Ad Code

ប្រធាន​សមាគម​សិល្បករ​ខ្មែរ ​រន្ធត់ចិត្ត​ពេល​ឃើញ​ពី​ស្ថានភាព​ជំងឺ​ព្រឹទ្ធាចារ្យ​ចាប៉ីដងវែង​ លោក​តា ប្រាជ្ញ ឈួន​



​ភ្នំពេញ ៖ អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ដែលជា​តារា​សម្ដែង ​និង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ ស្រប​ពេល​បាន​ឮ​ដំណឹង ​នៃ​ការធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​របស់​ព្រឹទ្ធាចារ្យ​ចាប៉ីដងវែង ​លោក​តា ប្រាជ្ញ ឈួន​ និង​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​មក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត​នោះ​ ភ្លាមៗ​នេះដែរ​ នាង​ក៏បាន​ចំណាយ​ពេល​ផ្ទាល់ខ្លួន​ចុះទៅ​សួរសុខទុក្ខ​លោក​តា ប្រាជ្ញ ឈួន ដល់​មន្ទីរពេទ្យ​។​

ការចុះទៅ​សួរសុខទុក្ខ​ព្រឹទ្ធាចារ្យ​ចាប៉ីដងវែង​ លោក​តា ប្រាជ្ញ ឈួន ដែល​បច្ចុប្បន្ន​កំពុងតែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​នោះ​ដែរ​ ប្រធាន​សមាគម​រូបនេះ ​មិន​ត្រឹមតែ​បង្ហាញ​អារម្មណ៍​រន្ធត់​ចិត្ត​ខ្លាំង​នោះទេ ​គឺ​អ្នកនាង​ថែមទាំង​ស្ទើរ​ទប់ទឹក​ភ្នែក​មិនបាន ​ក្រោយពេល​បាន​ឮ​ការ​ពោល​ពាក្យ​ត្រឹម​តែ​១​ម៉ាត់​របស់​ លោកតា ប្រាជ្ញ ឈួន ដែល​ថា​រង់ចាំ​មើលផ្លូវ​នាង​ផង​នោះ​។​

បើតាម​ការ​ឲ្យ​ដឹង​ពី ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​លើកឡើងថា ​សមាគម​សិល្បករ​ខ្មែរ​បាន​មក​សួរ​សុខទុក្ខ​ លោកឪ ប្រាជ្ញ ឈួន ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។​ ហ៊ឹម​….!​ថ្វី​ត្បិតតែ​អាការៈ​លោក​ឪ​វង្វេង ​ប៉ុន្តែ​ស្គាល់​កូន ច​ន​ច័ន្ទ ច្បាស់​ណាស់ ​គ្រាន់តែ​ឮ​ថា​កូន​ ច​ន​ច័ន្ទ ​មក​សួរ​សុខទុក្ខ​ លោក​ឪ​ខំ​ស្ទុះ​ងើប​ទទួល ​ហើយ​មានប្រសាសន៍ថា​ គាត់​ចាំ​មើល​ផ្លូវ​កូន​មក។​

ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អាណត្តិ​ថ្មី​ បន្តវេន​ពី​អតីត​ប្រធាន​ចាស់ ​លោក សុះ ម៉ាច គឺ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​បញ្ជាក់​បន្ថែម​ទាំង​អារម្មណ៍​ក្ដុកក្ដួល​ទៀត​ថា​ ហ៊ឹម​…! កូន​សូម​ជូនពរ​ឲ្យ​លោក​ឪ​ឆាប់​ជា និង​មាន​សុខ​ភាព​ល្អ​ឡើងវិញ​។​

សូម​ជម្រាប​ផងដែរ​ថា ​ស្ថិតក្នុង​វ័យ​៨៣​ឆ្នាំ ​អធិរាជ​ចាប៉ីដងវែង​ដ៏​ល្បីល្បាញ​ឈ្មោះ​ប្រទេស​កម្ពុជា​លោកតា​ព្រឹទ្ធ​ភី​រម្យ ប្រាជ្ញ ឈួន បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទី​រ​ពេទ្យ​ខេត្ត​តាកែវ​ ប៉ុន្តែ​ដោយសារតែ​ស្ថានភាព​ជំងឺ​ធ្វើ​ទុក្ខ​កាន់តែខ្លាំង​ឡើង​ ទើប​ក្រុម​គ្រួសារ​សម្រេច​បញ្ជូន​មក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។​

គិត​រហូត​មកទល់ពេលនេះ​ អាជីព​ជា​អ្នក​ចាប៉ី​របស់​លោក​តា ​ប្រាជ្ញ ឈួន​ គឺ​មាន​រយៈពេល​ជិត​៧០​ឆ្នាំ​មក​ហើយ ​ដោយ​ក្នុងនោះ​លោកតា​បាន​បន្សល់ទុក​នូវ​ស្នាដៃ​ផ្នែក​ចាប៉ី​ជាច្រើន​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ស្ដាប់​។

កិត្តិសព្ទ​របស់​លោកតា​ព្រឹទ្ធ​ភី​រម្យ ប្រាជ្ញ ឈួន ដែល​ជា​អ្នកប្រាជ្ញ​ផ្នែក​ចាប៉ីដងវែង​នោះ ​មិន​ត្រឹមតែ​ល្បី​ខ្ទរខ្ទារ​សម្រាប់​តែ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ​គឺ​ថែមទាំង​ធ្វើ​ឲ្យ​អ្នក​ចាប៉ី​ជំនាន់​ក្រោយ​រក្សា​ និង​ចងចាំ​មិន​ភ្លេច​នូវ​ស្នាដៃ​របស់​លោកតា​ផង​ដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu