រតនគិរី ៖ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌស្រុកបរកែវ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ឃុំទីងចាក់ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើអនីតិជន អាយុ០៨ឆ្នាំ បានសម្រេច។
ការរំលោភសេពសន្ថវៈនេះ បានប្រព្រឹត្តឡើង កាលពីវេលាម៉ោង៨និង០០នាទីព្រឹក ថ្ងៃអង្គារ ៥រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ត្រង់ចំណុចក្នុងផ្ទះល្វែងកម្មករស្នាក់នៅ ស្ថិតក្នុងភូមិលូត ឃុំទីងចាក់ ស្រុកបរកែវ។
អធិការនគរបាលស្រុកបរកែវ លោក ជួប វណ្ណរក្ស បានឲ្យដឹងថា ក្រោយពីទទួលពាក្យបណ្ដឹងពីម្ដាយក្មេងស្រីរងគ្រោះ កាលពីថ្ងៃទី២៧វិច្ឆិកានេះថា កូនរបស់គាត់មានគេចាប់រំលោភសេពសន្ថវៈបានសម្រេច ដោយជនរងគ្រោះឈ្មោះ ស.ក.ញ អាយុ០៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិ/ឃុំកើតហេតុខាងលើ។
ចំណែកជនសង្ស័យ ឈ្មោះ ហន ហាង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិ/ឃុំជាមួយគ្នា។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវកម្លាំងជំនាញឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកបរកែវ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments