ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានយាងធ្វើជាព្រះរាជាធិបតីភាពក្នុងពិធីប្រទានភ្លើងជ័យនៅវិមានឯករាជ្យ និង បានយាងជាព្រះរាជាធិបតីភាពក្នុងមហាមីទ្ទិញរំលឹកខួប ៦៥ ឆ្នាំ បុណ្យឯករាជ្យជាតិនៅព្រះបរមរាជវាំង។ព្រះអង្គបានមានព្រះរាជឱង្ការទៅកាន់ថ្នាក់ដឹកនាំកំពូលៗ កងកម្លាំងប្រដាប់អាវុធ និង មន្ត្រីរាជការថា ៖«នៅក្នុងឱកាសនេះ ខ្ញុំសូវអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឍដ្ឋានសូមរួបរួមសាមគ្គីជាធ្លុងមួយស្ថិតក្រោមដំបូងរដ្ឋធម្មនុញ្ញនិងច្បាប់រដ្ឋ ដើម្បីចូលរួមការពារនិងកសាងមាតុភូមិលើគ្រប់វិស័យ»។
ថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ១៩៥៣-៩ វិច្ឆិកាឆ្នាំ២០១៨ គឺជាខួបអនុស្សាវរីយ៍លើកទី ៦៥ នៃទិវាបុណ្យឯករាជ្យជាតិដែលព្រះរាជាណាចក្រកម្ពុជាប្រារព្ធឡើងដើម្បីរំលឹកពីការទទួលបានឯករាជ្យពីអាណានិគមបារាំ ងក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។
នៅព្រឹកថ្ងៃទី៩ វិច្ឆិកានេះ ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់នៃការប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការដណ្តើមបានឯករាជ្យនៅមុខព្រះបរមរាជវាំងដោយមានការចូលរួមពីមហាជនចូលរួមប្រមាណជាង១ មឺុននាក់។
ព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតាមក្បួនព្រះទីនាំង និងរថយន្តនៅក្នុងទិវាអបអរសាទរបុណ្យឯករាជ្យជាតិលើកទី ៦៥ ពីវិមានឯករាជ្យ មកកាន់ប្រាសាទច័ន្ទឆាយា ដោយឆ្លងកាត់ហ្វូងមហាជនដែលនៅអមសង ខាងផ្លូវ ដែលមានទង់ជាតិ ទង់ព្រះមហាក្សត្រ និង រូបព្រះឆាយាលក្ខ របស់ព្រះមហាក្សត្រ បានលើកឡើង គ្រវី ជាមួយសំឡេងជ័យឃោគកងរំពង បានយាំងឲ្យពីធីកាន់តែមានភាពអធិកអធមឡើង។
ក្នុងពិធីដ៏មហោឡារឹកក្រោមវត្តមានថ្នាក់ដឹកនាំស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល រាជវង្សានុវង្សមន្ត្រីរាជការកងកម្លាំងដ៏ច្រើនសន្ធឹកសន្ធាប់អង្គព្រះមហាក្សត្រខ្មែរជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុតបានសព្វព្រះរាជហរទ័យថ្លែងព្រះរាជសុន្ទរកថាដ៏មានខ្លឹមសារយ៉ាងជ្រាលជ្រៅបំផុតទៅកាន់មហាជនចូលរួមក្នុងពិធីក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសតាមរយៈការផ្សាយបន្តផ្ទាល់ពីទូរទស្សន៍រដ្ឋ និង ឯកជនទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ បើទោះបីថាមានការរអាក់រអួលផ្ណេកសំឡេងនៃការផ្សាយបន្តិចតែមិនជាបញ្ហានោះទេ អង្គពិធីនៅតែដំណើរការទៅមុខរហូតចប់កម្មវិធី ។
ក្នុងព្រះរាជសុន្ទរកថាប្រកបដោយអត្ថន័យខ្លឹមសារនោះ ព្រះករុណា ព្រះមហាក្សត្រ បានរំលឹកពីព្រះរាជស្នាព្រះហស្ថ និងព្រះបូជនីយកិច្ចរបស់ព្រះមហាវីរក្សត្រខ្មែរ វររាជបិតាឯករាជ្យជាតិខ្មែរ ព្រះករុណា ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ក្នុងការតស៊ូទាមទារឯករាជ្យជាតិ និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរពីនឹមអាណានិគមន៍បារាំង។
