លោក Leonardo គឺជានាយកផ្នែកកីឡានៅក្លិបអ៊ីតាលី AC Milanបាននិយាយកាលពីថ្ងៃអាទិត្យថា កីឡាករ Zlatan Ibrahimovic នឹងមិនចាក់ចេញពីក្លិប LA Galaxyនោះទេ ដើម្បីវិលត្រឡប់មកកាន់ក្លិបរបស់លោកនេះ ថ្វីត្បិតតែពួកគេកំពុងសិក្សាលើលទ្ធភាពនៃការទិញយកខ្សែបម្រើ Cesc Fabregas របស់ក្លិប Chelseaក៏ដោយ។
លោក Leonardo បាននិយាយប្រាប់កាសែត Sky Sport Italia ថា កីឡាករ Ibrahimovic នឹងមិនវិលត្រឡប់មកកាន់ក្លិប AC Milanនោះទេ។ គាត់បាននិយាយប្រាប់ក្លិប LA Galaxyរួចទៅហើយថា គាត់ចង់បានកិច្ចព្រមព្រៀងថ្មី។ យើងគិតពីការវិលត្រឡប់មកវិញរបស់គាត់ ហើយគាត់ក៏បានគិតពីវាផងដែរ ប៉ុន្តែគាត់ក៏រក្សាពាក្យសម្តីរបស់គាត់ផងដែរថា ថាគាត់នឹងបន្តនៅលេងនៅក្របខណ្ឌ MLS។
លោកបន្តថាគាត់តែងតែនិយាយតាំងពីដើមកម្ល៉េះថា បើសិនជាក្លិប LA Galaxy ពេញចិត្តនឹងលទ្ធផលរបស់គាត់ ដល់ពេលនោះ គាត់នឹងបន្តនៅលេងទីនោះ។ ពួកគេពេញចិត្ត ហើយគាត់ក៏បន្តនៅតែម្តង។
គួររំឭកថា កីឡាករ Ibrahimovic ធ្លាប់លេងឲ្យក្លិប AC Milanពីឆ្នាំ២០១០ ដល់ឆ្នាំ២០១២ ជាកន្លែងដែលគាត់ឈ្នះជើងឯកSerie Aជាមួយក្លិប មុនពេលផ្ទេរទៅកាន់ក្លិប Paris Saint-Germain និងក្លិប Man Utd។
កីឡាករវ័យ៣៧ឆ្នាំម្នាក់នេះ បានចូលលេងជាមួយក្លិប LA Galaxyក្នុងរដូវកាលនេះ ហើយនិងជាប់កុងត្រាជាមួយក្លិបរហូតដល់ឆ្នាំ២០១៩ ជាមួយក្លិបនៅក្របខណ្ឌ Major League Soccer មួយនេះ៕
Source: Kampuchea Thmey Daily
0 Comments