Ad Code

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ណែនាំ​ពី​កិច្ច​សហប្រតិបត្តិការ​រ​វាង​រាជរដ្ឋាភិបាល រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ជា​មួយ​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល និង​សហគមន៍​មូលដ្ឋាន​



ភ្នំពេញ​ ៖ សម្ដេច​ក្រឡាហោម​ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ណែនាំ​ពី​កិច្ច​សហ​ប្រតិបត្តិការ​រ​វាង​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ជាមួយ​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ព្រមទាំង​សហគមន៍​នានា​នៅ​មូលដ្ឋាន ដើម្បី​ធានា​ដល់​ការ​ធ្វើ​សកម្មភាព​ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​លើ​គ្រប់​វិស័យ ក៏ដូចជា​ការលើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​។​

ការណែនាំ​នេះ បាន​ធ្វើឡើង​តាមរយៈ​សេចក្ដីណែនាំ​មួយ កាលពី​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៨ ដោយ​បាន​បញ្ជាក់​ថា សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​បាន​ចុះបញ្ជី​ស្របតាម​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ព្រមទាំង​សហគមន៍​នានា​នៅ​មូលដ្ឋាន មាន​សិទ្ធិ​សេរីភាព​ពេញលេញ ក្នុង​ការ​ធ្វើ​សកម្មភាព​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ស្របតាម​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ច្បាប់ និង​លិខិត​បទដ្ឋាន​នានា​ជា​ធរមាន និង​ស្របតាម​លក្ខន្តិកៈ​របស់​ខ្លួន ដែល​បាន​តម្កល់ទុក​នៅ​ក្រសួងមហាផ្ទៃ ដោយ​គ្មាន​ការ​រារាំង និង​រំលោភបំពាន​បាន​ឡើយ​។​

សេចក្ដីណែនាំ​ដដែល​បានបញ្ជាក់​ទៀតថា សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​បាន​ចុះ​បញ្ជី​ស្របតាម​ច្បាប់ ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ព្រមទាំង​សហគមន៍​នានា​នៅ​មូល​ដ្ឋាន នៅពេល​ធ្វើ​សកម្មភាព​នៅតាម​មូលដ្ឋាន ហើយ​មានការ​រារាំង ឬ​រឹតត្បិត​ពី​អាជ្ញាធរ​មូលដ្ឋាន សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល និង​សហគមន៍ នៅ​មូលដ្ឋាន​នោះ ត្រូវ​រាយការណ៍​អំពី​ករណី​នេះ​ជូន​អភិបាល នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត ឬ​ក្រសួងមហាផ្ទៃ ដើម្បី​ជួយ​សម្របសម្រួល និង​ដោះស្រាយ​។​

តាម​សេចក្ដីណែនាំ​របស់​សម្ដេច​ក្រឡាហោម ស ខេង ដើម្បី​លើកកម្ពស់​ការចូលរួម និង​កិច្ចសហការ​ជាមួយ​សមាគម អង្គការ​មិន​មែន​រដ្ឋាភិបាល និង​សហគមន៍​នា​នា​នៅ​មូលដ្ឋាន រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​គ្រប់​ថ្នាក់​ត្រូវ​សហការ​សម្របសម្រួល រៀបចំ​វេទិកា​ពិគ្រោះ​យោបល់​ជាមួយ​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល និង​សហគមន៍​នានា ដែល​ធ្វើ​សកម្មភាព ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ឲ្យ​បាន​ទៀងទាត់​រាល់​ឆមាស ឬ​តាម​ការចាំបាច់​។

អភិបាល នៃ​គណៈ​អភិបាលខេត្ត​-​រាជធានី ត្រូវ​ធ្វើការ​បូកសរុប​អំពី​ការរៀបចំ​វេទិកា​ពិគ្រោះ​យោបល់​នេះ រួមទាំង​បញ្ហា​នានា​មិនអាច​ដោះស្រាយបាន ក្នុង​សមត្ថកិច្ច​របស់ខ្លួន​មក​ក្រសួងមហាផ្ទៃ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ដើម្បី​ជួយ​គាំទ្រ និង​សហការ​ក្នុងការ​ដោះស្រាយ​។​

សេចក្ដីណែនាំ​របស់​សម្ដេច​ក្រឡាហោម​បាន​គូសបញ្ជាក់ថា ”​រដ្ឋបាល​រាជធានី​-​ខេត្ត ត្រូវធ្វើ​ការ​ផ្សព្វ​ផ្សាយ​បន្ត​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ និង​រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ ឲ្យ​បាន​ជ្រួតជ្រាប ដើម្បី​ចូលរួម​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​”​។​

សូមជម្រាបថា សេចក្ដីណែនាំ​នេះ ធ្វើឡើង​ដើម្បី​ធានា​ឲ្យ​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ស្របតាម​ច្បាប់ ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ព្រមទាំង​សហគមន៍​នានា​នៅ​មូលដ្ឋាន ធ្វើ​សកម្មភាព​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​ប្រទេស​លើ​គ្រប់​វិស័យ ក៏ដូចជា​ការ​លើក​កម្ពស់​កិច្ច​សហ​ប្រតិបត្តិការ និង​ភាពជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ជាមួយ​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ជាមួយ​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សហគមន៍​នានា​នៅ​មូលដ្ឋាន​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu