យុវជនកូនកាត់ខ្មែរ-ហ្គាណា ឡេង ណូរ៉ា សមាជិកក្រុមយុវជនក្រោមអាយុ ១៧ឆ្នាំរបស់ក្លិបកីឡាបាល់ទាត់វិសាខា បានបង្ហាញពីចំណាប់អារម្មណ៍ជុំវិញផែនការអនាគត សម្រាប់អាជីពបាល់ទាត់របស់ខ្លួន ថាតើបើមានឱកាស ណូរ៉ា នឹងលេងឲ្យក្រុមជម្រើសជាតិកម្ពុជា ឬក្រុមជម្រើសជាតិហ្គាណា (ប្រទេសនៅទ្វីបអាហ្វ្រិក)?
កីឡាកររូបនេះមានវ័យ១៨ឆ្នាំ ដោយមានម្ដាយជាជនជាតិខ្មែរ និងឪពុកជាជនជាតិហ្គាណា។ កីឡាករ ណូរ៉ា ត្រូវបានស្រង់សម្តីដោយវិបសាយក្លិបវិសាខាថា ខ្ញុំមានគោលដៅថ្ងៃអនាគតតែមួយគត់ គឺលេងឲ្យក្រុមជម្រើសជាតិកម្ពុជា ព្រោះខ្ញុំរស់នៅទីនេះ តាំងពីតូច ខ្ញុំស្រលាញ់កម្ពុជា។ ម្យ៉ាងគេ (ហ្គាណា) មានកីឡាករគ្រប់គ្រាន់ហើយ ខុសពីកម្ពុជាយើង នៅខ្វះខាតកីឡាករ ពិសេសកីឡាករកូនកាត់។ អីចឹងបើខ្ញុំមានសមត្ថភាព និងមានឱកាស ខ្ញុំនឹងលេងឲ្យជម្រើសជាតិកម្ពុជា»។
យ៉ាងណាមិញនេះគ្រាន់តែជាក្ដីស្រម៉ៃរបស់ ឡេង ណូរ៉ា ក្នុងដំណាក់កាលចាប់ផ្ដើមប៉ុណ្ណោះព្រោះរូបគេទើបបានចូលហ្វឹកហាត់នៅក្លិបវិសាខា ក្នុងឈុតយុវជនត្រឹមតែ២ខែប៉ុណ្ណោះ។ រូបគេ បានតាំងចិត្ត និងប្ដេជ្ញាខិតខំហ្វឹកហាត់ដោយយកចិត្តទុកដាក់បំផុត ដើម្បីសម្រេចគោលដៅនាថ្ងៃអនាគត ពិសេសគឺការវិវត្តន៍ខ្លួនឲ្យក្លាយជាកីឡាករអាជីពម្នាក់ មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីជួយក្លិបកីឡាបាល់ទាត់វិសាខា ដែលជាកន្លែងផ្ដល់ឱកាស និងការបណ្ដុះបណ្ដាលដល់រូបគេ នាពេលបច្ចុប្បន្នតែម្ដង។
ក្រុមយុវជនក្រោមអាយុ១៧ឆ្នាំរបស់វិសាខា ដឹកនាំដោយលោក វី លីកា បានហ្វឹកហាត់ជាមួយគ្នាមួយរយៈមកហើយក្នុងនោះក៏បានចេញយុទ្ធនាការប្រកួតមិត្តភាពកម្តៅសាច់ដុំបានមួយចំនួនផងដែរ។ ថ្នាក់ដឹកនាំក្លិបចង់ឃើញកីឡាករក្នុងឈុតយុវជននេះមានការព្យាយាមហ្វឹកហាត់ និងអភិវឌ្ឍន៍សមត្ថភាពឲ្យមានការរីកចម្រើន ដោយផ្ដើមចេញពីការយល់ចិត្តគ្នា ការគ្រប់គ្រង ការបញ្ជូនបាល់ ការគាំទ្រគ្នាទៅវិញទៅមក និងការបញ្ចប់ទីជាដើម៕
Source: Kampuchea Thmey Daily
0 Comments