ភ្នំពេញ ៖ “កំណើនសេដ្ឋកិច្ចដ៏រឹងមាំ ជាលទ្ធផលនាំឲ្យកម្រិតប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ មានការកើនឡើងគួរឲ្យកត់សម្គាល់ នេះគឺជាមូលហេតុនាំឲ្យធនាគារ PPCBank សម្រេចយកសិទ្ធិផ្ដាច់មុខ ដើម្បីចេញកាតទូទាត់ប្រាក់ Diners Club International នៅក្នុងប្រទេសកម្ពុជា។”
នេះគឺជាការលើកឡើង របស់លោក ស៊ីន ចាងមូ ប្រធានធនាគារ PPCBank នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ចូលរួមជាមួយបណ្ដាញទំនាក់ទំនងរបស់ Diners Club International ដែលត្រូវបានធ្វើឡើងនៅសណ្ឋាគារ សូហ្វីតែលភូគីត្រា ភ្នំពេញ កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅនេះ ក្រោមវត្តមានថ្នាក់ដឹកនាំ របស់ធនាគារ PPCBank និង Diners Club International ជាច្រើននាក់។
កិច្ចព្រមព្រៀងនេះ ផ្ដល់ឲ្យធនាគារ PPCBank នូវសិទ្ធិក្នុងការចេញកាតទូទាត់ប្រាក់ Diners Club ឲ្យទៅអតិថិជនរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។
អតិថិជនរបស់ធនាគារ PPCBank នឹងត្រូវអញ្ជើញឲ្យដាក់ពាក្យ ដើម្បីទទួលយកកាតទូទាត់ប្រាក់ Diners Club Cambodia ជាមួយការផ្ដល់ជូនអត្ថប្រយោជន៍ពិសេសជាច្រើន រួមជាមួយនឹងបទពិសោធន៍លំដាប់អន្តរជាតិ ក្នុងការទិញទំនិញ, ការញ៉ាំអាហារ, ការធ្វើដំណើរ, ការថែទាំសុខភាព, ការអប់រំ និងអ្វីៗជាច្រើនទៀត។
កាតទូទាត់ Diners Club Cambodia នឹងត្រូវបានទទួលស្គាល់សម្រាប់ការទូទាត់ប្រាក់នៅទូទាំងពិភពលោក ដែលមានជាង២៨លានកន្លែង ជាដៃគូទទួលការទូទាត់ប្រាក់នៅក្នុងជាង១៩០ប្រទេស។
សមាជិកកាត Diners Club Cambodia នឹងរីករាយក្នុងការទទួលបាននូវកម្មវិធីជាច្រើនសម្រាប់អតិថិជន និងដៃគូពាណិជ្ជកម្ម ជាមួយការផ្ដល់ជូននូវអត្ថប្រយោជន៍ជាច្រើន ដូចជាអាចប្រើប្រាស់បណ្ដាញ កន្លែងកម្សាន្តសម្រាកញ៉ាំអាហារ និងភេសជ្ជៈនៅព្រលានយន្តហោះ, ទទួលបានឋានៈជាអតិថិជនសម្រាំង និងជាមួយការផ្ដល់ជូនដ៏មានតម្លៃ នៅសណ្ឋាគារលំដាប់ខ្ពស់ៗ នៅលើពិភពលោក, បទពិសោធន៍ដែលមិនអាចបំភ្លេចបាន ក្នុងការញ៉ាំអាហារនៅក្នុងភោជនីយដ្ឋាន ល្បីឈ្មោះនៅលើពិភពលោក, និងការផ្ដល់ជូនពិសេស លើការកម្សាន្ត និងការទិញទំនិញប្រណិត។
លោក ស៊ីន ចាងមូ (Shin Chang Moo) ប្រធានធនាគារ PPCBank បានមានប្រសាសន៍ថា ៖ "ប្រទេសកម្ពុជា គឺជាប្រទេសដែលគួរឲ្យចាប់អារម្មណ៍មួយ ជាមួយនឹងនិន្នាការលេចឡើងថ្មីៗ នៅក្នុងសេវាកម្មហិរញ្ញវត្ថុ តាមរយៈទូរស័ព្ទដៃ, ឥរិយាបថ និងទស្សនវិស័យ របស់ប្រជាជនកម្ពុជា ចំពោះការចំណាយប្រាក់ បានផ្លាស់ប្ដូរយ៉ាងខ្លាំង។
បច្ចុប្បន្នប្រជាជនកម្ពុជា មានឆន្ទៈចំណាយច្រើន ទៅលើផលិតផល និងសេវាកម្ម ដែលមានគុណភាព ជំនួសឲ្យការចំណាយតិច សម្រាប់ផលិតផល ឬសេវាកម្ម ដែលខ្វះការរំពឹងទុក និងតម្រូវការ។ "
