•វៀត ប៊ុនឌឿន ប៉ះ Phich Khaov
ប្រដាល់ ៖ ការប្រកួតប្រដាល់ដណ្ដើមខ្សែក្រវាត់ជើងឯកTV5 Knosk Out Series by K.Cement ទម្ងន់៥៧គីឡូក្រាម លើសង្វៀនTV5 ព្រែកកំពឹស នៅថ្ងៃសៅរ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៨នេះ ជាការប្រកួតលើកទី៦ ក្នុងជម្រុះជុំទី១ ដែលមានអ្នកប្រដាល់៤រូប ដើម្បីប្រជែងយកកៅអី សម្រាប់ដំណាក់កាលទី២បន្តទៀត។ សម្រាប់ការប្រកួតជម្រុះលើកទី៦នេះ ម៉ន សាម៉េត អ្នកប្រដាល់ក្លិបកងចក្រកីឡា នឹងជួបប្រកួតជាមួយ ឯម សុធី អ្នកប្រដាល់ក្លិបថ្មគោលពោធិសែនជ័យ។
រវាង ម៉ន សាម៉េត និង ឯម សុធី នេះ ពួកគេមិនធ្លាប់ជួបគ្នាទេកន្លងមក ព្រោះពួកគេទាំងពីរពីមុនមានទីតាំងខុសគ្នា ពោលគឺ ម៉ន សាម៉េត មានកម្រិតសមត្ថភាពបច្ចេកទេសខ្ពស់ជាង ឯម សុធី តែយ៉ាងណា ឯម សុធី បច្ចុប្បន្នគេក៏មានការវិវត្តន៍រីកចម្រើនខ្លាំងណាស់ដែរ។
ទោះជាយ៉ាងណា ការជួបគ្នារវាង ម៉ន សាម៉េត និង ឯម សុធីនេះ តាមក្រុមអ្នកវិភាគប្រដាល់អះអាងនោះថា ឯម សុធី បើទោះបីជាល្អ និងខ្លាំងជាងមុនក្ដី ក៏ទំនងជាមិនឈ្នះ ម៉ន សាម៉េត ដែរ។ ព្រោះម៉ន សាម៉េត មានកាយសម្បទារឹងមាំ វាយបុកខ្លាំង និងមានផ្លែល្អជាង ឯម សុធី។ ចាំមើល តើ ម៉ន សាម៉េត អាចយកឈ្នះ ឯម សុធី បានមែនឬអត់ សម្រាប់ការជួបគ្នាក្នុងជម្រុះខ្សែក្រវាត់ជើងឯកTV5 Knoc k Out Series ទម្ងន់៥៧គីឡូក្រាមជុំទី១នេះ។
សូមបញ្ជាក់ថា ការប្រកួតក្នុងដំណាក់ទី១នេះ ប្រកួតតែបីទឹកទេ ហើយអ្នកដែលឈ្នះបានឡើង និងអ្នកដែលចាញ់ត្រូវជ្រុះធ្លាក់ត្រឹមនេះ។
ចំពោះការប្រកួតមួយគូទៀតនោះ ជាការជួបគ្នារវាងអ្នកប្រដាល់ជើងចាស់ សៅ ប៊ុនធឿន ក្លិបតាព្រហ្មមានជ័យ និង ជើងខ្លាំងស្រករក្រោយ រឿន សុខលី អ្នកប្រដាល់ក្លិបការិយាល័យទី៥ កងទ័ពជើងគោក។ ពីរនាក់នេះ ក៏មិនធ្លាប់ប៉ះគ្នាដែរកន្លងមក។
សម្រាប់ការជួបគ្នាលើកនេះ មិនដឹងថាជើងចាស់ សៅ ប៊ុនធឿន អាចយកឈ្នះ រឿន សុខលី បានឬអត់នោះទេ? ព្រោះថា រឿន សុខលី គេវាយល្អ និងខ្លាំងគ្រាន់បើដែរ។ ដូច្នេះពុំដឹងថា ប៊ុនធឿន អាចវាយឈ្នះគេ ឬអត់នោះឡើយ?។
តែយ៉ាងណា រឿន សុខលី ប៉ះចំជើងខ្លាំង សៅ ប៊ុនធឿន ដែលវាយមិនប្រណីដៃនោះ ទំនងជារាងយ៉ាប់បន្តិចហើយ។ ប៉ុន្តែ សៅ ប៊ុនធឿន ក៏មិនអាចធ្វេសប្រហែស ឬមើលស្រាល រឿន សុខលី បានដែរ។ យ៉ាងណាការប្រកួតរវាងអ្នកប្រដាល់ទាំងពីរ ទោះជាអ្នកណាឈ្នះ ក៏ឈ្នះដោយវេទនាដែរ ។ ចាំមើល រវាង សៅ ប៊ុនធឿន និង រឿន សុខលី តើនរណានៅ នរណាដើរចេញពីការប្រកួតនេះ?។
