ភ្នំពេញ ៖ នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ២នាក់ ជាបន្តបន្ទាប់ ម្នាក់រក្សាទុកគ្រឿងញៀនខុសច្បាប់ និងម្នាក់ទៀតកាន់កាប់អាវុធគ្មានការអនុញ្ញាត។
នគរបាលបានឲ្យដឹងថា ឃាត់ខ្លួនលើកទី១ នៅវេលាម៉ោង១និង៥នាទីរសៀល ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងខណ្ឌ និងប៉ុស្តិ៍ បានចុះឃាត់ខ្លួនករណីរក្សាទុក្ខដោយខុសច្បាប់នូវសារធាតុញៀនត្រង់ចំណុចផ្លូវបេតុងក្រុម១ ភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ កាដាលី(ហៅដា) ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅ ក្រុម៣ភូមិខ.២សង្កាត់ច្រាំងចំរេះ២ មុខរបរមិនពិតប្រាកដ។ ចំណែកសម្ភារៈដកហូតក្រាមពណ៌សថ្លាចំនួន១កញ្ចប់។
លើកទី២ នៅវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃដដែល កម្លាំងល្បាតប៉ុស្តិ៍គីឡូម៉ែត្រលេខ៦ បានធ្វើសកម្មភាពល្បាតត្រង់ចំណុចផ្លូវបេតុងក្រុមទី០២ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ បានប្រទះជនសង្ស័យម្នាក់សក់ប្រើដាវសាំម៉ូរ៉ៃ ដោយគ្មានការអនុញ្ញាត បានធ្វើកាឃាត់ខ្លួនជនសង្ស័យឈ្មោះ យិន ឧត្តម ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡានក្រុមហ៊ុនវីង ស្នាក់នៅផ្ទះជួលចំណុចកើតហេតុខាងលើ ដោយជនសង្ស័យមានសារធាតុញៀនក្នុងខ្លួន។
រីឯសម្ភារៈដកហូតរួមមាន ដាវសាំម៉ូរ៉ៃ១ដើម ម៉ូតូ១គ្រឿងម៉ាកហុងដាគុប ពាក់ស្លាកលេខក្លែងក្លាយកំពង់ឆ្នាំង1B8169 និងឧបករណ៍ ប្រើប្រាស់សារធាតុញៀនមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងដើម្បីបញ្ជូនចាត់ការតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments