Ad Code

កីឡាករ​ខ្មែរ​-​បារាំង គួច ដា​នី ពេញ​ចិត្តនឹង​ទម្រង់​លេង​នៅ​ក្រុម​ណាហ្គា​វើ​ល



កីឡាករ​ខ្មែរ​-​បារាំង គួច ដា​នី ដែល​នៅសល់​កិច្ចសន្យា​ជាមួយ​ក្លិប​ណាហ្គា​វើ​ល រហូតដល់​ដំណាច់ឆ្នាំ​២០១៩ ខាងមុខ បាន​បញ្ជាក់​ថា ​រូបគេ​ពេញ​ចិត្តនឹង​ទម្រង់​លេង​របស់​ក្រុម​ខ្លួន​ទាំង​ក្នុង​ពានរង្វាន់​ជម្រើស​ជើងឯក​ជាតិ​(Metfone Cambodian League) និង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ណា​ពេល​កន្លងទៅ​ក្រោម​ការដឹកនាំ​របស់លោក មាស ចាន់ណា ជា​គ្រូបង្វឹក​។

កីឡាករ​ខ្សែបម្រើ​រូប​នេះ​បាន​បញ្ជាក់​ថា «​ខ្ញុំ​ពេញចិត្ត​ចំពោះ​អ្វី​ដែល​គ្រូបង្វឹក​ចង់​ឲ្យ ខ្ញុំ​លេង មិន​ថា​ការពារ បម្រើ​កណ្ដាល ឬ បម្រើ​ស្លាប​ឡើយ​។ អ្វីដែល​សំខាន់​ជាងនេះទៅទៀត គឺ​រួមចំណែក​ជួយ​ក្រុម​ទាំងមូល​»​។ កីឡាករ​រូបនេះ​រំពឹងថា​ក្រុម​ណាហ្គា​វើ​ល នឹង​កាន់តែ​ល្អប្រសើរ​ឡើង ពេល​ដាក់បញ្ចូល​គ្នា​រវាង យុវជន​ថ្មីៗ និង កីឡាករ​មានបទពិសោធន៍​ស្រាប់ នា​រដូវ​កាល​ឆ្នាំ ២០១៩ ខាងមុខ​។



កីឡាករ​វ័យ​២៨​ឆ្នាំ​រូបនេះ​ជឿជាក់​ថា ​កីឡាករ​ថ្មីៗ ដែល​គ្រោង​ចូលរួម​រដូវ​កាល​ថ្មី អាច​នឹង​សម្រប​ខ្លួន​បាន​ល្អ​ចំពោះ​តាក់​ទិ​ករ​បស់​គ្រូបង្វឹក និង ប្រឹងប្រែង​ហ្វឹកហាត់​ឲ្យ​កាន់តែ​ខ្លាំងក្លា​ដើម្បី​លេង​ឲ្យ​ល្អ​ក្នុង​ពាន​លំដាប់​អន្តរជាតិ ជាពិសេស​នៅក្នុង​ពានរង្វាន់​លំដាប់​ទី​២​ប្រចាំ​ទ្វីបអាស៊ី AFC Cup 2018 នៅ​ខែកុម្ភៈ ដើមឆ្នាំ​ក្រោយ​។

កីឡាករ គួច ដា​នី បាន​ត្រឡប់​មកពី​ប្រកប​អាជីព​បាល់ទាត់​ហ្វូ​ត​សាល​នៅ​ប្រទេស​បារាំង ជាមួយ​ក្លិប Nantes Bela Futbal ដែល​ជា​សមាជិក​ក្នុង​លី​គ​លំដាប់​ទី​២ នៅ​ប្រទេស​អឺរ៉ុប​មួយ​នេះ​កាលពីដើមឆ្នាំ​២០១៧​។ រូបគេ​បាន​ជួយ​ក្រុម​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា ពាក់កណ្ដាល​រដូវ​កាល​ឆ្នាំ​២០១៧ មុន​ផ្លាស់ប្តូរ​មកកាន់​ណាហ្គា​វើ​ល រហូត​ដល់​បច្ចុប្បន្ន​។ កីឡាករ​រូប​នេះ​ធ្លាប់​បាន​ទៅ​ចូលរួម​ធ្វើតេស្ត​នៅ​ក្លិប Sukhothai Football Club ក្នុង​លី​គ​លំដាប់​ទី​២ នៅ​ប្រទេស​ថៃ កាល​ពី​ដើមឆ្នាំ​២០១៦ កន្លងទៅ​តែ​មិន​សមបំណង​។ យ៉ាង​ក្ដី​កីឡាករ​រូប​នេះ​បាន​ផ្ញើខ្លួន​ជាមួយ​ក្រុម​មជ្ឈមណ្ឌល​កំចាត់មីន​កម្ពុ​ជា (​ស៊ីម៉ាក់ ) មួយគ្រា​សិន​នោះ​ទេ ក្នុង​ជើង​ទី​១​រដូវ​កាល​២០១៦ កន្លង​ទៅមុន​ចេញទៅ​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​។ កាលពី​ចុងឆ្នាំ​២០១៤ រូបគេ​ធ្លាប់​បាន​ទៅ​ធ្វើ​តេស្ត​ក្នុង​ក្លិប​ហ្វូ​ត​សាល មួយចំនួន​នៅ​ប្រទេស​ជប៉ុន ដែរ​តែ​មិនបាន​សម្រេច​។



កីឡាករ គួច ដា​នី ជា​កីឡាករ​ខ្មែរ​ម្នាក់​ក្នុងចំណោម ៣ នាក់​មកពី​ស្រុក​បារាំង ដែល​បាន​ធ្វើ​ដំណើរ​មក​ប្រកប​របប​ជា​កីឡាករ​បាល់ទាត់​នៅ​កម្ពុជា ដំណាលគ្នា​នៅ​ឆ្នាំ ២០១២ ក្រោម​ការបណ្ដុះបណ្ដាល​ពី​លោក ប៉ែន ផាត អតីត​សមាជិក​ជម្រើសជាតិ​កម្ពុ​ជា អំឡុង​ទសវត្ស​ទី ៦០ ដោយ​ក្នុងនោះ​មាន ធា​រី ចន្ថា​ប៊ី​ន និង កុក បូរី​ស នៅ​ក្លិប​ភ្នំពេញ​ក្រោ​ន រួមទាំង​កីឡាករ ប៉ែន ស្ទេ​ហ្វេ​ន អតីត​កីឡាករ​ណាហ្គា​ខ​ប (​ត្រឡប់​ទៅ​បារាំង​វិញ​)​។

រូបគេ​ត្រូវបាន​ក្លិប​ភ្នំពេញ​ក្រោ​ន ចុះ​កិច្ចសន្យា​រយៈពេល​១​រដូវ​កាល​នៅ​ឆ្នាំ ២០១៣ ខណៈ​ឆ្នាំ ២០១៤ រូបគេ​ផ្លាស់​ទៅ​ចូលរួម​ជាមួយ​ក្រុម​ត្រាយ​អាស៊ី​ភ្នំពេញ (​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​) និង​ឆ្នាំ ២០១៥ កន្លងទៅ​រូបគេ​បាន​ប្ដូរ​ទៅកាន់​ក្លិប​ចាស់​ភ្នំពេញ​ក្រោ​ន វិញ​។ កីឡាករ​រូបនេះ​ចេះ​លេង​បាល់ទាត់​ដំបូង​ចេញពី​ប្រភព​បាល់ទាត់​ហ្វូ​ត​សាល រហូត​អាច​ឲ្យ​រូបគេ​ជាប់​ក្នុង​ឈុត​ក្រុម​ជម្រើសជាតិ​ហ៊្វុ​ត​សាល​របស់​បារាំង​អា​យុ​ក្រោម​២១​ឆ្នាំ (U-21) ថែម​ទៀត​ផង មុន​ធ្វើដំណើរ​មកកាន់​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​២០១៣៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu