ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ចូលក្នុងឃ្លាំងលួចដែក ហើយត្រូវជនរងគ្រោះជាយោធា មកទាន់ ក៏ទូរស័ព្ទហៅសមត្ថកិច្ច ឃាត់ខ្លួនតែម្ដង។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៣និង៤០នាទីយប់ ឈានចូលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចឃ្លាំងលេខ១២K ផ្លូវ១៨០០ ក្រុមទី៤ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ កែវ នឿន ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ក្រុមទី១៤ ភូមិបឹងសាឡាង ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ហូយ សុគុន ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅ ផ្ទះលេខ៦៥៦ ផ្លូវ១២៨ ភូមិ៤ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរយោធា។
ចំណែកសម្ភារៈ និងវត្ថុតាងរួមមាន ដែកមូលប្រវែង៥០សង់ទីម៉ែត្រ ចំនួន៤ដើម ជារបស់ជនរងគ្រោះ។ ម៉ូតូសណ្ដោងរ៉ឺម៉កអេតចាយ១គ្រឿង ម៉ាកសេ១០០កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ផ៩៥៦៨ ភព១ លេខតួ រលុប លេខម៉ាស៊ីន ១១២៧៩០៩ ជាម៉ូតូរបស់ជនសង្ស័យសម្រាប់ធ្វើសកម្មភាព។
សមត្ថកិច្ចឲ្យដឹងថា វេលាម៉ោងខាងលើ ជនរងគ្រោះបានចេញពីផ្ទះមកមើលឃ្លាំងខាងលើ លុះមកដល់ក៏ឃើញជនសង្ស័យ ឈ្មោះ កែវ នឿន កំពុងធ្វើសកម្មភាពចូលទៅក្នុងឃ្លាំង ទើបទូរស័ព្ទហៅសមត្ថកិច្ចឲ្យមកជួយអន្តរាគមន៍ ស្របពេលកម្លាំងកំពុងល្បាត ក៏បានចុះទៅអន្តរាគមន៍ចាប់បានជនសង្ស័យតែម្ដង។
ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ កសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments