កីឡាករជើងចាស់ ឃឹម បុរី ដែលធ្លាប់មានបទពិសោធន៍ប្រកបអាជីពនៅក្រៅប្រទេស នៅពេលនេះត្រៀមបន្តចុះកិច្ចសន្យាថ្មី ជាមួយក្រុមណាហ្គាវើល ដែលជាម្ចាស់ជើងឯកពានរង្វាន់លីគកំពូលកម្ពុជាឆ្នាំ២០១៨ (Metfone Cambodian League) ស្របពេលដែលវ័យរបស់ខ្លួនក៏កាន់តែជ្រេបន្តិចទៅហើយ។
ឆ្លើយតបទៅនឹងកិច្ចសម្ភាសន៍របស់វិបសាយផ្លូវការគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានលើកឡើងថាការតកុងត្រាអាចនឹងធ្វើឡើងនៅចុងឆ្នាំនេះ។ ទោះមិនទាន់ចុះកិច្ចសន្យាថ្មីជាផ្លូវការ ប៉ុន្តែរូបគេចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុមឡើងវិញប្រហែល ១ សប្ដាហ៍ហើយ តបតាមការកោះហៅរបស់គ្រូបង្គោល មាស ចាន់ណា ក្នុងគោលដៅត្រៀមការពារជើងឯករដូវកាលក្រោយ។ ម្ចាស់ស្បែកជើងមាសលីគកំពូលឆ្នាំ ២០០៨ រូបនេះ ទទួលបានការទុកចិត្តពីគ្រូបង្គោល មាស ចាន់ណា ដែលអាចលេងជាខ្សែប្រយុទ្ធ បម្រើ និង ការពារជាដើមក្នុងស្ថានភាពចាំបាច់ជាក់ស្ដែងនៅលើទីលាន។
កីឡាករ ឃឹម បូរី មានស្រុកកំណើតនៅខេត្តតាកែវ បានប្រកបអាជីពបាល់ទាត់ដំបូងនៅឆ្នាំ២០០៧ ជាមួយក្រុមក្រសួងការពារជាតិ ហើយនៅឆ្នាំ២០១០ ដល់២០១៥ រូបគេផ្ទេរទៅកាន់ក្លិបភ្នំពេញក្រោន ខណៈក្នុងឆ្នាំ២០១១ រូបគេបានខ្ចីជើងទៅលេងនៅក្លិប Sisaket ក្នុងលីគកំពូលរបស់ប្រទេសថៃ ហើយនៅចុងក្រោយកាលពីឆ្នាំ២០១៥ រូបគេបានផ្លាស់មកលេងក្លិបណាហ្គាវើល រហូតដល់បច្ចុប្បន្ន។
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បូរី មិនសូវដណ្តើមបានកៅអីជម្រើស១១នាក់ដំបូងដើម្បីជួយក្រុមប៉ុន្មាននោះទេ ប៉ុន្តែលោក មាស ចាន់ណា នៅតែរក្សាខ្សែប្រយុទ្ធឆ្លងដែនរូបនេះនៅក្នុងក្រុមរហូត។ បូរី នឹងអាចជាជំនួយការដ៏ល្អមួយរូប ក្នុងការជួយដល់ក្រុមណាហ្គាវើល ទាំងមូលគឺដូចអ្វីដែលលោក មាស ចាន់ណា ធ្លាប់បានជួយផ្តល់ជាមតិយោបល់ដល់លោក ប្រាក់ សុវណ្ណារ៉ា កាលនៅជាគ្រូជំនួយនិងគ្រូបង្គោលពីអតីតកាលផងដែរ។
ក្នុងនាមជាអតីតកីឡាករក្រុមជម្រើសជាតិកម្ពុជា ឃឹម បូរី ធ្លាប់បានចូលរួមសិក្សាវគ្គគ្រូបង្ហាត់បាល់ទាត់កម្រិត FFC C License, AFC C License នឹងដាក់គោលដៅបន្តសិក្សាវគ្គ AFC B License នៅ
ថ្ងៃអនាគតដ៏ខ្លី៕
Source: Kampuchea Thmey Daily
0 Comments