្រូវបានគេរាយការណ៍នៅទូទាំងរដ្ឋនេះចាប់តាំងពីភ្លើងឆេះព្រៃកើតឡើងខណៈមនុស្សរាប់រយនាក់មិនត្រូវបានរាប់បញ្ចូលដែលជាហេតុធ្វើឲ្យចំនួនអ្នកស្លាប់ទំនងជានឹងកើនឡើង។
ភាគច្រើននៃអ្នកស្លាប់ដែលបណ្តាលមកពីភ្លើងឆេះព្រៃ “Camp Fire” គឺស្ថិតនៅក្នុងនិងជុំវិញទីក្រុង Paradise ដែលមានប្រជាជន២៦,០០០នាក់។
តម្រួត Kory Honea បានប្រាប់សន្និសីទសារព័ត៌មានមួយថា “ថ្ងៃនេះសាកសពចំនួន៦នាក់បន្ថែមទៀតត្រូវបានរកឃើញដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់៤៨នាក់។ សាកសពទាំងប្រាំមួយត្រូវបានរកឃើញនៅក្នុងទីក្រុង Paradise ហើយពួកគេស្ថិតនៅក្នុងផ្ទះ”។
អ្នកស្លាប់ពីរនាក់ទៀតត្រូវបានគេរាយការណ៍មកពីភ្លើងឆេះព្រៃ “Woolsey Fire” នៅភាគខាងជើងទីក្រុង Los Angeles ។
ទីក្រុង Paradise ដែលជាលំនៅដ្ឋានរបស់អ្នកចូលនិវត្តន៍ជាច្រើននាក់និងបានជួបប្រទះនូវគ្រោះរាំងស្ងួតមិនធម្មតាគឺត្រូវបានកម្ទេចដោយភ្លើងឆេះព្រៃ “Camp Fire” ដែលរាលដាលយ៉ាងឆាប់រហ័ស។
យោងតាម Cal Fire បានឲ្យដឹងថា ភ្លើងឆេះព្រៃ “Camp Fire” ដែលបានផ្ទុះឡើងកាលពីថ្ងៃព្រហស្បតិ៍គឺបានបំផ្លាញផ្ទៃដី១៣០,០០០ហិចតាហើយ៣៥ភាគរយត្រូវបានទប់ស្កាត់។
“Camp Fire” បានបំផ្លាញផ្ទះជាង៦,៥០០ខ្នងនិងអចលនទ្រព្យពាណិជ្ជកម្ម២៦០កន្លែង។ បុគ្គលិកពន្លត់អគ្គិភ័យជាង៥,៦០០នាក់កំពុងប្រយុទ្ធជាមួយភ្លើងឆេះព្រៃនេះដោយក្នុងនោះមានមួយចំនួនមកពីតំបន់ឆ្ងាយៗដូចជារដ្ឋវ៉ាស៊ីនតោននិងតិចសាស់។
ចំណែកភ្លើងឆេះព្រៃ “Woolsey Fire” ដែលក៏បានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ដែរនោះគឺបានបំផ្លាញផ្ទៃដី៩៧,១១៤ហិចតានិងទប់ស្កាត់បាន៤០ភាគរយ។
Cal Fire បាននិយាយថា បុគ្គលិកពន្លត់អគ្គិភ័យជាង៣,៥០០នាក់កំពុងប្រយុទ្ធប្រឆាំងភ្លើងឆេះព្រៃ “Woolsey Fire”៕ AFP
Source: Kampuchea Thmey Daily
0 Comments