លោក Shin បានបន្ថែមទៀតថា “ជាមួយនឹងចំណុចទាំងនេះជាមូលដ្ឋាន ធនាគារ PPCBank តែងតែស្វែងរកឱកាស ដើម្បីធ្វើការណែនាំផលិតផល និងសេវាកម្មថ្មីៗ និងប្រកបដោយភាពច្នៃប្រឌិត ដែលអាចបំពេញតម្រូវការ ដែលកំពុងកើនឡើង។ ជាមួយនឹងកាតទូទាត់ប្រាក់ Diners Club International យើងរង់ចាំផ្តល់ជូនប្រជាជនកម្ពុជា នូវបទពិសោធន៍ផ្នែកហិរញ្ញវត្ថុថ្មី ខណៈពេលដែលពួកគាត់ ទទួលបានសិទ្ធិពិសេសៗជាច្រើន នៅទូទាំងពិភពលោក"។
លោក Joe Hurley អនុប្រធានជាន់ខ្ពស់ និងជាប្រធានអភិវឌ្ឍអាជីវកម្មជាសកល នៃក្រុមហ៊ុន Discover បានមានប្រសាសន៍ថា "យើងទន្ទឹងរង់ចាំដើម្បីគាំទ្រ ដល់ធនាគារ PPCBank ជាមួយនឹងការបើកដំណើរការកាត Diners Club Cambodia និងផ្តល់ឲ្យសមាជិកក្លឹបរបស់ពួកគេ នូវការទទួលបានការទូទាត់ប្រាក់ នៅទូទាំងពិភពលោក និងសមត្ថភាពក្នុងការទាញយកប្រយោជន៍ ពីអត្ថប្រយោជន៍ផ្ដាច់មុខជាច្រើនសម្រាប់តែសមាជិករបស់កាត Diners Club"។
លោក Joe Hurley បានបន្តទៀតថា “កិច្ចព្រមព្រៀងនេះ ស្របតាមយុទ្ធសាស្ត្ររបស់យើង ក្នុងការបង្កើតភាពជាដៃគូ ដែលមានតែមួយគត់ និងអាចបត់បែនបាននៅជុំវិញពិភពលោក។”
តាមរយៈកិច្ចព្រមព្រៀងជាមួយ Diners Club International, ធនាគារ PPCBank មានគោលបំណងផ្តល់ជូននូវផលិតផល និងសេវាកម្មល្អៗ សម្រាប់អតិថិជន ដែលកំពុងស្វែងរក ប្រណីតភាព និងភាពងាយស្រួលនៅក្នុងស្រុក និងក្រៅប្រទេស ខណៈដែលអាចរក្សាបានទាំងគុណភាព និងកិត្យានុភាព។
ធនាគារ PPCBank ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៨ និង ត្រូវបានទទួលស្គាល់ថា ជាធនាគារពាណិជ្ជ ដែលរីកចម្រើនលឿនបំផុតមួយ នៅក្នុងប្រទេសកម្ពុជា។ មិនមែនសំដៅតែទៅលើទំហំទ្រព្យសកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏សំដៅទៅលើការរីកចម្រើនទាំងខាងបណ្ដាញទៅដល់គោលដៅ និងចំនួនអតិថិជនផងដែរ។
ដោយមានបំណងធ្វើបដិវត្ត និងបដិរូបកម្ម បទពិសោធន៍ធនាគារ នៅក្នុងប្រទេសកម្ពុជា, នៅពេលថ្មីៗនេះ ធនាគារ PPCBank ទើបតែបានបង្កើតនូវផលិតផល និងសេវាកម្មជាច្រើនប្រភេទ ដោយរួមបញ្ចូលទាំងកម្មវិធី នៅលើទូរស័ព្ទចល័តផងដែរ ដែលមានមុខងារពេញលេញដូចជា សេវាធនាគារតាមអ៊ីនធឺណិត (SmartBiz), ប្រព័ន្ធបេឡាចល័ត សម្រាប់ការពិគ្រោះយោបល់នៅនឹងកន្លែង, និងមជ្ឈមណ្ឌលផ្ដល់សេវាអតិថិជន បែបវៃឆ្លាត ដើម្បីបម្រើសេវា២៤ម៉ោង ៧ថ្ងៃក្នុងមួយសប្ដាហ៍។
បច្ចុប្បន្ននេះ ធនាគារ PPCBank គឺជាធនាគារពាណិជ្ជ ដែលមានអាជ្ញាប័ណ្ណពេញលេញ កំពុងដំណើរការអនុវត្តគម្រោង ធនាគារឌីជីថលរបស់ខ្លួន ដោយផ្តោតលើការណែនាំ និងកែលំអសេវាហិរញ្ញវត្ថុចល័ត។ ទំនាក់ទំនង នៃការទទួលបានសិទ្ធិពាណិជ្ជកម្ម ជាមួយ Diners Club International នឹងក្លាយជាការបន្ថែមចុងក្រោយបំផុត ក្នុងការផ្ដល់ផលិតផលថ្មី ជូនអតិថិជនរបស់ខ្លួន៕
Source: Kampuchea Thmey Daily
0 Comments