ភ្នំពេញ ៖ តារាសម្ដែងស្រីរូបស្រស់ កញ្ញា សួង សាខារ៉ានីត ស្របពេលដែលអាជីពសិល្បៈកំពុងដំណើរដោយជោគជ័យ និងទទួលបានការគាំទ្រចាប់អារម្មណ៍ខ្លាំង ខណៈដែលលេចវត្តមានសម្ដែងជាតួអង្គសំខាន់ក្នុងខ្សែភាពយន្តរឿង កូនក្រក ទើបនឹងសម្ពោធចាក់បញ្ចាំងកាលថ្មីៗមកនោះ មុននេះបន្តិច ក៏ស្រាប់តែបញ្ចេញសារបង្ហាញពីភាពរឹងមាំរបស់ខ្លួនក្នុងនាមជាមនុស្សស្រី ស្ថិតនៅចង្កោមអ្នកសិល្បៈមួយរូបផងដែរ។
ការបញ្ចេញសំណេរសរសេរភ្ជាប់មកជាមួយរូបភាព១សន្លឹក បង្កប់អត្ថន័យដាស់ស្មារតីរបស់មហាជនពីសំណាក់តារាសម្ដែង កញ្ញា សួង សាខារ៉ានីត នាពេលនេះ គឺធ្វើឡើងបន្ទាប់ពីមានទស្សនៈអប់រំមួយបានពោលថា កុំឲ្យប្រពន្ធរបស់អ្នកក្លាយជាមនុស្សស្រីដែលរឹងមាំខ្លាំងពេក ពីព្រោះបើនាងក្លាហានឯករាជ្យហើយនោះ បានន័យថាអ្នកគឺជាប្ដីដែលបរាជ័យម្នាក់។
បង្ហោះភ្ជាប់ជាមួយខ្លឹមសារខាងលើនេះ កញ្ញា សួង សាខារ៉ានីត បានរៀបរាប់បង្ហាញពីទស្សនៈរបស់ខ្លួនថា មែនតើ បើសម្រាប់មនុស្សស្រីរឹងមាំដូចខ្ញុំ គឺមិនងាយពឹងអ្នកណា ឬសុំជំនួយផ្ដេសផ្ដាសទេដូចឃើញជាក់ស្ដែងកាលពីមួយឆ្នាំមុន ខ្ញុំឈឺធ្ងន់រហូតចូលពេទ្យសង្គ្រោះបន្ទាន់ លុយក៏គ្មាន សុខចិត្តដោះចិញ្ចៀនពីដៃទៅបញ្ចាំ ហើយបងប្រុសអ្នកសិល្បៈម្នាក់ថា ចង់មកមើល និងនាំអ្នកកាសែតចុះផ្សាយរកជំនួយ។
ខ្ញុំអគុណនូវទឹកចិត្តដ៏ល្អរបស់គាត់ណាស់ ត្រឹមទឹកចិត្ត គឺគ្រប់គ្រាន់ហើយសម្រាប់ខ្ញុំ គឺខ្ញុំប្រាប់គាត់ថាមិនបាច់ទេបង អគុណបង អញ្ចឹងមនុស្សណាដែលខ្ញុំហាមាត់សុំពឹងយូរៗម្ដង គឺបានន័យថាអ្នកជាមនុស្សដ៏មានតម្លៃសម្រាប់ក្នុងចិត្តខ្ញុំបំផុតហើយ ព្រោះមនុស្សខ្លួនស្រីចិត្តប្រុសដូចជារូបខ្ញុំ គឺអាចធ្វើបានគ្រប់យ៉ាង។ កញ្ញា សួង សាខារ៉ានីត និយាយបន្ត។
បន្ថែមពីលើនេះ តារាសម្ដែងស្រីសម្ដីផ្អែមមានមន្តស្នេហ៍ កញ្ញា សួង សាខារ៉ានី បញ្ជាក់ទៀតថា បើខ្ញុំបើកចិត្តឲ្យអ្នកចូលរួមដើរជាមួយខ្ញុំ ជួយដោះស្រាយបញ្ហាជាមួយខ្ញុំ បានន័យ អ្នកគឺជាមនុស្សពិសេសសម្រាប់ជីវិតខ្ញុំហើយ យល់?។ ថ្វីត្បិតតែយ៉ាងនេះក៏ពិតមែន ប៉ុន្តែគេពុំដឹងទេថាតាមរយៈខ្លឹមសារខាងលើនេះ កញ្ញា សួង សាខារ៉ានីត បញ្ចេញចង់សំដៅលើបុគ្គលណាម្នាក់ ឬគ្រាន់តែន័យដើម្បីបំផុសមហាជន និងប្រាប់ចិត្តខ្លួនឯងបែបណានោះទេ៕
Source: Kampuchea Thmey Daily
0 Comments