ភ្នំពេញ ៖ បុរសម្នាក់ បានស្លាប់ដោយគ្រូពេទ្យ និងប៉ូលិសបច្ចេកទេសបញ្ជាក់ថា បណ្ដាលមកពីគាំងបេះដូង បន្ទាប់ពីចូលម៉ាស្សានៅហាងកោសជប់ម៉ាស្សា យីហោអរគុណចា៎ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្ទះលេខ១៤៤ ផ្លូវ៥៩៨ ក្រុម៣ ភូមិពោងពាយ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះ សាយ ចន្ថា ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅផ្ទះជួលលេខ១ផ្លូវP2 បុរីរិទ្ធ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិគគ្រួស ឃុំព្រៃធំ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។
សមត្ថកិច្ចបន្តថា នៅវេលាម៉ោង១០ព្រឹកថ្ងៃខែ ឆ្នាំខាងលើ ជនរងគ្រោះបានមកម៉ាស្សានៅហាងម៉ាស្សាមួយកន្លែង យីហោអរគុណចា៎ ម៉ាស្សាកោសជប់ ពេលមកដល់ជនរងគ្រោះបានចូលទៅក្នុងបន្ទប់គ្មានលេខដេកផ្កាប់មុខដើម្បីឲ្យបុគ្គលិកម៉ាស្សាឲ្យ ហើយជនរងគ្រោះខាងលើបានប្រាប់បុគ្គលិកម៉ាស្សាឈ្មោះ ហៀង ស្រីលក្ខ ជួយច្របាច់ឲ្យខ្លាំៗអស់រយៈពេលប្រហែល១០នាទី អ្នកម៉ាស្សាបានស្រែកហៅម្ចាស់ហាងប្រាប់ថា ភ្ញៀវគាត់មានសភាពមិនស្រួល រួចម្ចាស់ហាងឈ្មោះ នួនស្រី លៀវ ភេទស្រី បានទូរស័ព្ទមកសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី២តែម្ដង។
លុះដល់វេលាម៉ោង១១និង២០នាទី សមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុបានឃើញជនរងគ្រោះស្លាប់បាត់ទៅហើយ។
ឆ្លងតាមការពិនិត្យ និងបញ្ជាក់របស់ លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ ជនរងគ្រោះបានស្លាប់ដោយគាំងបេះដូងសព ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅភូមិគគ្រួស ឃុំព្រៃធំ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង៕
Source: Kampuchea Thmey Daily
0 Comments