ភ្នំពេញ ៖ នៅរសៀលថ្ងៃ១៤វិច្ឆិកា ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្ដីពីភាពជាដៃគូសេដ្ឋកិច្ចតំបន់ ទូលំទូលាយលើកទី២ ដែលមានការអញ្ជើញចូលរួមពីបណ្ដាមេដឹកនាំ នៃប្រទេសអាស៊ី និងអឺរ៉ុបជាច្រើនរូប។
មេដឹកនាំ នៃប្រទេសអាស៊ានបានធ្វើការអបអរសាទរដល់បណ្ដារដ្ឋមន្ត្រី នៃប្រទេសជាដៃគូសេដ្ឋកិច្ចទូលំទូលាយ ដែលសម្រេចបាននូវលទ្ធផលជាដុំកំភួន ក្នុងការឈានទៅបង្កើតតំបន់ពាណិជ្ជកម្មសេរីដ៏ធំនៅក្នុងតំបន់អាស៊ី ក៏ដូចជានៅលើពិភពលោក។
មេដឹកនាំទាំងអស់ ក៏បានចាត់ទុកដែរថា ការប្រែប្រួលភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចពិភពលោក ការបង្កើតតំបន់ពាណិជ្ជកម្មសេរីទូលំទូលាយនេះ ពិតជាមានសារសំខាន់ខ្លាំងណាស់ក្នុងការធ្វើឲ្យ សេដ្ឋកិច្ចក្នុងតំបន់អាស៊ីក្លាយទៅជាប៉ូលសេដ្ឋកិច្ចស្នូលជួយរក្សាស្ថិរភាពនយោបាយ និងស្ថិរភាពសេដ្ឋកិច្ចសកលលោក ព្រមទាំងអាចជួយទប់ស្កាត់ នូវនយោបាយគាំពារនិយម និងការរីករាលដាល នៃសង្គ្រាមពាណិជ្ជកម្ម។
ថ្លែងទៅកាន់មេដឹកនាំ នៃប្រទេសជាដៃគូសេដ្ឋកិច្ចទូលំទូលាយ សម្ដេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ថ្វីត្បិតកម្ពុជាជាប្រទេសអភិវឌ្ឍន៍តិចតួច កម្ពុជាសូមជំរុញឲ្យក្រុមអ្នកចរចា ខិតខំពុះពារនូវឧបសគ្គតាមវិស័យនិមួយៗឲ្យបញ្ចប់ការចរចាតាមអាណត្តិដែលផ្ដល់ដោយថ្នាក់ដឹកនាំ នៃប្រទេសសេដ្ឋកិច្ចទូលំទូលាយ ទោះជាកម្ពុជាត្រូវធ្វើការកែទម្រង់លិខិតបទដ្ឋានមួយចំនួន និងត្រូវផ្តល់នូវការសម្របសម្រួលជាច្រើនជាមួយបណ្តាប្រទេសដៃគូដទៃទៀតក៏ដោយ។
កម្ពុជានៅតែរក្សាជំហរ និងឯកភាពជាមួយថ្នាក់ដឹកនាំ នៃប្រទេសសេដ្ឋកិច្ចទូលំទូលាយទាំងអស់ថាកិច្ចព្រមព្រៀង នៃប្រទេសសេដ្ឋកិច្ចទូលំទូលាយ ត្រូវតែជាកិច្ចព្រមព្រៀងដែលមានលក្ខណៈទំនើបគ្រប់ជ្រុងជ្រោយ មានគុណភាពខ្ពស់ និងផ្ដល់ផលប្រយោជន៍ឲ្យគ្រប់សមាជិកទាំងអស់ទោះបីជាផលប្រយោជន៍នោះមិនទទួលបានចំណែកស្មើៗគ្នា ដោយសារភាពខុសគ្នា នៃទំហំនិងស្ថានភាពសេដ្ឋកិច្ច ព្រមទាំងដោយសារកម្រិត នៃសមត្ថភាពប្រកួតប្រជែងមិនដូចគ្នាក៏ដោយ។
មេដឹកនាំទាំងអស់ដែលមានវត្តមានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល ស្ដីពីភាពជាដៃគូសេដ្ឋកិច្ចតំបន់ទូលំទូលាយបានឯកភាពគ្នាឈានទៅចេញសេចក្ដីប្រកាសរបស់ប្រធានកិច្ចប្រជុំ និងរបាយការណ៍រដ្ឋមន្ត្រីកិច្ចប្រជុំថ្នាក់ដឹកនាំ នៃភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់៕
Source: Kampuchea Thmey Daily
0 Comments