បាត់ដំបង ៖ ថ្នាំញៀនប្រមាណ ជិត០១ខាំ ត្រូវបានកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលស្រុកបវេល ធ្វើការរឹបអូស រួមជាមួយនឹងមុខសញ្ញាដ៏សកម្មម្នាក់ផងដែរ ខណៈដែលសមត្ថកិច្ចបានដាក់កម្លាំងចុះប្រតិបត្តិការ ត្រួតពិនិត្យ និងចុះល្បាតតាមដងផ្លូវ។
កិច្ចប្រតិបត្តិការនេះដែរ គឺបានធ្វើឡើងកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១១និង៣០នាទីយប់ ត្រង់ចំណុចភូមិស្រណាល ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង។
ដោយមានការសង្ស័យជាមួយនឹងយុវជនមួយក្រុម សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនយុវជនម្នាក់ឈ្មោះ ម៉ៅ ប្រាថ្នា ហៅង៉ា អាយុ១៧ឆ្នាំ រស់នៅភូមិគោកសំរោងឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ដោយឡែក យុវជនដទៃទៀតបានរត់គេចខ្លួនអស់ បន្សល់នូវម៉ូតូចំនួន០២គ្រឿង ដោយសមត្ថកិច្ចបានរកឃើញថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០៦កញ្ចប់ ស្មើនឹងទម្ងន់៨៦,២៥ក្រាម និង
ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន០១គ្រឿង។
ដោយឡែក នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង០៩និង៣០នាទី ត្រង់ចំណុចភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង សមត្ថកិច្ចផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាន នគរបាលស្រុក ក៏បានបង្ក្រាបនូវករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមួយករណីផងដែរ ដែរ។
ជនសង្ស័យមានគ្នាចំនួន០២នាក់ គឺឈ្មោះ ផន ដា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិរាំងក្រោល ឃុំរាំងកេសី និងឈ្មោះ ជី ចូវ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀង។
លោកអនុសេនីយ៍ឯក សំ ប៊ុនហេង នាយផ្នែកប្រឆាំងគ្រឿងញៀនបានលើកឡើងថា ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងរបស់លោកបានដកហូតថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០១កញ្ចប់ ម៉ូតូម៉ាក MSX ១គ្រឿង ទូរស័ព្ទចំនួន០៣គ្រឿង និងប្រាក់ចំនួន២.៦០០រៀល ដោយបច្ចុប្បន្នជនសង្ស័យរួមទំងវត្ថុតាង ត្រូវបានកម្លាំងរៀបចំ ដើម្បីបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តហើយ៕
Source: Kampuchea Thmey Daily
0 Comments