កំពង់ធំ ៖ បុគ្គលិកក្រុមហ៊ុន ឌូវេរ៉ាឃិតឈិន ខេមបូឌា DUVERA KITCHEN Cambodia ក្រោយពីតុលាការខេត្តកំពង់ធំរកឃើញនូវកំហុស បានឃាត់ខ្លួនតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ និងត្រូវបានឃាត់ខ្លួនមនុស្ស ប្រុសស្រីចំនួន០៩ ដាក់ពន្ធនាគារខេត្តកំពង់ធំ ក្នុងចំណោម១២នាក់ ដែល៣នាក់រត់គេចខ្លួន តាមការស្រាវជ្រាវ បុគ្គលិកក្រុមហ៊ុនឌូវេរ៉ាឃិតឈិន ខេមបូឌា DUVERA KITCHEN Cambodia នៅទូទាំងប្រទេសមាន២៩នាក់ ក្នុងនោះមានជនបរទេសជាម្ចាស់ក្រុមហ៊ុនជនជាតិម៉ាឡេស៊ី ដោយបានចោទតាមមាត្រាច្បាប់ ៣៧៩ .៣៨០ពីបទឆបោក និងមាត្រា ៣៨៣ ចោទពីបទរំលោភលើភាពល្ងង់ខ្លៅ ឬភាពទន់ខ្សោយ មកលើជនរងគ្រោះ។
សូមបញ្ជាក់ផងដែរថា កាលរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តកំពង់ធំ រួមជាមួយលោក ញ៉ែម ឈុនលី អធិការក្រុងស្ទឹងសែន ចុះឃាត់ខ្លួន និងផ្អាកការធ្វើសកម្មភាព របស់បុគ្គលិកក្រុមហ៊ុន ឌូវេរ៉ាឃិតឈិន ខេមបូឌា DUVERA KITCHEN Cambodia ដែលបានធ្វើសកម្មភាព ខលតាមទូរស័ព្ទ ទៅប្រជាពលរដ្ឋទូទៅក្នុងខេត្តកំពង់ធំ ថាត្រូវរង្វាន់ដើម្បីឲ្យប្រជាពលរដ្ឋចូលមកបើកយក ផូវើបេង Power Beng ជារង្វាន់ ដែលជាល្បិចកលបញ្ឆោតឲ្យចូលធ្នាក់ដើម្បីបង្ខំឲ្យទិញទំនិញរបស់គ្នា ដែលមានតម្លៃមួយឈុតជាង៣០០០ដុល្លារ ការបង្ខំឲ្យទិញនេះ គឺមិនឲ្យជនរងគ្រោះពិភាក្សាជាមួយក្រុមគ្រួសារ ឬទូរស័ព្ទឡើយ ស្ថិតក្នុងសណ្ឋាគារដំរីជាន់ខ្លា វល្ល៍មាស ជាន់ទី១ ក្នុងភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំបានឲ្យដឹងថា ក្រោយពីបានសួរនាំបុគ្គលិកទាំង៧នាក់ បានស្រាវជ្រាវរកឃើញភាពមិនប្រក្រតី និងឈានដល់ការឃាត់ខ្លួនជនសង្ស័យប្រុសស្រី និងជនជាតិ ម៉ាឡេស៊ី ចំនួន១០នាក់ ក្នុងនោះមាន ១-ឈ្មោះ ជូ ថារ៉ែន ភេទស្រី អាយុ២៩ឆ្នាំជនជាតិខ្មែរ រស់នៅភូមិជ្រោយអំពិល ឃុំក្បាលកោះ ខណ្ឌច្បាអំពៅ ក្រុងភ្នំពេញ។ ២-ឈ្មោះ ឌិន ស៊ីណាត ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ៣២ ឃុំតាអង ស្រុកចំការលើ ខេត្តកំពង់ចាម។ ៣-ឈ្មោះ សុត ឌៀប ភេទស្រី អាយុ២២ឆ្នាំ ជនជាតខ្មែរ រស់នៅភូមិត្រពាំទន្លេ ឃុំដូងខ្ពស់ ស្រុកបុរីជលសារ ខេត្តតាកែវ។ ៤-ឈ្មោះ ហូសេន ហាន់ទី ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម រស់នៅភូមិឡឥដ្ឋ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ៥-ឈ្មោះ ហូសេន រ៉ូបី ភេទស្រី អាយុ២៧ឆ្នាំ។ ៦-ឈ្មោះ ហូសេន ស៊ីហ្វាសាន ភេទស្រី អាយុ២១ឆ្នាំ អ្នកទាំង៣រស់នៅភូមិ/ឃុំជាមួយគ្នា។ ៧-ឈ្មោះ គ្រី លីលី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ភ្នំពេញ។ ៨-ឈ្មោះ យឹន វ៉ៃជិន ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិលេខ៦ សង្កាត់បឹងកេងកង ខណ្ឌចំការមន ភ្នំពេញ។ ៩-ឈ្មោះ អ៊ុង ជុងវី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិម៉ាឡេស៊ី រស់នៅក្រុងភ្នំពេញ។ ១០-ឈ្មោះ ចូ សាលីន សុនដា ភេទស្រី ជនជាតិ ឥណ្ឌូនេស៊ី និង១១-ឈ្មោះ ហេង សុធា ភេទស្រី ជនជាតិខ្មែរ កំពុងរត់គេចខ្លួន។
លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំបានបញ្ជាក់ថា ក្នុងចំណោមការឃាត់ខ្លួនជនសង្ស័យទាំងអស់មានខ្មែរ៨នាក់ និងជនជាតិ២នាក់ ដោយចោទលើឈ្មោះ ចូសាលីន សុនដា ភេទស្រី សញ្ជាតិឥណ្ឌូនេស៊ី ពីបទឆបោក និងចោទឈ្មោះ អ៊ុង ជុងវី ភេទប្រុស និង ឈ្មោះ ថូ ស៊ិកយាន ជនជាតិម៉ាឡេស៊ី ពីបទផ្តើមគំនិតក្នុងអំពើឆបោក ឬល្ងង់ខ្លៅ ក្នុងនោះព្រះរាជអាជ្ញាបានបង្កកលុយក្នុងធនាគារបានជិត៣ម៉ឺនដុល្លារស្រាវជ្រាវឃើញមានលុយក្នុងគណនេយ្យ ក្នុងធនាគារ ជាង១៥ម៉ឺនដុល្លារ និងបានបង្កកលុយទាន់ក្រោយពីក្រុមហ៊ុនព្យាយាមដក សល់ជិត៣ម៉ឺនដុល្លារ មិនឲ្យធ្វើសកម្មភាពដក។
តាមចម្លើយសារភាពរបស់ជនសង្ស័យដែលជាបុគ្គលិកក្រុមហ៊ុនបានបញ្ជាក់ថា ខ្លួនបានធ្វើការថ្នាក់ដឹកនាំ ទាក់ទងឲ្យអតិថិជនចូលមកកន្លែងដាក់តាំងសម្ភារៈ ដោយជំហានដំបូង គឺធ្វើការណែនាំ ពីអត្ថប្រយោជន៍របស់ផលិតផល បន្ទាប់មកគឺចាប់រង្វាន់ មានការបញ្ចុះតម្លៃតាមសន្លឹកឆ្នោត ដែលតម្រូវឲ្យជនរងគ្រោះដែលមានអាយុចាប់ពី៣០ឆ្នាំ ទៅ៧០ឆ្នាំ ទិញផលិតផលផ្សេងៗ ដូចជា កម្រាលម៉ាស្សា ឆ្នាំងអគ្គិសនី ក្បាលចម្រោះ ទឹកស្អាត និងគ្រឿងអេឡិចត្រូនិកជាច្រើនមុខទៀត ដែលតម្រូវឲ្យទិញគូបគ្នា ៤ទៅ ៥មុខ ដែលមានតម្លៃ៣.០០០ដុល្លារ។
ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំ និងទូទាំងប្រទេស បានកោតសរសើរចំពោះចំណាត់ការរបស់លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងកម្លាំងអធិការក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលបានចាត់វិធានការជាមួយនឹងក្រុមហ៊ុនបោកប្រាស់តាមទូរស័ព្ទ ដោយប្រើល្បិចបញ្ឆោតឲ្យជនរងគ្រោះមកទទួល យក ផូវ័របែង ខណៈពេលដែលល្បិចបោកប្រាស់ប្រជាពលរដ្ឋនេះ បានធ្វើសកម្មភាពយ៉ាងផុលផុសនៅទូទាំងប្រទេស និងសំណូមពរឲ្យសមត្ថកិច្ចទូទាំង២៥ខេត្ត/ក្រុង បន្តអនុវត្តវិធានការចំពោះក្រុមហ៊ុនឆបោក ដើម្បីទប់ស្កាត់កុំឲ្យមានប្រជាពលរដ្ឋរងគ្រោះបន្តទៀត៕
Source: Kampuchea Thmey Daily
0 Comments