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានមានព្រះរាជបន្ទូលបង្ហាញការពេញទឹកព្រះទ័យចំពោះវឌ្ឍនភាពជាតិ សេចក្តីសុខក្សេមក្សាន្ត និងការរក្សាបាននូវសុខសន្តិភាពក្នុងមាតុភូមិកម្ពុជានាពេលបច្ចុប្បន្នផងដែរ។ព្រះមហាក្សត្រខ្មែរបានបង្ហាញការពេញព្រះទ័យចំពោះការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាដែលបានធ្វើឲ្យជាតិកម្ពុជាទទួលបានសុខសន្តិភាពពេញលេញនាំមកនូវភាពរីកចម្រើននិងការរស់នៅប្រកបដោយសេចក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរ។
ព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា រយៈពេលកន្លងមកនេះមាតុភូមិកម្ពុជា និងប្រជាពលរដ្ឋយើងមានការប្រែប្រួលមុខមាត់ថ្មីគួរឲ្យកោតសរសើរ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំរាជរដ្ឋាភិបាលដ៏ឆ្លាតវៃ បានដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវ បាននាំមកនូវសុខសន្តិភាព សាមគ្គីភាព ឯកភាពជាតិ មានកិត្យានុភាពល្បីរន្ទឺលើឆាកអន្តរជាតិ ។ យើងកំពុងតែសប្បាយរីករាយនិងទទួលផលជាវិជ្ជមានដែលផ្តើមចេញពីកម្លាំងកសាងនិងការពារជាតិមាតុភូមិប្រកបដោយសុខដុមរមនារបស់ជនរួមជាតិយើង។
នៅក្នុងឱកាសនោះ ព្រះករុណា ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរឲ្យរួមគ្នាជាធ្លុងមួយការពារនូវសុខសន្តិភាពនិងការកសាងមាតុភូមិកម្ពុជាទៅមុខបន្តទៀត។ ដោយព្រះអង្គមានព្រះរាជបន្ទូលថា៖ “ខ្ញុំសូមអំពាវនាវបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន សូមរួបរួមសាមគ្គីជាធ្លុងមួយស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ដើម្បីចូលរួមចំណែកការពារ និងកសាងមាតុភូមិលើគ្រប់វិស័យ”។
ក្នុងមហាអង្គមីទ្ទីងដ៏មហោឡារឹក អង្គព្រះមហាក្សត្រខ្មែរ ក៏បានបង្ហាញទឹកព្រះទ័យសង្ឃឹម និងជឿជាក់មាតុភូមិ និងប្រជាជនកម្ពុជានឹងទទួលបានអនាគតភ្លឺស្វាងក្នុងក្តីសង្ឃឹមខ្ពស់រស់នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយដែលធានាបានឯកភាពជាតិដ៏រឹងមាំក្រោមទង់ដ៏ជាញជ័យនៃមហាសាមគ្គីជាតិ ក្រោមទង់ដ៏សុខសាន្តនៃព្រះពុទ្ធសាសនា និងបារមីព្រះបរមក្សត្រដែលជាបុព្វបុរសជាតិ ជាស្ថាបនិកដ៏ល្បីល្បាញ នៃការកសាងប្រាង្គប្រាសាទ ដ៏ល្អប្រណីត ស្ថិតនៅស្កឹមស្កៃ ស្ថិតនៅគ្រប់ទិសទីនៅទូទាំងប្រទេសកម្ពុជា។ ជាពិសេសមាតុភូមិដែលជាកេរមរតកដ៏លមានតម្លៃមិនអាចកាត់ថ្លៃបាននេះ នឹងពុំអាចមានសត្រូវណាមួយរំលោភឈ្លានពានលើបូរណភាពទឹកដីបានឡើយ។
នៅក្នុងមហាមីទ្ទីងនោះដែរប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជាក៏បានអញ្ជើញថ្លែងសុន្ទរកថាដោយមានវត្តមាន សម្តេចក្រឡាហោម សង ខេង និង សម្តេចពិជ័យសេនា ទៀ បាញ់ ឈរអមសងខាង។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋខ្មែរដោយបានគូសរំលេចពីស្នាព្រះមហាវីរក្សត្រខ្មែរ ព្រះវររាជ្យបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ក្នុងព្រះរាជបូជនីយកិច្ចដឹកនាំតស៊ូទាមទារឯករាជ្យ និងសិទ្ធិសេរីភាពពីអាណានិគមន៍បារាំង។ដោយសារតែថ្ងៃនេះជាថ្ងៃកំណើតកងកម្លាំងប្រដាប់អាវុធផងនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាជាមួយរាជរដ្ឋាភិបាលថែរក្សាការពារបាននូវសុខសន្តិភាព ស្ថិរភាពនិងសន្តិសុខសណ្តាប់ធ្នាប់របស់ប្រទេសជាតិ។
