Ad Code

​កុមារា​ម្នាក់ ​ត្រូវ​ឪពុក​វាយ​ធ្វើបាប និង​បង្ខំ​ឲ្យ​ដើរ​សុំទាន​តាម​ផ្សារ



​បន្ទាយមានជ័យ​ ៖ ក្មេងប្រុស​ទើបតែ​អាយុ​៤​ឆ្នាំ​ម្នាក់ ​ត្រូវ​ឪពុក​វាយ​ធ្វើបាប​ និង បង្ខំ​ឲ្យ​ដើរ​សុំទាន​តាម​ផ្សារ​ ដើម្បី​យកលុយ​មក​ឲ្យ​ខ្លួន​ទិញ​ស្រា ​និង​ម៉ា​ជក់។​

ក្នុង​នោះ​ដែរ ឪពុក​ចិត្ត​អប្រិយ​ខាង​លើ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ ចុះបង្ក្រាប​ឃាត់​នៅ​វេលា​ម៉ោង​៤​រសៀល​ ថ្ងៃទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៨ ចំណុច​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ។​

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹងថា ​ដោយ​លោក​មើលឃើញ​ព័ត៌មាន​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម ដែល​បង្ហាញ​វីដេអូ​១​ក្លិប​របស់​កុមារា​រងគ្រោះ​មាន​ឈ្មោះ ធី នុ​ល ហៅ ប៉ូ​យ អាយុ​៤​ឆ្នាំ ៨​ខែ ត្រូវ​ឪពុក​វាយ​ធ្វើបាប បង្ខំ​ឲ្យ​ដើរ​សុំទាន​តាម​ផ្សារ និង​ទីប្រជុំជន​នានា​ក្នុង​ក្រុង​ប៉ោយប៉ែត​ លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ឃាត់​ឪពុក​ចិត្ត​តិរច្ឆាន​បាន​ភ្លាមៗ​តែម្ដង​។​

លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា ​ជនសង្ស័យ​មាន ឈ្មោះ ហ៊ុ រ៉ា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ ហើយ​បាន​បញ្ជូន​មក​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​សាកសួរ​បន្ត​។​

លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ​ មេបញ្ជាការរង​ទទួល​ការងារ​យុត្តិធម៌​បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹងថា​ បន្ទាប់ពី​កម្លាំង​ជំនាញ​សាកសួរ ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ​ខ្លួន​ពិតជា​បាន​វាយ​ធ្វើបាប​កូន​ពិតប្រាកដ​មែន​ នៅពេលដែល​កូន​ខ្លួន​សុំទាន​មិនបាន ព្រោះ​ខ្លួន​ត្រូវការ​លុយ​យកទៅ​ទិញ​គ្រឿង​ញៀន​ជក់ និង​ទិញ​ស្រា​ផឹក។

ផ្អែកលើ​ចម្លើយសារភាពរ​បស់​ជនសង្ស័យ ​ត្រូវបាន​កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​។

​ចំណែក​ក្មេងរងគ្រោះ​ អាវុធហត្ថ​បានប្រគល់​ទៅ​ឲ្យ​ជីដូន​បង្កើត​របស់​កុមារ​រងគ្រោះ មានឈ្មោះ សោម សារ៉េត អាយុ​៦៤​ឆ្នាំ រស់នៅ​ភូមិ​ក្បាលកោះ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត។
ដោយ​មើលឃើញ​ពី​ស្ថានភាព​ជីវភាព​របស់​ជីដូន​កុមារ​រងគ្រោះ​ជួប​ការ​លំបាក លោក​ នួន នី​ណា​រ៉ូ និង​សហការី​ បាន​នាំ​យក​អំណោយ រួមមាន ​អង្ករ ៥០​គ​.​ក ទឹកត្រី​០១​យួរ ទឹកស៊ីអ៊ីវ​០១​យួរ ត្រីខ​១០​កំប៉ុង អំបិល​០១​គ​.​ក ស្ករស​០១​គ​.​ក និង​ថវិកា​១០០.០០០​រៀល ផង​ដែរ៕​




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu