ភ្នំពេញ ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងជំងឺផ្ដាសាយបក្សីនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងឈានចូលមកដល់នាពេលខាងមុខដ៏ខ្លីនេះ។
ការអំពាវនាវឲ្យមានការប្រុងប្រយ័ត្នចំពោះជំងឺផ្ដាសាយនេះ ដោយសារតែព្រះរាជពិធីបុណ្យអុំទូកតែងតែមានការធ្វើចរាចរណ៍សត្វបក្សីពីតាមបណ្ដា រាជធានីខេត្តនានា នៅទូទាំងប្រទេស ចូលមកក្នុងរាជធានីភ្នំពេញ ដើម្បីបំពេញតាមសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋលាន់នាក់ ដែលចូលមកទស្សនាការប្រណាំងទូក និងដើរកម្សាន្ត មើលការប្រគំតន្ត្រី ឬតាំងពិព័រណ៍នូវផលិតផល និងបរិភោគចំណីអាហារផ្សេងៗ ពិសេសកីឡាករទូករាប់ម៉ឺននាក់ដែលចូលរួមប្រណាំង។
យោងតាមទំព័រហ្វេប៊ុករបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានឲ្យដឹងថា «បុណ្យអុំទូកនឹងឈានមកដល់ឆាប់ៗ សូមបងប្អូនប្រុងប្រយ័ត្នជានិច្ចអំពីការចំលងជំងឺផ្ដាសាយបក្សី។ សូមកុំយក មាន់ ទា ឬសត្វបក្សីឈឺ ឬងាប់ មករៀបចំជាអាហារ ត្រូវអនុវត្តអនាម័យក្នុងការបោចរោម និង ចម្អិនជាប់ជានិច្ច »។
ជាមួយគ្នានេះដែរ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងក៏បានរំលឹកថា ក្នុងប្រទេសកម្ពុជាជំងឺផ្ដាសាយបក្សី បានឆ្លងពីសត្វបក្សីមកមនុស្សចំនួន៥៦ករណី ដែលក្នុងនោះ ៣៧ករណីបានស្លាប់។ ដោយឡែកគ្រាន់តែឆ្នាំ២០១៣ មានឆ្លងលើមនុស្សចំនួន២៦ករណី ដែលក្នុងនោះមាន១៤ករណីបានស្លាប់ និង ក្នុងដើមឆ្នាំ២០១៤ មាន៩ករណី និង៤ករណីបានស្លាប់។
បុគ្គលដែលមានរោគសញ្ញាគ្រុនក្ដៅ លើសពី ៣៨.៥ អង្សាសេ និងមានរោគសញ្ញា ក្អក ឬ ឈឺក ឬ ដកដង្ហើម ហត់ និងមានប្រវត្តិប៉ះពាល់ជាមួយបក្សីឈឺ ឬងាប់ ក្នុងកំឡុងពេល ៧ ថ្ងៃមុនចេញរោគសញ្ញា ចាត់ទុកថាជាករណីសង្ស័យ ត្រូវបញ្ជូនអ្នកជំងឺ ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យជិតបំផុតដើម្បីធ្វើការព្យាបាល។
ក្នុងករណីមានការសង្ស័យចំពោះជំងឺផ្ដាសាយបក្សី ត្រូវប្រញាប់ទាក់ទងទូរស័ព្ទទាន់ហេតុការណ៍ របស់ក្រសួងសុខាភិបាលលេខ ១១៥។
ពាក់ព័ន្ធនឹងជំងឺផ្ដាសាយបក្សី លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្លាប់បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវរក្សាអនាម័យលាងដៃនឹងសាប៊ូ រាល់ពេលក្អក កណ្ដាស់ ឬក្រោយពេលជូតសំបោរ មុននឹងប៉ះជាមួយអ្នកដទៃ។ មិនត្រូវប៉ះពាល់ ឬយកមាន់ ទា បក្សីងាប់ ឈឺ មកធ្វើអាហារ ឬលក់បន្តទៀតឡើយ។ ប្រសិនចាំបាច់ត្រូវចម្អិនម្ហូបអាហារឲ្យបានឆ្អិនមុននឹងទទួលទាន។
ដុត ឬកប់ចោលចំពោះបក្សីដែលរស់ ឬងាប់ ពេលកាន់បក្សី ម៉ាន់ ទា ត្រូវប្រើស្រោមអនាម័យ និងត្រូវចាប់បក្សីដែលឈឺ ដាក់ទ្រុងដោយឡែកពីបក្សីធម្មតា។
លោកសាស្ត្រាចារ្យ ក៏បានណែនាំឲ្យប្រជាពលរដ្ឋដែលបានដឹង ឬក្រុមគ្រួសារដែលសង្ស័យថា កើតជំងឺផ្ដាសាយបក្សី ត្រូវរាយការណ៍ទៅគ្រូពេទ្យដែលនៅជិតបំផុត ហើយមិនត្រូវប៉ះពាល់អ្នកសង្ស័យថា កើតមានជំងឺរហូតដល់ពេទ្យបញ្ជាក់ថា មិនកើតជំងឺផ្តាសាយបក្សីH5N1។
គួរបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅឆ្នាំនេះ នឹងប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២១,២១ និង២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ៕
Source: Kampuchea Thmey Daily
0 Comments