ព្រឹត្តិការណ៍ប្រកួតដណ្ដើមពានរង្វាន់ជើងឯកTV5 Knock Out Series by K.Cement ទម្ងន់៥៧ គីឡូក្រាមនេះ មានអ្នកប្រដាល់ចំនួន៣២នាក់ចូលរួម ហើយចែកចេញជា៤ជុំ និងមានរូបមន្តប្រកួតគឺ ជុំទី១ ជាការប្រកួតជម្រុះក្នុងចំណោម៣២នាក់ ទុកតែ១៦នាក់។ ជុំទី២ ជាការជម្រុះក្នុងចំណោម១៦នាក់ ទុក៨នាក់ ហើយជុំទី៣ គឺជម្រុះក្នុង៨នាក់ទុក៤នាក់ និងជុំទី៤ និងទី៥ ជាការប្រកួតដំណាក់កាលផ្ដាច់ព្រ័ត្រ គឺពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រ។
គួរបញ្ជាក់ថា ក្នុងការប្រកួតចម្រាញ់៥លើកកន្លងមកនេះ គេរកឃើញអ្នកប្រដាល់ខ្លាំងបានចំនួន១០រូបហើយ គឺ ឆាយ មាស ក្លិបសំរោងកោងខេត្តបាត់ដំបង, បឺត សង្ឃឹម ក្លិបរ៉ាហាប់ស្វាយប៉ាក , អេ រដ្ឋា ក្លិបអេភូថងកីឡា ,វ៉ាន់ វឿនក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់, សៀវ ង៉ុយ ក្លិបកងពលធំអន្តរាគមន៍លេខ២ ,សេក គឹមសាន្ត ក្លិបអង្គរមានជ័យ ខេត្តសៀមរាប , ធន់ អៀងឡៃ សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ,យុគ យក្សផ្លែ ក្លិបបូរីរាជសីហ៍មានរិទ្ធ និង សេន កុសល ក្លិបមោងឬស្សីមរតកគុនខ្មែរ។
ចំពោះការប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិវិញ វៀត ប៊ុនឌឿន អ្នកប្រដាល់ក្លិបមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ត្រូវគេផ្គូឲ្យជួបប្រកួតជាមួយអ្នកប្រដាល់ថៃPhich Khaov។ ពីរនាក់នេះ ជួបគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។
រវាង វៀត ប៊ុនឌឿន និង Phich Khaov នេះ បើតាម លោក សេង កដិកា អ្នកចាត់ចែងកម្មវិធីប្រដាល់ប្រចាំនៅសង្វៀនTV5 នេះ ឲ្យដឹងនោះថា អ្នកប្រដាល់ថៃរូបនេះ គេជាជើងខ្លាំងនៅស្រុកថៃ តែមិនដែលមកប្រកួតនៅស្រុកខ្មែរនោះទេ។ លោកអះអាងថា យ៉ាងណាPhich Khaov នេះ វាយល្អ និងខ្លាំង ។
វៀត ប៊ុនឌឿន គេក៏ល្អនិងខ្លាំងដែរ។ គេជួបប្រកួតថៃលើកចុងក្រោយនេះ វាយ ឈ្នះ Phat Prachao ដោយពិន្ទុ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅនេះ៕
Source: Kampuchea Thmey Daily
0 Comments