ក្រុម River Plate បានឈ្នះជើងឯក Copa Libertadores ដោយបំបាក់ក្រុម Boca Juniors ៣-១ ក្រោយម៉ោងបន្ថែមកាលពីថ្ងៃអាទិត្យ ក៏ដូចជាបញ្ចប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រដែលញាំញីដោយសារអំពើហិង្សាមួយនេះនៅក្រៅប្រទេសអាហ្សង់ទីន។
ក្រុម Boca បានធ្វើការនាំមុខមុនដោយសារគ្រាប់បាល់របស់កីឡាករ Dario Benedetto ប៉ុន្តែកីឡាករ Lucas Pratto តាមស្មើវិញ មុនពេលដែលកីឡាករ Juan Quintero និងកីឡាករ Gonzalo Martinez រកបានម្នាក់១គ្រាប់នៅម៉ោងបន្ថែម ដើម្បីឈ្នះការប្រកួតដ៏គួរភ្ញាក់ផ្អើលនេះ សម្រាប់ក្រុម River។
វាមានន័យថា ក្រុម Riverបានឈ្នះការប្រកួតទាំង២ជើងក្នុងលទ្ធផល៥-២ ក្រោយការប្រកួតជើងទី១បញ្ចប់ទៅត្រឹមលទ្ធផលស្មើ២-២ ហើយក្រុមមួយនេះ បានប្រកាសជើងឯកដែលពួកគេធ្លាប់បានឈ្នះចុងក្រោយកាលពីឆ្នាំ២០១៥ ក៏ដូចជាលើកពានមួយនេះ ជាលើកទី៤ នៅក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។
ដោយការប្រកួតមួយនេះ ត្រូវបានពន្យារពេល៣លើករួចមកហើយ និងបន្ទាប់មកផ្លាស់ទីចេញពីទីក្រុង Buenos Aires មកកាន់ទីក្រុង Madrid វិញនោះ ក្រុមអ្នកគាំទ្រក្រុមទាំង២ ដែលធ្វើដំណើរមកកាន់ទឹកដី Santiago Bernabeu បានចាត់ទុកការប្រកួតមួយនេះ ថាអស្ចារ្យបំផុតមិនធ្លាប់ដែលមាននៅក្នុងបាល់ទាត់។
កីឡាករ Lionel Messi, Antoine Griezmann និងកីឡាករ Diego Godin ស្ថិតនៅក្នុងចំណោមមនុស្ស៦២.២០០នាក់ ដែលបានចូលរួមទស្សនាការប្រកួតមួយនេះ៕
Source: Kampuchea Thmey Daily
0 Comments