ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤វិច្ឆិកានេះ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅបានអញ្ជើញជាអធិបតីក្នុងការជូនដំណឹងដល់បងប្អូនជាម្ចាស់លំនៅដ្ឋានអមសងខាងផ្លូវលេខ៣៦៩(ផ្លូវច្រាំងបាក់) ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីឲ្យម្ចាស់លំនៅដ្ឋាន រុះរើរបង សំយាប រោង និងសំណង់ផ្សេងៗ ដែលសង់លយមកលើផ្លូវដោយខ្លួនឯង។
លោក ចេង មុនីរ៉ា បានមានប្រសាសន៍ថា ថ្ងៃនេះ គឺជាការជូនដំណឹងលើកទី៣ ហើយ ដែលអាជ្ញាធរខណ្ឌច្បារអំពៅ បានជូនដំណឹងដល់ម្ចាស់លំនៅដ្ឋានអមសង្ខាងផ្លូវ៣៦៩នេះ ឲ្យរុះរើរបងសំយាប រោង និងសំណង់ផ្សេងៗ ដែលបានសង់លយលើផ្លូវ។
មូលហេតុដែលអាជ្ញាធរតម្រូវឲ្យម្ចាស់ផ្ទះរុះរើចេញ នេះគឺដោយសារតែប៉ះពាល់ខ្លាំងដល់ការងារសណ្ដាប់ធ្នាប់ និងបង្កឲ្យកកស្ទះចរាចរណ៍សឹងរាល់ពេល ពិសេសគឺម្ចាស់ដេប៉ូឈើតាមដងផ្លូវបាននិងបានលើកជញ្ជូនឈើកាត់ទទឹងផ្លូវធ្វើឲ្យអ្នកដំណើរព្រួយបារម្ភខ្លាចគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង។
លោកអភិបាលខណ្ឌបានបញ្ជាក់បន្ថែមថា ការជូនដំណឹងឲ្យរុះសំយាបរោង របង និងសំណង់ផ្សេងៗដែលសង់លយលើផ្លូវនេះ គឺជាលើកទី៣ហើយ ហើយអាជ្ញាធរទុកពេលមួយសប្ដាហ៍ ចាប់ពីថ្ងៃជួបប្រជុំនេះទៅដោយស្ម័គ្រចិត្ត និងដោយខ្លួនឯង។
បើសិនជាមិនរុះរើ គឺអាជ្ញាធរ នឹងប្រើប្រាស់កម្លាំងចុះរុះរើហើយ ដោយមិនធានាក្នុងការខូចខាត ឬបាត់បង់ទ្រព្យសម្បត្តិរបស់បងប្អូនឡើយ។
គួរបញ្ជាក់ថា នៅពេលដែលលោកអភិបាលខណ្ឌច្បារអំពៅធ្វើការជូនដំណឹងឲ្យរុះរើជាលើកទី៣ នាថ្ងៃទី១៤វិច្ឆិកានេះ គឺម្ចាស់ផ្ទះដែលសាងសង់សំណង់លយមកលើផ្លូវ៣៦៩(ច្រាំងបាក់)បាននាំគ្នាស្ម័គ្រចិត្តរុះរើដោយខ្លួនឯង និងមិនទាមទារលក្ខខណ្ឌអ្វីឡើយ៕
Source: Kampuchea Thmey Daily
0 Comments