លោក Gianni Infantino បាននិយាយថា សហព័ន្ធបាល់ទាត់ FIFAនឹងធ្វើការសម្រេចចិត្តនៅខែមីនា ខាងមុខនេះ ថាតើ World Cup 2022 នឹងបង្កើនដល់៤៨ក្រុមឬយ៉ាងណា ប៉ុន្តែពួកគេបានទទួលស្គាល់ថា វាមិនមែនជាកាសម្រេចចិត្តលំៗនោះទេ។
គួរឲ្យដឹងថា មានតែ៣២ក្រុមប៉ុណ្ណោះ បានចូលរួមប្រកួតប្រជែងនៅ World Cupឆ្នាំនេះ ក្នុងប្រទេសរុស្ស៊ី ។
ថ្វីត្បិតតែ FIFaចង់ឲ្យមាន៤៨ក្រុមចូលរួម World Cupចាប់ពីឆ្នាំ២០២៦ក៏ដោយ ការសម្រេចចិត្តសម្រាប់ការប្រកួតនៅប្រទេសកាតា មិនត្រូវគេដឹងនោះទេ រហូតដល់ឆ្នាំក្រោយ។
លោក Infantino បាននិយាយនៅក្នុងកម្មវិធី Telefoot របស់ទូរទស្សន៍បារាំងកាលពីថ្ងៃអាទិត្យថា យើងនឹងសម្រេចចិត្តនៅខែមិនា ខាងមុខ។
លោកបន្តថា យើងបានសម្រេចចិត្តរួចទៅហើយថា ការប្រកួត World Cupនាពេលអនាគត នឹងមាន៤៨ក្រុមចូលលេង ហើយយើងគិតថា វាគឺជាគំនិតល្អ។
ពេលដែល World Cupបន្ទាប់ធ្វើឡើងនៅក្នុងប្រទេសកាតា វានឹងក្លាយជាព្រឹត្តិការណ៍បាល់ទាត់ពិភពលោកលើកដំបូងរៀបចំនៅក្នុងប្រទេសអារ៉ាប់ និងជាលើកដំបូងនៅក្នុងប្រទេសមូស្លីមភាគច្រើនមួយនេះ។
សូមបញ្ជាក់ថា ដោយសារតែសីតុណ្ហភាពឡើងខ្លាំងអំឡុងរដូវប្រាំងនោះ ការប្រកួតមួយនេះ នឹងលើកមករៀបចំនៅខែវិច្ឆិកា និងខែធ្នូ ជំនួសវិញ៕
Source: Kampuchea Thmey Daily
0 Comments