នៅចំពោះព្រះភក្ត្រព្រះមហាក្សត្រ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងមហាជននោះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា៖រាជរដ្ឋាភិបាលនិតិកាលទី៦ នៃរដ្ឋសភាបានដាក់ចេញអនុវត្តនូវកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ ដើម្បីកំណើនការងារ សមធ៌ម និងប្រសិទ្ធភាព ឆ្ពោះទៅកម្ពុជាចក្ខុវិស័យឆ្នាំ ២០៥០ ដើម្បីបន្តបេសកកម្មជាប្រវត្តិសាស្ត្រដោយប្ដេជ្ញាអនុវត្តឲ្យបាននូវគោលដៅចម្បងជាយុទ្ធសាស្ត្រចំនួន ៤ រួមមាន៖
១. បន្តកសាងប្រទេសជាតិឲ្យមានវឌ្ឍនភាពលើគ្រប់វិស័យ មានសាមគ្គីជាតិរឹងមាំ សីលធម៌សង្គម សមធម៌ សេរីភាព និងយុត្តិធម៌ លទ្ធិប្រជាធិបតេយ្យ និង សិទ្ធិមនុស្ស ដើម្បីជីវភាពសប្បូរណ៍សប្បាយរុងរឿងរបស់ប្រជាជន និងភាពសុខដុមរមនាទាំងក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល
២. ការពារឯករាជ្យជាតិ សន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ការពារសមិទ្ធផលសង្គមជាតិ លើកកម្ពស់កេត្យានុភាពជាតិ ទប់ស្កាត់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា និងប្រឆាំងដាច់ខាតរាល់សកម្មភាពដែលពាក់ព័ន្ធបដិវត្តន៍ពណ៌ ឬការញុះញង់ណាមួយ ដែលបង្កឲ្យមានអស្ថេរភាពនយោបាយ ឬចលាចលក្នុងសង្គមជាតិកម្ពុជា។
៣. បន្តដោះស្រាយព្រំដែនគោក និងទឹកជាមួយប្រទេសជិតខាងដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ និងជំរុញអនុវត្តន៍យុទ្ធសាស្ត្រអភិវឌ្ឍន៍តំបន់ព្រំដែនឲ្យទៅជាព្រំដែនសន្តិភាព សន្តិភាព និងសហប្រតិបត្តិការ និងមិនអនុញ្ញាតឲ្យបរទេសប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីប្រឆាំងនឹងប្រទេសជិតខាង។
៤. ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទរួមមាន៖ ហិរញ្ញប្បទានភេរវកម្ម ការសំអាតប្រាក់ ការជួញដូរមនុស្ស អាជីវកម្មផ្លូវភេទ ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ និងបន្តជំរុញអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យមានប្រសិទ្ធភាព។
បើតាមការផ្សាយរបស់ផេកហ្វេសប៊ុកព្រះបរមរាជវាំង Royal du Cambodge បានផ្សាយនូវព្រះរាជបន្ទូលរបស់ព្រះបរមរតនកោដ្ឋថា៖“ជនរួមជាតិជាទីស្នេហា!ក្នុងជីវភាពប្រទេសជាតិនីមួយៗ គ្មានអ្វីឲ្យមានតម្លៃជាងឯករាជ្យទេព្រោះឯករាជ្យជាមូលដ្ឋាននៃសេចក្តីថ្លៃថ្នូរនិងសុភមង្គលទាំង ទ្បាយដទៃទៀត។ អាវុធដ៏សំខាន់ជាងគេសម្រាប់កសាង និងការពារឯករាជ្យនិង អនាគតយើងពុំមែនគ្រឿងយោធបរិក្ខារដ៏ស្តួចស្តើង គួរឲ្យវេទនារបស់កងទ័ពយើងនោះទេ ។ អាវុធនោះ គឺ ការរួបរួមចងគ្នាជាធ្លុងមួយនៃយើងនេះឯង ។ ខ្ញុំជឿជាក់ថា ការរួបរួមគ្នារបស់យើងជាធ្លុងមួយនេះ នឹងជួយស្រោចស្រង់ប្រទេសយើង និងឯករាជ្យយើងឲ្យឆ្លងសមុទ្រគ្រោះថ្នាក់ ដែលមាននៅមុខយើងនេះ បានផុតស្រឡះដោយជ័យមង្គល ។ ជយោ ! កម្ពុជាឯករាជ្យ ! រាជធានីភ្នំពេញថ្ងៃទី៩ ខែវិចិ្ឆកា ឆ្នាំ១៩៦២។ ព្រះរាជឱង្ការនៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ព្រះរាជបូនីយកិច្ចសង្ខេបនៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងកាទាមទារឯករាជ្យ ពីសាធារណរដ្ឋបារាំង យ៉ាងលំបាកជូនដល់ប្រជារាស្ត្រ និងមាតុភូមិកម្ពុជា។
ក្រោមព្រះរាជបូណីយកិច្ចដ៏ឧត្តុង្គឧត្តម នៃព្រះវររាជបិតាឯករាជ្យជាតិ ប្រទេសកម្ពុជាទទួលបានឯករាជ្យ ដ៏ពេញលេញបរិបូរណ៍ ពីសាធារណរដ្ឋបារាំង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ។ ប្រទេសកម្ពុជា ក្រោយពីទទួលបានឯករាជ្យ ដោយមាន ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាព្រះអគ្គមគ្គុទ្ទេសដ៏ឆ្នើម បានដឹកនាំកម្ពុជា ប្រកបដោយសុខសន្តិភាព និងភាពរីក ចម្រើន លើគ្រប់វិស័យ ក្រោមព្រះរាជតម្រិះ ដឹកនាំដ៏ខ្ពង់ខ្ពស់ និងឧត្តុង្គឧត្តម នៃព្រះវររាជបិតាឯករាជ្យជាតិ ព្រះបិតាស្ថាបនិក សម័យសង្គមរាស្ត្រនិយម រហូតធ្វើឲ្យពិភពលោកទទួលស្គាល់ និងប្រសិទ្ធិនាមព្រះរាជាណាចក្រកម្ពុជា ថា កោះសន្តិភាពនាអាស៊ីអាគ្នេយ៍។ កូនចៅប្រជានុរាស្ត្រគ្រប់រូបសូមចងចាំនឹងដឹងនូវព្រះគុណូបក្ការៈដ៏ធំធេង នៃព្រះករុណាព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះប្រជាជាតិ និងប្រជារាស្ត្រកម្ពុជា “។
កម្ពុជាប្រារព្ធបុណ្យឯករាជ្យជាតិប្រកបដោយមោទនភាពនិងស្ថិតនៅក្នុងបរិបទពោរពេញទៅដោយសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និង ភាពសុខដុមរមនា និងប្រទេសជាតិពោរពេញទៅដោយការអភិវឌ្ឍលើគ្រប់វិស័យ។ ប្រសិនបើកម្ពុជាមិនមានសុខសន្តិភាពទេនោះ ពលរដ្ឋខ្មែរក៏មិនអាចនឹងប្រារព្ធទិវាបុណ្យឯករាជ្យជាតិរបស់ខ្លួនក្នុងភាពសប្បាយរីករាយបានឡើយ។មោទនភាពតាមរយៈ៖ ទី១. ពលរដ្ឋខ្មែរជាង ៨៣% ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបជាង ៨,៣លាននាក់បានអញ្ជើញទៅបោះឆ្នោត ហើយពលរដ្ឋ ៧៧% បានជ្រើសរើសគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេសការពារសន្តិភាព និងការអភិវឌ្ឍ និងចូលរួមក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ទី២. កម្ពុជាត្រូវបានទទួលស្គាល់ថាបានដើរតួនាទីសំខាន់នៅក្នុងតំបន់ និងនៅលើពិភពលោកតាមរយៈតួនាទីជា ច្រើនដែលកម្ពុជាទទួលបាន ហើយទំនាក់ទំនងការទូតជាមួយប្រទេសនានាគឺធ្វើឡើងក្នុងភាពជាដៃគូដោយ ស្មើសិទ្ធិនិងស្មើភាព។ទី៣.កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ពីស្ថាប័នធនាគារពិភពលោក និងធនាគារអភិវឌ្ឍអាស៊ីថាសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ ២០១៨ នៅតែមានកំណើនខ្ពស់ប្រមាណ ៧% ក្នុងមួយឆ្នាំ៕
Source: Kampuchea Thmey Daily
0 Comments