ប្រមុខអូឡាំពិកកម្ពុជា បានសំណូមពរឲ្យសាធារណរដ្ឋកូរ៉េ ពិសេសសហព័ន្ធកីឡាតេក្វាន់ដូពិភពលោក WT (World Taekwondo) ជួយផ្ដល់សម្ភារៈហ្វឹកហាត់ និង ប្រកួតកម្រិតស្តង់ដារអន្តរជាតិដល់កម្ពុជា។ ការសំណូមពររបស់ប្រមុខអូឡាំពិកកម្ពុជានេះ បានធ្វើឡើងក្នុងឱកាសដែលលោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជួបពិភាក្សាជាមួយ លោកChung Won Choue ប្រធានតេក្វាន់ដូ WT (World Taekwondo) កាលពីល្ងាចថ្ងៃទី០៩វិច្ឆិកា នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លោក ថោង ខុន បានមានប្រសាសន៍នៅក្នុងជំនួប ដោយថ្លែងអំណរគុណចំពោះសហព័ន្ធតេក្វាន់ដូពិភពលោក ពិសេសសហព័ន្ធតេក្វាន់ដូសាធារណរដ្ឋកូរ៉េ ដែលបានជួយដល់ខេមរសហព័ន្ធតេក្វាន់ដូតាំងពីទសវត្សឆ្នាំ៩០មកម្ល៉េះ។
សាធារណរដ្ឋកូរ៉េ បានជួយផ្ដល់ឱកាសដល់កីឡាតេក្វាន់ដូកម្ពុជាបានហ្វឹកហាត់រហូតដណ្ដើមបានមេដាយមាសក្នុងការប្រកួតកីឡាអាស៊ីនៅអ៊ីនឈើន នាឆ្នាំ២០១៤ ដែលនោះជាសករាជថ្មីរបស់កម្ពុជានៅក្នុងការប្រកួតកីឡាអាស៊ី។
ជាមួយគ្នានេះ លោក ថោង ខុន ក៏សំណូមពរដែរថាឆ្នាំ២០២០ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងតូក្យូសុំឲ្យសហព័ន្ធពិភពលោកបានចូលរួមក្នុងការប្រកួតជម្រុះ ឬអាចបានទទួលសិទ្ធអនុគ្រោះ(Wild Card) ដើម្បីបានចូលរួមក្នុងការប្រកួតកីឡាពិភពលោកនេះ។
ប្រមុខអូឡាំពិកកម្ពុជា ក៏បានសំណូមពរឲ្យសាធារណរដ្ឋកូរ៉េ ពិសេសសហព័ន្ធកីឡាតេក្វាន់ដូពិភពលោក WT (World Taekwondo) ជួយផ្ដល់សម្ភារៈហ្វឹកហាត់ និង ប្រកួតកម្រិតស្តង់ដារអន្តរជាតិដល់កម្ពុជា។
លោក ថោង ខុន បញ្ជាក់ថា លោកចង់ឲ្យកម្ពុជាដណ្ដើមបានមេដាយមាសអូឡាំពិកលើប្រភេទកីឡាតេក្វាន់ដូតែម្ដង។
លោកChung Won Choue បានបញ្ជាក់ថា នៅប្រទេសកូរ៉េ និងបណ្ដាប្រទេសមួយចំនួនដូចជាចិន នេប៉ាល់ ហើយក្នុងតំបន់អាស៊ីអាគ្នេយ៍ តេក្វាន់ដូរបស់គេ គឺបញ្ចូលទៅក្នុងកម្មវិធីសិក្សាតាំងពីបឋមសិក្សាមកម្ល៉េះ ហើយនៅម៉ាឡេស៊ី និងប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍គេបញ្ចូលតេក្វាន់ដូទៅក្នុងកម្មវិធីសិក្សា ចាប់ពីបឋមសិក្សា រហូតដល់សាកលវិទ្យាល័យ។
ប្រមុខតេក្វាន់ដូពិភពលោកនេះបន្តថា ប្រសិនបើកម្ពុជាបញ្ចូលតេក្វាន់ដូទៅក្នុងកម្មវិធីសិក្សាចាប់ពីបឋមសិក្សាទៅនោះ កម្ពុជានឹងទទួលបានការគាំទ្រ ព្រមទាំងផលប្រយោជន៍ជាច្រើនពីអង្គការនានានៅក្នុងប្រទេសកូរ៉េ ដែលជាអង្គការជួយកុមារក្រីក្រឲ្យហ្វឹកហាត់តេក្វាន់ដូ។
សូមបញ្ជាក់ថា សព្វថ្ងៃនេះ សមាជិករបស់សហព័ន្ធកីឡាតេក្វាន់ដូពិភពលោក WT (World Taekwondo) មានចំនួន២០៩ប្រទេស៕
Source: Kampuchea Thmey Daily
0 Comments