ក្លិបបាល់ទាត់អាស៊ីអឺរ៉ុប សមាជិកពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018) បានរៀបចំកម្មវិធីធ្វើតេស្ដសមត្ថភាពកីឡាករត្រៀមរដូវកាលថ្មី២០១៩ កាលពីថ្មីៗ ខណៈក្លិបបានប្រកាសបង្ហាញឈ្មោះកីឡាករឆ្នើមជាងគេ២២នាក់ដែលជាប់ឈ្មោះក្នុងបញ្ជីជម្រុះបឋម ដើម្បីបន្តធ្វើតេស្តជម្រុះវគ្គបន្តទៀត។
កីឡាករទាំង២២នាក់នោះមាន ឌុន រស្មី, ខៀវ ប៊ុនហ្វុង,គង់ និមល,កុយ សម្បត្តិ,ដេក កាក់ឌីកា, ទឹម សុខា,ផុន សារ៉ាពេជ្រ,ពយ កក្កដា,ភុន សុជាតិ,ម៉ៅ សំបូរ,មាស សម្បត្តិ,មុត បូរី,សារី អេសស្តាវី,សាំង បញ្ញា, សិទ្ធ ម៉េងរិទ្ធិ,សួន ឈុនសេង, សំ វណ្ណនិត,ហេង ប៉ោងឡេង,ឡុង បូរាណ,អ៊ុំ ឧត្តម, សាស៊ីម កាម៉ាល់។ កីឡាករដែលមានឈ្មោះទាំងអស់ ត្រូវចូលរួមហ្វឹកហាត់ចាប់ពីថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង០២ ដល់ម៉ោង ០៤ រសៀល នៅទីលានកីឡាបាល់ទាត់ V-Soccer ខាងកើតស្ពានជ្រោយចង្វារ។
លោក សុក វាសនា គ្រូបង្វឹកក្រុមអាស៊ីអឺរ៉ុប បានលើកឡើងថា កូនក្រុមរបស់ខ្លួនកាលពីរដូវកាល២០១៨កន្លងទៅនៅសល់ប្រមាណជាង១០នាក់ប៉ុណ្ណោះ ដោយសារអ្នកខ្លះផ្លាស់ទ្រនំថ្មី និងមួយចំនួនទៀតបានបញ្ចប់អាជីព។ យុវជនដែលធ្វើតេស្តជាប់ខាងលើនឹងនឹងទទួលអត្ថប្រយោជន៍មួយចំនួនដូចជា នឹងក្លាយជាកីឡាកររបស់ក្លិបអាស៊ីអឺរ៉ុបយូណាយធីត មិនតែប៉ុណ្ណោះ នឹងទទួលបានអាហារូបករណ៍១០០ភាគរយ (រៀនមិនបង់ថ្លៃ) ពីសាកលវិទ្យាល័យអាស៊ីអឺរ៉ុប និងប្រាក់ឧបត្ថម្ភ១៥០ដុល្លារអាមេរិកឡើងទៅ។
បើនិយាយពីលទ្ធផលក្នុងពានរង្វាន់លីគកំពូលរបស់កម្ពុជា ក្រុមអាស៊ីអឺរ៉ុប បានបញ្ចប់រដូវកាលរបស់ខ្លួនដោយឈរចំណាត់ថ្នាក់លេខ៧ ក្នុងចំណោមសមាជិកទាំង១២ក្រុម គឺជាលទ្ធផលដ៏ល្អរបស់ក្លិបតាំងពីបង្កើតមក។ តាមរយៈកម្មវិធីប្រកួតសន្សំពិន្ទុ២២ប្រកួតក្រុមអាស៊ីអឺរ៉ុប បានយកឈ្នះគូប្រកួតបាន៨លើក ហើយស្មើគ្នាបាន៦លើកនិងចាញ់៨លើក ប៉ុណ្ណោះ។ បើនិយាយពីក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វិញក្រុមនេះបានធ្លាក់ចេញនៅវគ្គ១៦ក្រុមចុងក្រោយថ្នាក់ជាតិក្រោយចាញ់ក្រុមជើងឯកក្រសួងការពារជាតិដោយលទ្ធផលទាំង២ជើង ១០ទល់២៕
Source: Kampuchea Thmey Daily
0 Comments